សម្តេច ធិបតី ឃួន សុដារី ស្នើប្រធានរដ្ឋសភាកូរ៉េ ជួយជំរុញទំនាក់ទនងកម្ពុជា-កូរ៉េ ឱ្យដល់កម្រិត “ដៃគូសហប្រតិបត្តិការយុទ្ធសាស្រ្តគ្រប់ជ្រុងជ្រោយ”

(ភ្នំពេញ)៖ សម្តេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី ប្រធានរដ្ឋសភា កម្ពុជា បានស្នើឯកឧត្តម គីម ជីន ព្យូ (Kim Jin Pyo) ប្រធានរដ្ឋសភា នៃសាធារណរដ្ឋកូរ៉េ ជួយជំរុញលើកកម្ពស់ទំនាក់ទំនងកម្ពុជានិងសាធារណរដ្ឋកូរ៉េ ឱ្យកាន់តែរឹងមាំនិងគ្រប់ជ្រុងជ្រោយ ទំាងស្ថាប័ននីតិប្បញ្ញត្តិ និងនីតិប្រតិបត្តិ។ ពោលធ្វើយ៉ាងណាឱ្យទំនាក់ទំនងនៃប្រទេសទំាងពីរ បានឈានដល់ “ដៃគូសហប្រតិបត្តិការយុទ្ធសាស្រ្តគ្រប់ជ្រុងជ្រោយ” រួមទាំងវិនិយោគ និងពាណិជ្ជកម្ម។

សម្តេចរដ្ឋសភាធិបតី ក៏បានស្នើដល់ភាគីរដ្ឋសភាកូរ៉េបន្តគំាទ្រកិច្ចព្រមព្រៀង និងអនុស្សរណៈយោគយល់នានា ដែលរដ្ឋាភិបាលប្រទេសទំាងពីរ(កម្ពុជា-កូរ៉េ)បានធ្វើកន្លងមក ដូចជាការនាំចូលផលិតផលពីកម្ពុជា អភិវឌ្ឍន៍វិស័យកសិ-ឧស្សាហកម្មកែច្នៃ និងបន្តជួយជំរុញនិងគាំទ្ររដ្ឋាភិបាលកូរ៉េ បន្តការគាំទ្រដល់ពលករនិងពលរដ្ឋកម្ពុជា ដែលកំពុងបម្រើការ និងស្នាក់នៅក្នុងប្រទេសកូរ៉េ ។ លើសពីនេះ សម្តេចរដ្ឋសភាធិបតី ក៍បានលើកជាសំណើដល់ប្រធានរដ្ឋសភាកូរ៉េ បង្កើនកិច្ចសហប្រតិបត្តិការជាមួយរដ្ឋសភាកម្ពុជាឱ្យកាន់តែស៊ីជម្រៅ និងជិតស្និទ្ធថែមទៀតនៅគ្រប់កម្រិត តាំងពីកម្រិតថ្នាក់ដឹកនាំ គណៈកម្មការជំនាញ ក្រុមមិត្តភាពសភា រហូតដល់កម្រិតមន្ត្រីជំនាញ រួមទាំងការបណ្តុះបណ្តាលធនធានមនុស្ស ដល់មន្រ្តីអគ្គលេខាធិការដ្ឋានរដ្ឋសភា ផ្នែកព័ត៌មានវិទ្យា និងការស្រាវជ្រាវ ជាដើម។

សំណើរនេះបានលើកឡើងនៅក្នុងជំនួបទ្វេភាគីរវាង សម្តេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី ប្រធានរដ្ឋសភានៃព្រះរាជាណាចក្រកម្ពុជា និង ឯកឧត្តម គីម ជីន ព្យូ ប្រធានរដ្ឋសភានៃសាធារណរដ្ឋកូរ៉េ នាព្រឹកថ្ងៃទី៧ ខែកញ្ញា ឆ្នាំ២០២៣នេះ នៅវិមានរដ្ឋសភា ។

ឯកឧត្តម គីម ជីន ព្យូ បានលើកឡើងថា ទំនាក់ទំនងប្រទេសកម្ពុជានិងកូរ៉េ មានការរីកចម្រើនជាលំដាប់ ទំាងវិស័យការទូតនិងពាណិជ្ជកម្ម។ ការវិនិយោគនៅកម្ពុជារបស់កូរ៉េ បានកើនឡើងគួរឱ្យកត់សម្គាល់នៅក្នុងវិស័យកសិកម្ម និងឧស្សាហកម្មរថយន្ត។ ប្រធានរដ្ឋសភាកូរ៉េ បានសន្យាថានឹងខិតខំជំរុញការផ្តល់ជំនួយនានាដល់កម្ពុជានៅក្នុងនោះមានការបង្កើនកូតាពលករ បច្ចេកទេសកសិកម្ម និងការបណ្តុះបណ្តាលសមត្ថភាពមន្រ្តីអគ្គលេខាធិការដ្ឋានរដ្ឋសភាជាដើម ។

សូមជម្រាបជូនថា សាធារណរដ្ឋកូរ៉េបានដើរតួយ៉ាងសំខាន់ក្នុងការចូលរួមចំណែកស្វែងរកសន្តិភាព និងការអភិវឌ្ឍនៅកម្ពុជា តាមរយៈការផ្តល់ជំនួយឥតសំណង និង កម្ចីសម្បទាននានា ជាពិសេសក្នុងវិស័យកសាងហេដ្ឋារចនាសម្ព័ន្ធ ការពង្រឹងស្ថាប័ន និងការអភិវឌ្ឍធនធានមនុស្ស។ នៅឆ្នាំ២០២២ កូរ៉េបានផ្តល់ជំនួយអភិវឌ្ឍន៍ចំនួន១៥០លានដុល្លារ ដែលជាជំនួយធំបំផុតរបស់កូរ៉េដល់កម្ពុជា ៕

ដោយ ហេង ម្បត្តិ + ថេត វិចិត្រ

ថេត​ វិចិត្រ
ថេត​ វិចិត្រ
ជាការីថត និងយកព័ត៌មានប្រចាំស្ថានីយវិទ្យុ និងទូរទស្សន៍អប្សរា។ មានបទពិសោធន៍ច្រើនឆ្នាំ លើវិស័យព័ត៌មាន និងមានទំនាក់ទំនងល្អជាមួយអង្គភាព និង ស្ថាប័នផ្សេងៗផងដែរ។ កត្តាទាំងនេះ នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានប្រកបដោយវិជ្ជាជីវៈ។
ads banner
ads banner
ads banner