សម្តេចធិបតី ហ៊ុន ម៉ាណែត ជួបនាយករដ្ឋមន្ត្រីចិនលោក លី ឈាង (Video Inside)

នាយករដ្ឋមន្ត្រី នៃប្រទេសកម្ពុជា សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានជួបសម្តែងការគួរសមចំពោះនាយករដ្ឋមន្ត្រីនៃប្រទេសចិនលោក លី ឈាង ដែលបានស្វាគមន៍យ៉ាងកក់ក្តៅ ចំពោះប្រមុខដឹកនាំថ្មីរបស់រាជរដ្ឋាភិបាលកម្ពុជា។ ជំនួបនេះបានធ្វើនារសៀលថ្ងៃទី៦កញ្ញា ក្នុងរដ្ឋធានីហ្សាកាតា ប្រទេសឥណ្ឌូណេស៊ី ដែលបានរៀបចំកិច្ចប្រជុំកំពូលអាស៊ានលើកទី៤៣ និងកិច្ចប្រជុំកំពូលពាក់ព័ន្ធ។

លោកនាយករដ្ឋមន្ត្រីចិន បានសម្តែងនូវការអបអរសាទរយ៉ាងកក់ក្ដៅ ចំពោះសម្ដេចធិបតី ដែលត្រូវបានជ្រើសតាំងជានាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា សម្រាប់នីតិកាលទី៧ នៃរដ្ឋសភា និងបានផ្តាំផ្ញើនូវការសួរសុខទុក្ខ និងក្ដីនឹករលឹកពីសំណាក់ប្រធានាធិបតីចិន លោក ស៊ី ជីនពីង និងរូបឯកឧត្តមផ្ទាល់ ជូនចំពោះសម្តេចតេជោ ហ៊ុន សែន ប្រធានឧត្តមក្រុមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ។

សម្តេចធិបតីជាមួយនឹងការថ្លែងអំណរគុណចំពោះការអបអរសាទរ, បានថ្លែងពាំនាំនូវការផ្តាំផ្ញើការសួរសុខទុក្ខ និងការនឹករលឹកពីសំណាក់សម្ដេចតេជោ ជូនចំពោះលោកប្រធានាធិបតី ស៊ី ជីនពីង និងប្រជាជនចិន ដែលជាមិត្តល្អរបស់ប្រជាជន និងប្រទេសកម្ពុជា។

ថ្នាក់ដឹកនាំទាំងពីរបានគូសបញ្ជាក់ពីគោលបំណងចង់បង្កើត និងបង្កើនឧត្តមប្រយោជន៍បន្ថែមទៀត សម្រាប់ប្រជាជាតិទាំងពីរ តាមរយៈយន្តការ នៃការពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការរវាងគ្នា ដោយឈរលើចំណងមិត្តភាពដ៏រឹងមាំ និងស្អិតរមួត។ ថ្នាក់ដឹកនាំទាំងពីររំពឹងថា នឹងបន្តកិច្ចពិភាក្សាជាមួយគ្នាបន្ថែមទៀត នៅក្នុងដំណើរទស្សនកិច្ច របស់សម្ដេចធិបតី ទៅកាន់ប្រទេសចិន នាពេលខាងមុខដ៏ខ្លីនេះ។

ads banner