រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច ណែនាំដល់អង្គភាពសាខាគយ និង ការិយាល័យគយនៅតាមច្រកទ្វារ ត្រូវពង្រឹងការគ្រប់គ្រង និងអនុវត្តន៍ការកៀរគរចំណូលឲ្យមានប្រសិទ្ធភាព

(ត្បូងឃ្មុំ)៖ ឯកឧត្តម អគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួង សេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានណែនាំដល់អង្គភាពសាខាគយ និងរដ្ឋាករទាំងអស់ ជាពិសេស ការិយាល័យគយនៅតាមច្រកទ្វារដោយផ្ទាល់ ត្រូវខិតខំប្រឹងប្រែងអនុវត្តន៍ការងារឲ្យបានល្អ ជាពិសេសបង្កើនការយកចិត្តទុកដាក់ខ្ពស់ ក្នុងការទប់ស្កាត់ ការរត់ពន្ធខុសច្បាប់ ដើម្បី ប្រមូលកៀរគររកចំណូលឲ្យបានកាន់តែច្រើន ពោលគឺពង្រឹងការគ្រប់គ្រង ប្រមូលចំណូល ឱ្យអស់សក្តានុពល ដើម្បីប្រមូលចំណូលចូលថវិកាជាតិ ។

ឯកឧត្តម អគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន បានថ្លែងដូច្នេះនៅថ្ងៃទី៦ កញ្ញា ក្នុងឱកាស សម្ពោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការអគាររដ្ឋបាល អគារស្នាក់នៅ និងហេដ្ឋារចនាសម្ព័ន្ធនានា របស់ការិយាល័យគយ និងរដ្ឋាករទន្លេចាម, និង សម្ពោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការ អគារស្កែនកុងតឺន័រ អគាររដ្ឋបាល អគារស្នាក់នៅ និងហេដ្ឋារចនាសម្ព័ន្ធនានា របស់ស្ថានីយស្កែនគយ និងរដ្ឋាករខេត្តត្បូងឃ្មុំ ដោយមាន ការចូលរួមពីឯកឧត្ត គុណ ញឹម រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី ទទួលបន្ទុកជាអគ្គនាយក នៃអគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា, លោក ពាង ណារិទ្ធ អភិបាលរងខេត្តត្បូងឃ្មុំ ។

លោក ទន់ ចាន់ធី ប្រធានសាខាគយ និងរដ្ឋាករខេត្តត្បូងឃ្មុំ បានរាយការណ៍ថា ការិយាល័យគយ និងរដ្ឋាករទន្លេចាមបានសាងសង់ឡើងលើផ្ទៃដី ១៤១០ម៉ែត្រការ៉េ ក្នុងនោះមានអាគាររដ្ឋបាលកម្ពស់ពីរជាន់ អាគារស្នាក់នៅកម្ពស់ពីជាន់អាគារអាហារដ្ឋាន អគារស្នាក់នៅរបស់បុគ្គលិកកម្មករ អាគារត្រួតពិនិត្យច្រកទ្វារព្រំដែន និងអគារត្រួតពិនិត្យរួម ប៉ុស្តិ៍សន្តិសុខ រោងម៉ាស៊ីនភ្លើង និងមានហេដ្ឋារចនាសម្ព័ន្ធផ្សេងៗទៀត រួមទាំងដាំបង្គោលភ្លើង និងអំពូលសូឡា ។ ដោយឡែកស្ថានីយ៍ស្គេនគយ និងរដ្ឋាករខេត្តត្បូងឃ្មុំ បានសាងសង់ឡើងលើផ្ទៃដីសរុប ១៨១៥២ម៉ែត្រការ៉េ ក្នុងនោះ មានអគារស្ថានីយ៍ស្កេនកុងតឺន័រ អគាររដ្ឋបាល អគារស្នាក់នៅ អាគារឃ្លាំងអំពីដែកប្រក់ស័ង្កសី អាគារអាហារដ្ឋាន អាគារស្នាក់នៅរបស់បុគ្គលិកកម្មករ ប៉ុស្តិ៍សន្តិសុខ រោងម៉ាស៊ីនភ្លើង រួមទាំងហេដ្ឋារចនាសម្ព័ន្ធជាច្រើនទៀត ។

ឯកឧត្តម អគ្គបណ្ឌិតសភាចារ្យ បានលើកឡើងថា ភារកិច្ចសំខាន់របស់គយ និងរដ្ឋាករ គឺការងារកៀរគរប្រមូលចំណូលពន្ធ ការងារសម្របសម្រួលពាណិជ្ជកម្ម និងការងារចូលរួមចំណែកការពារសន្តិសុខ អធិបតេយ្យ ព្រមទាំងសុវត្ថិភាពជូនបងប្អូនប្រជាពលរដ្ឋនៅទូទាំងប្រទេស។

ឯកឧត្តម ឧបនាយករដ្ឋមន្ត្រី ក៏បានជំរុញដល់សាខាគយ និងរដ្ឋាករខេត្តត្បូងឃ្មុំ និងមន្ត្រីគយទាំងអស់ ត្រូវខិតខំបំពេញភារកិច្ចតួនាទីរបស់ខ្លួនឲ្យបានល្អ ជាពិសេសត្រូវចូលរួមសហការជាមួយរដ្ឋបាលខេត្ត និងគ្រប់ភាគីដែលពាក់ព័ន្ធទាំងអស់ ដើម្បីជំរុញឲ្យការប្រមូលពន្ធជូនរដ្ឋតាមគ្រប់ផែនការ ក៏ដូចជាលើសផែនការ សម្រាប់សេដ្ឋកិច្ចជាតិ ស្របតាមគោលនយោបាយរបស់រាជរដ្ឋាភិបាលកម្ពុជា ដែលមានសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ជានាយករដ្ឋមន្ត្រី។

សូមជម្រាបថា ម៉ាស៊ីនស្គែន អគាររដ្ឋបាល និងហេដ្ឋារចនាសម្ព័ន្ធនានាទាំងអស់ បានផុសរូបរាងឡើង យ៉ាងប្រណិតតាមស្តង់ដារ ដែលត្រូវបានដាក់សម្ពោធឲ្យប្រើប្រាស់នាពេលនេះ នឹងជួយបង្កបរិយាកាសការងារកាន់តែល្អ ដល់មន្ត្រីគយ បន្តបំពេញការងារប្រមូលពន្ធកាន់តែល្អថែមទៀត ជាពិសេសជួយពន្លឿនកិច្ចការងារត្រួតពិនិត្យតាមស្តង់ដារ និងធានាបាននូវរាល់ទំនិញត្រឹមត្រូវតាមច្បាប់ ៕

អត្ថបទ៖ វណ្ណលុក, រូបភាព៖ វ៉េង លីមហួត

ស៊ូ វណ្ណលុក
ស៊ូ វណ្ណលុក
ក្រៅពីជំនាញនិពន្ធព័ត៌មានរបស់សម្ដេចតេជោ នាយករដ្ឋមន្ត្រីប្រចាំស្ថានីយវិទ្យុ និងទូរទស្សន៍អប្សរា លោកក៏នៅមានជំនាញផ្នែក និងអាន និងកាត់តព័ត៌មានបានយ៉ាងល្អ ដែលនឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner