អាមេរិក​ប្រកាស​ជំនួយ​ មួយ ប៊ីលាន​ដុល្លារ​ថ្មី​ ដើម្បី​គាំទ្រ​ប្រតិបត្តិការ​វាយ​បក​របស់​អ៊ុយក្រែន​

អាមេរិក៖​ រដ្ឋ​មន្ត្រី​ការ​បរទេស​អាមេរិក​ លោក​ អ៊ែនថូនី​ ប្ល៊ីងកែន​ បាន​ប្រកាស​​​ជំនួយ​​ថ្មី​ មួយប៊ីលាន​ដុល្លារ​ក្នុង​ដំណើរ​ទស្សនកិច្ច​ទៅ​ទីក្រុង​កៀវ​កាល​ពី​ថ្ងៃ​ពុធ​ ដើម្បី​គាំទ្រ​ដល់​ប្រតិបត្តិការ​វាយ​បក​ប្រឆាំង​នឹង​កង​ទ័ព​ឈ្លាន​ពាន​​រុស្ស៊ី​។ នេះ​បើ​តាម​ការ​ចុះ​ផ្សាយ​របស់​បណ្ដាញ​ព័ត៌មាន​ Al Jazeera។  ​

លោក​ ប្ល៊ីងកែន​ បាន​ថ្លែងប្រាប់អ្នក​យក​ព័ត៌មាន​នៅ​ក្នុង​សន្និសីទសារព័ត៌មាន​​ជាមួយ​រដ្ឋ​មន្ត្រី​ការ​បរទេស​អ៊ុយក្រែន​លោក​ ឌ្មីដ្រូ​ គូឡេបា​ ​ថា​៖  «​​​​ប្រតិបត្តិការ​វាយ​បក​ដែល​កំពុង​បន្ត​ ​​​មាន​​​ការរុ​ល​​ទៅ​​មុខ​យ៉ាង​លឿន​ក្នុង​​​រយៈ​ពេល​ប៉ុន្មាន​សប្តាហ៍​កន្លង​មក​នេះ​។​ជំនួយ​ថ្មី​នេះ​ នឹង​ជួយ​ទ្រ​ទ្រង់​​ប្រតិបត្តិការ​នេះ​និង​កសាង​សម្ទុះបន្ថែម​ទៀត​»។ ​​​

បើ​តាម​ការ​ឱ្យ​ដឹង​របស់​លេខាធិការ​សារព័ត៌មាន​សេតវិមាន​ លោក​ស្រី​ Karine Jean-Pierre ​​​កាល​ពី​ថ្ងៃ​ពុធ ​ជំនួយថ្មី​របស់​សហរដ្ឋ​អាមេរិក​ រួម​មានទាំង​កញ្ចប់​ជំនួយ​​សព្វាវុធ​ដូច​ជា​ប្រព័ន្ធ​បាញ់​កាំជ្រួច​ HIMARS ​អាវុធ​ប្រឆាំង​រថ​ក្រោះ ​Javelin ​រថ​ក្រោះ​ Abrams ​និង​ប្រព័ន្ធ​សព្វាវុធ​ផ្សេង​ទៀត​។​ ជាមួយ​គ្នា​នោះ​ មន្ទីរ​បញ្ចកោណ​បាន​និយាយ​ថា​ ខ្លួន​ក៏​នឹង​បញ្ជូន​គ្រាប់​រំសេវ​អ៊ុយរ៉ា​ញ៉ូម​​ ដែល​មាន​ប្រសិទ្ធភាព​ខ្ពស់​ក្នុង​ការ​ទម្លុះ​បន្ទះ​ពាស​ដែក​ ​ទោះ​បី​ជា​​អាវុធ​ប្រភេទ​នេះ​មាន​ភាព​ចម្រូង​​ចម្រាស់​ក្នុង​ការ​ប្រើ​ប្រាស់​។ ​

ក្នុង​ដំណើរ​ទស្សនកិច្ច​កាល​ពី​ថ្ងៃ​ពុធ​ លោក​ ប្ល៊ីងកែន​ ​ក៏​បាន​ជួប​ជាមួយ​ប្រធានាធិបតី​អ៊ុយក្រែន​ លោក​ វ្ល៉ូឌីមៀរ​ ហ្សេលេនស្គី​ ផង​ដែរ​ ខណៈ​មេដឹកនាំ​អ៊ុយក្រែន​រូប​នេះ​បាន​​ថ្លែង​អំណរ​គុណ​ដល់​សហរដ្ឋ​អាមេរិក​សម្រាប់​ការ​គាំទ្រ​ ប៉ុន្តែ​​ព្រមាន​ថា​ អ៊ុយក្រែន​​នឹង​មាន​ការ​លំបាក​ក្នុង​ការ​ប្រយុទ្ធ​នៅ​ខែ​ខាង​មុខ​ៗ​ពេល​រដូវ​រងា​បាន​ខិត​ចូល​មក​ដល់​។ ​​

គួរ​​បញ្ជាក់​ថា​ រុស្ស៊ី​តែង​តែ​ប្រឆាំង​នឹង​ការ​ផ្ដល់​ជំនួយ​សព្វាវុធ​​ដល់​អ៊ុយក្រែន​ ពី​សំណាក់ប្រទេស​​លោក​ខាង​លិច​ រួម​មាន​ទាំង​សហរដ្ឋ​អាមេរិក​ ដែល​ជា​ម្ចាស់​ជំនួយ​អ៊ុយក្រែន​ដ៏​ធំ​បំផុត​ជាង​គេ​។

ជា​ថ្មី​ម្ដង​ទៀត​ អ្នក​នាំ​ពាក្យ​វិមាន​ក្រឹម​ឡាំង​ លោក​ ឌ្មីទ្រី​ ប៉េស្កូវ​ បាន​និយាយ​ថា​ ទីក្រុង​មូស្គូ​ជឿ​ថា​ ទីក្រុង​វ៉ាស៊ីនតោន​ គ្រោង​នឹង​បន្ត​ផ្តល់​មូលនិធិ​ដល់​យោធា​អ៊ុយក្រែន​ «​ដើម្បី​ធ្វើ​ឱ្យ​សង្គ្រាម​នេះ​បន្ត​អូស​បន្លាយ​រហូត​ដល់​ថ្ងៃ​ចុង​ក្រោយ​របស់​អ៊ុយក្រែន​»។

ចំណែក​ លោក​ ប៉េស្កូវ​ បាន​បន្ត​ថា​ ​​​ជំនួយ​​របស់​​សហរដ្ឋ​​អាមេរិក​​ដល់​អ៊ុយក្រែន​ នឹងមិន​ប៉ះ​ពាល់​ដល់​ដំណើរ​ការ​ឈ្លាន​ពាន​ ដែល​រុស្ស៊ី​ហៅ​ថា​ «​​​​ប្រតិបត្តិការ​​យោធា​​ពិសេស​» នោះ​ឡើយ​៕

ប្រែសម្រួល៖ ហួន ឌីណា

ប្រភព​៖ Blinken hails Ukraine counteroffensive as US announces $1bn in new aid

ads banner