ព្រឹកនេះ សម្តេចធិបតី ហ៊ុន ម៉ាណែត អញ្ជើញចុះជួបសំណេះសំណាលជាមួយកម្មករ និយោជិត ចំនួន ១៨,២៦៥នាក់ នៅស្រុកសំរោងទង ខេត្តកំពង់ស្ពឺ
(កំពង់ស្ពឺ)៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា អញ្ជើញចុះជួបសំណេះសំណាលជាមួយកម្មករ និយោជិត នៅតាមរោងចក្រ សហគ្រាស ចំនួន ១៨,២៦៥នាក់ នៅស្រុកសំរោងទង ខេត្តកំពង់ស្ពឺ នៅព្រឹកថ្ងៃសៅរ៍ ៩រោច ខែស្រាពណ៍ ឆ្នាំថោះ បញ្ចស័ក ព.ស. ២៥៦៧ ត្រូវនឹងថ្ងៃទី០៩ ខែកញ្ញា ឆ្នាំ២០២៣ ។
ឯកឧត្តមបណ្ឌិត ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានឱ្យដងថា រោងចក្រ សហគ្រាសទាំង១៤នេះ ជាប្រភេទរោង ចក្រកាត់ដេរសម្លៀកបំពាក់ ចំនួន ៣, ផលិតផលិតផលធ្វើដំណើរ និងកាបូប ចំនួន ៧, ដេរស្បែកជើង ចំនួន២ បោះពុម្ពលើសម្លៀកបំពាក់ ចំនួន១ និងផលិតគ្រឿងអេឡិចត្រូនិច ចំនួន១។
ឯកឧត្តម ហេង សួរ បានបន្តថា ខេត្តកំពង់ស្ពឺ ឈរនៅលំដាប់ទី២ ជាខេត្តមានការអភិវឌ្ឍន៍ រោង ចក្រ សហគ្រាសច្រើនជាងគេបន្ទាប់ពីរាជធានីភ្នំពេញ។ បច្ចុប្បន្នខេត្តកំពង់ស្ពឺ ក៏មានតម្រូវការ កម្លាំងពលកម្មខ្ពស់ផងដែរ គិតត្រឹមត្រូវទី៦ ខែកញ្ញា ខេត្តនេះមានតម្រូវការកម្លាំងពលកម្ម ប្រមាណ ៤ពាន់នាក់។
សម្តេចធិបតី ហ៊ុន ម៉ាណែត បានជួបសំណេះសំណាលជាមួយកម្មករ និយោជិតចំនួនពីរលើករួចមកហើយ។ លើកទី១ ធ្វើឡើងនៅថ្ងៃទី២៩ ខែសីហា នៅតំបន់ព្រៃស្ពឺ រាជធានីភ្នំពេញ មានកម្មករ និយោជិតចូលរួមចំនួន ១៨,០១៣នាក់។ លើកទី២ ធ្វើឡើងនៅថ្ងៃទី១ ខែកញ្ញា ឆ្នាំ២០២៣ នៅក្រុងតាខ្មៅ ខេត្តកណ្តាល មានកម្មករ និយោជិតចូលរួម ១៨,២៨៩នាក់។
ក្នុងជំនួបកន្លងទៅនោះ សម្តេចធិបតី ហ៊ុន ម៉ាណែត បានចង្អុលបង្ហាញការងារអាទិភាព ចំនួន ៦ ជូនទៅក្រសួងការងារ និង បណ្តុះបណ្តាលវិជ្ជាជីវៈអនុវត្តន៍ឱ្យមានប្រសិទ្ធភាព ខ្ពស់ក្នុង ឆ្នាំ ២០២៣ នេះ។ ការងារ ទាំង៦នោះ រួម មាន៖
១៖ ខិតខំសម្របសម្រួលការពិភាក្សាប្រាក់ឈ្នួលអប្បបរមាឱ្យបានល្អ ដោយឈរលើលក្ខណៈ វិទ្យាសាស្ត្រ និងលក្ខណៈវិនិច្ឆ័យដែលមានចែងក្នុងច្បាប់ស្តីពីប្រាក់ឈ្នួលអប្បបរមា ឱ្យបានមុន ពេល ឈប់សម្រាកបុណ្យភ្ជុំបិណ្ឌខាងមុខនេះ។
២៖ រៀបចំលិខិតបទដ្ឋានគតិយុត្តិជាបន្ទាន់ ដើម្បីត្រៀមដាក់ឱ្យដំណើរការរបប សន្តិសុខ សង្គម ផ្នែកថែទាំសុខភាព តាមរបបភាគទានដោយស្ម័គ្រចិត្តសម្រាប់អ្នកក្នុងបន្ទុកសមាជិក ប.ស.ស. ដើម្បីជួយសម្រាលបន្ទុក ចំណាយផ្នែកថែទាំសុខភាពរបស់កម្មករនិយោជិត និងក្រុមគ្រួសារឱ្យ បានលឿន និងត្រូវផ្សព្វផ្សាយឱ្យបានទូលំទូលាយដល់កម្មករនិយោជិត ព្រមទាំងបង្កើត យន្ត ការ ងាយស្រួលសម្រាប់កម្មករនិយោជិតអាចចូលរួមជាមួយនឹងកម្មវិធីនេះ។
៣៖ រៀបចំដាក់ឱ្យដំណើរការកម្មវិធីបណ្ដុះបណ្តាលជំនាញ បច្ចេកទេសវិជ្ជាជីវៈដល់ យុវជន មក ពី គ្រួសារកីក្រ និងគ្រួសារងាយរងហានិភ័យនៅទូទាំងប្រទេសចំនួនប្រមាណ ១.៥លាននាក់ និង សម្របសម្រួលជាមួយភាគីពាក់ព័ន្ធអនុញ្ញាតឱ្យកម្មករនិយោជិតអាចចូលរៀនជំនាញវិជ្ជាជីវៈផងដែរ ដើម្បីបង្កើនផលិតភាព ប្រសិទ្ធភាព ការងារនៅកន្លែងការងារ ដោយត្រូវរៀបចំវគ្គ បណ្តុះ បណ្តាលនៅវេនពេលយប់ ឬចុងសប្ដាហ៍។
៤៖ ត្រូវជំរុញការអនុវត្តកាតព្វកិច្ចហ្វឹកហ្វឺនកូនជាងឱ្យបានពេញលេញស្រប តាមច្បាប់ស្តីពី ការ ងារ ដោយរួមបញ្ចូលកម្មវិធីហាត់ការ កម្មសិក្សា កម្មវិធីបង្កើនជំនាញ និងការរៀបចំ ជំនាញ ឡើង វិញ ដោយលើកទឹកចិត្តវិស័យឯកជនចូលរួមអនុវត្តកាតព្វកិច្ច ក្នុងការបណ្តុះបណ្តាល កម្មករ និយោជិត និងផ្ដល់ការបណ្តុះបណ្តាលបន្ថែមដល់កម្មករនិយោជិតដែលកំពុងធ្វើការ ដើម្បីលើក កម្ពស់សមត្ថភាពជំនាញ បង្កើនផលិតភាព និងលទ្ធភាពនៃការបង្កើនប្រាក់ឈ្នួល។
៥៖ យកចិត្តទុកដាក់ការអនុវត្តកម្មវិធីឧបត្ថម្ភសាច់ប្រាក់ដល់ស្រ្តីមានផ្ទៃពោះ ទាំងមុន ពេល សម្រាល កូន ពេលសម្រាលកូន និងក្រោយពេលសម្រាលកូនឱ្យបានល្អ និងកាន់តែមាន ភាព ងាយ ស្រួល។ ហើយក៏ត្រូវធានាផងដែរថា ស្ត្រីមានផ្ទៃពោះ និងជនមានពិការភាព បានចេញ ធ្វើការមុន ១៥នាទី។
៦៖ បង្កើតឱ្យមានកម្មវិធីប្រកួតប្រជែងលើប្រធានបទ ភាពសុខដុមរមនានៅកន្លែងធ្វើការ ដើម្បីប្រែក្លាយសហគ្រាសមួយជាសហគមន៍សុខសាន្ដមួយ ចាប់ពីឆ្នាំ២០២៤នេះតទៅ ៕
ដោយ ៖ វណ្ណលុក




