អូស្រ្តាលី និងហ្វីលីពីនចុះហត្ថលេខាលើកិច្ចព្រមព្រៀងភាពជាដៃគូយុទ្ធសាស្រ្ត
ម៉ានីល៖ ហ្វីលីពីន និងអូស្ត្រាលី នៅថ្ងៃទី៨ ខែកញ្ញានេះ បានពង្រឹងសម្ព័ន្ធភាពសន្តិសុខ និងសេដ្ឋកិច្ចរវាងប្រទេសទាំងពីរ ជាមួយនឹងការចុះហត្ថលេខាលើភាពជាដៃគូយុទ្ធសាស្ត្រ។
កិច្ចព្រមព្រៀងភាពជាដៃគូយុទ្ធសាស្រ្តរវាងអូស្រ្តាលី និងហ្វីលីពីន ត្រូវបានចុះហត្ថលេខាជាផ្លូវការ បន្ទាប់ពីកិច្ចប្រជុំរវាងប្រធានាធិបតីហ្វីលីពីន លោក ហ្វឺឌីណាន់ ម៉ាកូស និងនាយករដ្ឋមន្ត្រីអូស្ត្រាលី លោក អាន់ថូនី អាល់បានីស នៅទីក្រុងម៉ានីល។
ស្ថិតក្រោមភាពជាដៃគូយុទ្ធសាស្ត្រខាងលើ ប្រទេសទាំងពីរនឹងស្វែងរកការពង្រីកកិច្ចសហប្រតិបត្តិការលើវិស័យជាច្រើន រាប់ចាប់ពីវិស័យការពារជាតិ និងសន្តិសុខ រហូតដល់ការប្រែប្រួលអាកាសធាតុ និងការអប់រំជាដើម។
លោក អាល់បានីស បានប្រាប់មន្ត្រី, អ្នកការទូត និងអ្នកសារព័ត៌មាន បន្ទាប់ពីមេដឹកនាំទាំងពីរបានចុះហត្ថលេខាលើកិច្ចព្រមព្រៀងថា ចំណាត់ការនេះគឺជានិមិត្តសញ្ញាដ៏សំខាន់នៃភាពរឹងមាំក្នុងទំនាក់ទំនងរបស់យើង និងការប្តេជ្ញាចិត្តរួមគ្នារបស់ពួកយើង ក្នុងការធ្វើការរួមគ្នាបន្ថែមទៀត។
ចំណែក លោក ម៉ាកូស បានប្រាប់លោក អាល់បានីស ថា ការមានមិត្តភក្តិដូចអ្នក និងដៃគូដូចអ្នក គឺពិតជារឿងរីករាយណាស់ ហើយលើកទឹកចិត្តឱ្យពួកយើងបន្តដំណើរទៅមុខទៀត។ រីឯលោក អាល់បានីស បានពណ៌នាប្រទេសទាំងពីរថា ជា “មិត្តដ៏អស្ចារ្យ” ហើយបានសម្តែងក្តីសង្ឃឹមថា ដំណើរទស្សនកិច្ចរបស់លោកនឹងជួយលើកទំនាក់ទំនងឱ្យកាន់តែខ្ពស់៕ ប្រភព៖ AFP ប្រែសម្រួលដោយ៖ ឈឹម ទីណា




