តម្លៃអង្ករសកលកើនឡើងខ្ពស់លើកដំបូងក្នុងរយៈពេល ១៥ឆ្នាំ ក្រោយឥណ្ឌាបិទខ្ទប់ការនាំចេញ

ប៉ារីស៖ អង្គការស្បៀងអាហារ និងកសិកម្ម (FAO) បានបញ្ជាក់នៅថ្ងៃទី៨ ខែកញ្ញានេះថា តម្លៃអង្ករពិភពលោកបានឈានដល់កម្រិតខ្ពស់មិនធ្លាប់មានក្នុងរយៈពេល ១៥ឆ្នាំនៅក្នុងខែសីហា បន្ទាប់ពីឥណ្ឌាដែលជាប្រទេសនាំចេញអង្ករកំពូល បានហាមឃាត់ការនាំចេញអង្ករទៅក្រៅប្រទេស។

អង្គការស្បៀងអាហារ និងកសិកម្ម (FAO) បានបញ្ជាក់នៅក្នុងរបាយការណ៍ប្រចាំខែថា ស្របពេលដែលតម្លៃស្បៀងអាហារពិភពលោកបានធូរស្រាលក្នុងខែសីហា ស្រាប់តែតម្លៃអង្ករបានហក់ឡើង ៩.៨ភាគរយ បើធៀបនឹងខែមុន ដោយសារតែបម្រាមនាំចេញអង្កររបស់ឥណ្ឌា បានរំខានការធ្វើពាណិជ្ជកម្មសកល។

អង្ករគឺជាអាហារសំខាន់របស់ពិភពលោក ហើយតម្លៃនៅលើទីផ្សារអន្តរជាតិបានហក់ឡើង ដោយសារតែជំងឺរាតត្បាតកូវីដ១៩, សង្គ្រាមរុស្ស៊ីនៅអ៊ុយក្រែន និងឥទ្ធិពលនៃបាតុភូតអាកាសធាតុអែលនីណូ ទៅលើវិស័យកសិកម្ម។

សូមរម្លឹកថា ប្រទេសឥណ្ឌាបានប្រកាសកាលពីខែកក្កដា អំពីការហាមឃាត់ការនាំចេញអង្ករសមិនមែនបាម៉ាទី ដែលមានចំនួនប្រហែលមួយភាគបួននៃចំនួនសរុបរបស់វា។ ក្រសួងកិច្ចការអ្នកប្រើប្រាស់ និងចំណីអាហារឥណ្ឌាបាននិយាយនៅពេលនោះថា ការហាមឃាត់ការនាំចេញអង្ករ នឹងធានាបាននូវការផ្គត់ផ្គង់បានគ្រប់គ្រាន់ និង កាត់បន្ថយការកើនឡើងនៃតម្លៃនៅក្នុងទីផ្សារក្នុងស្រុក៕ ប្រភព៖ AFP ប្រែសម្រួលដោយ៖ ឈឹម ទីណា

ឈឹម​ ទីណា​
ឈឹម​ ទីណា​
តាមរយៈការចូលរួមនៅតាមស្ថាប័នធំៗជាច្រើន រួមមានទូរទស្សន៍ គេហទំព័រ និងបណ្តាញសង្គមនានា បូករួមនឹងជំនាញបន្ថែមក្នុងការសរសេរ កាត់ត និងអាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner