អភិបាលខេត្តកណ្តាល ជំរុញឱ្យអាជ្ញាធរពាក់ព័ន្ធពង្រឹងការអនុវត្តច្បាប់ និងបង្ក្រាបបទល្មើគ្រប់ប្រភេទ

អត្ថបទដោយ៖
CPA

កណ្តាល៖ អភិបាលខេត្តកណ្ដាលឯកឧត្តម គង់ សោភ័ណ្ឌ បានជំរុញទៅកាន់កងកម្លាំង អាជ្ញាធរក្រុង-ស្រុកទាំង១៣ មន្ទីរអង្គភាពជុំវិញខេត្ត និងអ្នកពាក់ព័ន្ធក្នុងមូលដ្ឋានខេត្តកណ្តាទាំងអស់ ឱ្យខិតខំពង្រឹងការអនុវត្តច្បាប់ និងត្រូវចាត់វិធានការទប់ស្កាត់ និងបង្ក្រាបបទល្មើសគ្រប់ប្រភេទឱ្យមានប្រសិទ្ធភាពថែមទៀត។

ការជំរុញនេះ បានធ្វើឡើងនៅក្នុងកិច្ចប្រជុំបូកសរុបលទ្ធផលការងារប្រចាំខែសីហា និងលើកទិសដៅអនុវត្តបន្តសម្រាប់ខែកញ្ញា ឆ្នាំ២០២៣ របស់រដ្ឋបាលខេត្តកណ្ដាល កាលថ្ងៃទី៦ ខែកញ្ញា ឆ្នាំ២០២៣ ដើម្បី
​ពិនិត្យ​លើសមិទ្ធផលការងារជាច្រើន រួមជាមួយសំណើរ សំណូមពរ បញ្ហាប្រឈម និងទិសដៅការងារអនុវត្តបន្ត ។

ក្នុងឱកាសនោះដែរ ឯកឧត្តម គង់ សោភ័ណ្ឌ ក៏បានណែនាំដល់អភិបាលក្រុង-ស្រុកទាំង១៣ ពិសេសអាជ្ញាធរពាក់ព័ន្ធនៅក្នុងខេត្ត ត្រូវពង្រឹងការអនុវត្តច្បាប់ និងត្រូវចាត់វិធានការបង្ក្រាបបទល្មើគ្រប់ប្រភេទ។

អភិបាលខេត្តកណ្តាលបន្តថា៖« អាជ្ញាធរគ្រប់លំដាប់ថ្នាក់ និងមន្ទីរអង្គភាពជុំវិញខេត្ត ត្រូវបន្តយកចិត្តទុកដាក់ក្នុងការផ្តល់សេវាសាធារណៈនានា ជូនប្រជាពលរដ្ឋ ដើម្បីឆ្លើយតបទៅនឹងតម្រូវការរបស់ប្រជាពលរដ្ឋ ដែលកាន់តែមានការកើនឡើង ហើយចំពោះការផ្ដល់សេវារដ្ឋបាលតាមការិយាល័យច្រកចេញចូលតែមួយវិញ ក៏ត្រូវបន្តលើកកម្ពស់ស្មារតីទទួលខុសត្រូវលើកិច្ចការងារ ដើម្បីធានាថា ប្រជាពលរដ្ឋគ្រប់រូបទទួលបានសេវារដ្ឋបាល កាន់តែងាយស្រួល និងកាន់តែឆាប់ ប្រកបដោយតម្លាភាព»។

រដ្ឋបាលខេត្តកណ្តាល បានឱ្យដឹងថា ដោយការខិតខំប្រឹងប្រែងពាក់ព័ន្ធនឹងការអនុវត្តគោលនយោបាយភូមិ ឃុំ សង្កាត់ មានសុវត្ថិភាព បានធ្វើឱ្យបទល្មើសនានា មានការថយចុះគួរឱ្យកត់សម្គាល់។ ជាក់ស្ដែងក្នុងឆ្នាំ២០២២ បទល្មើសមានការថយចុះ ៧៨ភាគរយ គួបផ្សំប្រតិបត្តិការបង្ក្រាបទទួលបានខ្ពស់រហូតដល់ ៩៦ផាគរយលើកលែងតែគ្រោះថ្នាក់ចរាចរណ៍ ដែលមានការកើនឡើង ១៩លើក ស្មើនឹង១០ភាគរយ។

តាមរយៈកិច្ចប្រជុំខាងលើ ក្រៅពីស្នើឱ្យអាជ្ញាធរពាក់ព័ន្ធពង្រឹងការអនុវត្តច្បាប់ និងត្រូវចាត់វិធានការបង្ក្រាបបទល្មើគ្រប់ប្រភេទហើយនោះ ឯកឧត្តម គង់ សោភ័ណ្ឌ ក៏បានណែនាំដល់អភិបាលក្រុង-ស្រុកទាំង១៣ នៅក្នុងខេត្ត រួមជាមួយខណ្ឌរដ្ឋបាលជលផលខេត្ត ត្រូវធ្វើការបង្ក្រាបឱ្យបាននូវបទល្មើសនេសាទខុសច្បាប់នានា តាមស្ទឹង បឹង ព្រែក ពិសេសបទល្មើសឆក់តាមដងទន្លេនៅក្នុងភូមិសាស្ត្រខេត្តកណ្ដាលផងដែរ៕

ដោយ៖ បូរ ពេជ្យហ្សាលីន

ads banner