គណបក្សភ្លើងទៀន កំពុងរៀបចំឯកសារស្នើសុំជួបរដ្ឋមន្រ្តីក្រសួង​មហាផ្ទៃ ពិភាក្សាការចុះបញ្ជីគណបក្ស

អត្ថបទដោយ៖
CPA

ភ្នំបេញ៖​ លោក រ៉ុង ឈុន អនុប្រធានគណបក្សភ្លើងទៀន បានប្រាប់​ឱ្យដឹងថា គណបក្សរបស់លោក​កំពុងរៀបចំឯកសា​រឡើងវិញ ដើម្បីដាក់សំណើសុំជួបជាមួយឯកឧត្តមអភិសន្តិបណ្ឌិត​ឧបនាយករដ្ឋមន្រ្តី​ ស សុខា រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ជាថ្មីម្តងទៀត ដើម្បីពិភាក្សាពាក់ព័ន្ធការចុះបញ្ជីគណបក្សនយោបាយរបស់ខ្លួន។

ការ​ស្នើសុំជួបនេះ​ ក្នុង​គោលបំណងដើម្បីពិភាក្សាលើការរកដំណោះស្រាយពាក់ព័ន្ធ​ឯកសារលិខិតបញ្ជាក់ការចុះឈ្មោះក្នុងបញ្ជីគណបក្សនយោបាយនៅក្រសួងមហាផ្ទៃ បន្ទាប់ពីត្រូវបានបដិសេធទទួលយកសំ​ណើ​ កាលពីមុនពេល​​រដ្ឋាភិបាលអាណត្តិទី៧បង្កើតរូបរាងឡើង​។​

លោក រ៉ុង ឈុន បានប្រាប់ឱ្យដឹងនៅថ្ងៃទី​៧ ខែកញ្ញា ឆ្នាំ​២០២៣ ដោយ​បញ្ជាក់ថា ៖ «កាលមុនបោះឆ្នោ​ត យើងបានស្នើ​​ទៅក្រសួងមហាផ្ទៃ​​ តែគេថា​ចាំបោះឆ្នោត​ហើយ។ លុះបោះឆ្នោតហើយ នៅថ្ងៃទី២ ខែសី​ហា គណបក្សបានដាក់ម្តងទៀត មន្រ្តីនៃ​ក្រសួងមហាផ្ទៃ​មិនទទួលទេ ប៉ុន្តែបាន​ប្រាប់​មកវិញថា ចាំបង្កើត
រដ្ឋា​ភិបាលថ្មី​ហើយ»។

លោកបានបន្តថា ៖ «​មកដល់ពេលនេះ ការបង្កើតរាជរដ្ឋាភិបាល ក៏បានបង្កើតរួច​ហើយដែរ ដូចនេះ គណបក្សយើង​នឹងដាក់សំណើសុំជួបម្តងទៀត​ក្នុង​ពេលឆាប់ៗខាងមុខនេះ​ តែយើង​មិនទាន់កំណត់ថ្ងៃជាក់លាក់នៅឡើយទេ»។​

បើតាម លោក រ៉ុង ឈុន ការដាក់ឯកសារ ដើម្បីស្នើសុំជួបជាមួយឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ដែលជារដ្ឋមន្ត្រីថ្មីនៃក្រសួងមហាផ្ទៃនេះ បន្ទាប់ពីក្រសួង​ឱ្យរង់ចំនៅក្រោយការបង្កើតរាជរដ្ឋាភិបាលថ្មី ដែលគិតទល់ពេលនេះ មានរយៈពេលជាង ១០ ថ្ងៃមកហើយ។ តែយ៉ាងណាក្តី​ អនុប្រធានគណបក្សប្រឆាំងរូបនេះ​ នៅតែអះអាងថា គណបក្ស​នឹង​ដាក់សំណើទៅម្តងទៀត​​​។​

អ្នកនាំពាក្យក្រសួងមហាផ្ទៃ លោក ផាត សុផានិត នៅថ្ងៃទី៧ ខែកញ្ញា ឆ្នាំ​២០២៣ បាន​ប្រាប់​ឱ្យដឹងតាមរយៈប្រព័ន្ធតេឡេក្រាមថា​ ចំពោះលោក​ផ្ទាល់ ​មិនមានយោបល់អ្វីនោះទេចំពោះសំណើផ្សេងៗរបស់គណបក្សនយោបាយ។

លោកបាន​បញ្ជាក់ថា ៖ «ក្រសួងនឹងពិនិត្យលើសំណើរបស់គ្រប់បណ្តាគណបក្សនយោបាយដែលដាក់មកក្រសួង ហើយនឹងចាត់ចែងអនុវត្តទៅតាមអ្វីដែលច្បាប់អនុញ្ញាត»។​

សូមបញ្ជាក់ថា គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) បាន​បដិសេធមិនទទួលស្គាល់ និង
មិ​នអនុញ្ញាតឱ្យ​គណបក្សភ្លើងទៀន ចូលរួមក្នុងការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៧ ឆ្នាំ២០២៣ កាល​ពី​ខែកក្កដា​កន្លងមក​​ឡើយ ដោយ​សារ​មិនមានឯកសារគ្រប់គ្រាន់៕

ដោយ៖ គឹម យុត្ថារ៉ូ

ads banner