ចិន​ ហាម​មន្ត្រី​រដ្ឋាភិបាល​មិន​ឱ្យ​ប្រើប្រាស់ផលិតផលក្រុមហ៊ុនអេបផល​សម្រាប់​ការងារ

ប៉េកាំង៖ ប្រទេសចិនបានដាក់បម្រាមទៅកាន់មន្ត្រី​របស់រដ្ឋាភិបាលមិនឱ្យប្រើប្រាស់​ទូរស័ព្ទអាយហ្វូន( iPhone) របស់​ក្រុមហ៊ុន អេបផល(Apple) និងឧបករណ៍ដែល​មានម៉ាកបរទេស​ផ្សេងទៀត​សម្រាប់​ការងារ ឬសូម្បីតែនាំ​ឧបករណ៍​ទំនាក់ទំនងម៉ាកបរទេសណាមួយ​ចូលទៅក្នុងការិយាល័យធ្វើការ។ នេះ​បើតាមការ​រាយការណ៍របស់​កាសែត Wall Street Journal កាលពីថ្ងៃពុធកន្លងទៅ។

ការហាមប្រាមនេះធ្វើឡើងមុនព្រឹត្តិការណ៍ Apple (AAPL.O) នៅសប្តាហ៍ក្រោយ ដែលអ្នកវិភាគជឿថា​ក្រុមហ៊ុន iPhone នឹងបញ្ចេញនូវទូរស័ព្ទស៊េរីថ្មី ដែលអាចបង្កឱ្យមានការប្រកួតប្រជែងក្នុ​ងចំណោម​ក្រុមហ៊ុនបរទេស​ដែលកំពុងប្រតិបត្តិការនៅក្នុងប្រទេសចិន ហើយក៏ស្របពេលដែលភាព​តានតឹង​រវាងចិន និងសហរដ្ឋអាមេរិក​កំពុងកើនឡើងផងដែរ។

 អស់រយៈពេលជាងមួយទសវត្សមកហើយ ប្រទេសចិនកំពុងតែរិះរកវិធីដើម្បីកាត់​បន្ថយ​​ការពឹង​ផ្អែក​លើបច្ចេកវិទ្យាបរទេស ដោយស្នើឱ្យក្រុមហ៊ុនពាក់ព័ន្ធរបស់រដ្ឋដូចជា​ធនាគារប្តូរទៅ​ប្រើប្រាស់កម្មវិធីក្នុង​ស្រុក និងជំរុញការផលិតបន្ទះឈីបក្នុងស្រុកវិញជាដើម។

អ្នកវិភាគជាច្រើនបាននិយាយកាលពីថ្ងៃពុធថា សកម្មភាពរបស់​ទីក្រុងប៉េកាំងកំពុងតែបង្ហាញពី​ឆន្ទៈ ដែលចង់លុបបំបាត់ក្រុមហ៊ុនបច្ចេកវិទ្យាអាមេរិកចេញពីប្រទេសរបស់ខ្លួន ដើម្បីបង្កើនឯករាជ្យភាព។

ក្រុមអ្នកវិភាគបានបន្តទៀតថា តាមរយៈការស្ដែងចេញបែបនេះ អាមេរិកគួរតែកាត់បន្ថយការពឹងផ្អែក ទាំងអតិថិជននិងខ្សែច្រវាក់ផ្គត់ផ្គង់ពីប្រទេសចិន ដើម្បីទប់ទល់នូវស្ថានការណ៍កាន់តែតឹងតែង ណាមួយនាពេលអនាគត។

រីឯភាពតានតឹងរវាងចិន និងអាមេរិកបានកើនឡើងកាន់តែខ្លាំង នៅពេលដែលទីក្រុងវ៉ាស៊ីនតោន បានធ្វើការជា​មួយសម្ព័ន្ធមិត្តក្នុងការរារាំងការចូលប្រើប្រាស់ឧបករណ៍សំខាន់ៗរបស់ប្រទេសចិន ដើម្បីរក្សាការ​ប្រកួត​ប្រជែងឧស្សាហកម្មបន្ទះឈីបរបស់ខ្លួន។ ជាការតបស្នង ទីក្រុងប៉េកាំងបានដាក់​ច្បាប់រិតបន្តឹងលើការ​នាំចូលទំនិញសំខាន់ៗរបស់សហរដ្ឋអាមេរិក ក្នុងនោះក៏មានការរឹតបន្តឹងលើការ នាំចេញ​ក្រុមហ៊ុនផលិត​យន្តហោះ Boeing (BA.N) និងក្រុមហ៊ុន​បន្ទះឈីប Micron Technology (MU .O) ដែលមានទីតាំងដំឡើងនៅក្នុងប្រទេសចិនផងដែរ។

នៅលើទឹកដីសហរដ្ឋអាមេរិកឯណោះវិញ ក៏មាននូវការរិតបន្តឹងទៅលើក្រុមហ៊ុនចិនផងដែរ ដោយចុងក្រោយនេះសហរដ្ឋអាមេរិកបានចេញសកម្មភាពប្រឆាំងនឹងក្រុមហ៊ុនផលិតស្មាតហ្វូនចិន Huawei Technologies និងវេទិកាវីដេអូខ្លី TikTok ដែលជាកម្មសិទ្ធិរបស់ ByteDance របស់ប្រទេសចិន។

ដោយឡែក ក្នុងកំលុងពេលនៃការដំណើរទស្សនកិច្ចទៅកាន់ប្រទេសចិនកាលពីសប្តាហ៍មុន រដ្ឋមន្ត្រី​ក្រសួង​ពាណិជ្ជកម្ម​អាមេរិក លោកស្រី Gina Raimondo បាននិយាយថា ក្រុមហ៊ុនអាមេរិក​បានត្អូញត្អែរ​ទៅកាន់​លោកស្រីថា ប្រទេសចិនបានក្លាយទៅជាប្រទេសដែលពិបាក​ក្នុងការធ្វើ​សកម្មភាពវិនិយោគ ដោយជារឿយៗតែងមានការផាកពិន័យ ការវាយឆ្មក់ និងសកម្មភាពផ្សេងទៀត​ដែលធ្វើឱ្យវា​មាន​ហានិភ័យ​​ក្នុងការធ្វើអាជីវកម្មនៅក្នុងប្រទេសដែលមានសេដ្ឋកិច្ចធំលំដាប់ទី២​លើពិភពលោកមួយនេះ។

គួរបញ្ជាក់ថា ប្រទេសចិនគឺជាទីផ្សារដ៏ធំបំផុតមួយរបស់ក្រុមហ៊ុន Apple ដោយគ្រាន់តែទី​ផ្សារ​ចិន​មួយអាច​បង្កើតប្រាក់ចំណូលបានជិតមួយ​ភាគ​ប្រាំនៃប្រាក់​ចំណូលសរុប​របស់ខ្លួន៕

ប្រែសម្រួល៖ កែវ បុស្បា ប្រភព៖ https://www.reuters.com/world/china/china-bans-govt-officials-using-iphone-work-wsj-2023-09-06/

ads banner