ចំនួនអ្នកស្លាប់ក្នុងគ្រោះរញ្ជួយដីនៅប្រទេសម៉ារ៉ុក កើនឡើងដល់២,០១២នាក់ និងរបួសជាង២,០៥៩នាក់
រ៉ាបា៖ អាជ្ញាធរបាននិយាយនៅថ្ងៃទី៩ ខែកញ្ញានេះថា គ្រោះរញ្ជួយដីដ៏ខ្លាំងក្លាបំផុតនៅប្រទេសម៉ារ៉ុកក្នុងរយៈពេលជាច្រើនទសវត្សរ៍មកនេះ ត្រូវបានគេរំពឹងថា នឹងធ្វើឱ្យមនុស្សស្លាប់កើនឡើងដល់ជាង ២,០០០នាក់ ខណៈដែលកងទ័ព និងសេវាសង្គ្រោះបន្ទាន់កំពុងដុតដៃដុតជើងធ្វើប្រតិបត្តិការ។
អាជ្ញាធរម៉ារ៉ុកបានប្រកាសកាន់ទុក្ខទូទាំងប្រទេសរយៈពេល ៣ថ្ងៃ ចំពេលមានការព្រមានពីកាកបាទក្រហមថា រដ្ឋាភិបាលអាចនឹងត្រូវចំណាយពេលច្រើនឆ្នាំ ដើម្បីជួសជុលការខូចខាតឡើងវិញ ពីគ្រោះរញ្ជួយដីដ៏ប្រល័យនាពេលថ្មីៗនេះ។

តួលេខចុងក្រោយរបស់ក្រសួងមហាផ្ទៃម៉ារ៉ុក នៅថ្ងៃទី៩ ខែកញ្ញា បានបង្ហាញថា ចំនួនអ្នកស្លាប់ក្នុងគ្រោះរញ្ជួយដីបានកើនឡើងយ៉ាងហោចណាស់ ២,០១២នាក់ ហើយខេត្តដែលរងគ្រោះធ្ងន់ធ្ងរជាងគេ គឺខេត្តអាល់ហាអ៊ូស និងតារូដាន់។
ក្រសួងបន្តថា ចំណែកមនុស្សប្រមាណ ២,០៥៩នាក់ផ្សេងទៀតបានរងរបួស ក្នុងនោះ១,៤០៤នាក់រងរបួសធ្ងន់ធ្ងរ។
វាគឺជាគ្រោះរញ្ជួយដីដ៏ខ្លាំងបំផុតមិនធ្លាប់មាន ដែលបានវាយប្រហារលើប្រទេសម៉ារ៉ុក ដោយអ្នកជំនាញ់ម្នាក់បានពណ៌នាថា វាជាគ្រោះមហន្តរាយដ៏ធំបំផុតក្នុងរយៈពេលជាង១២០ឆ្នាំមកនេះ។

សូមរម្លឹកថា គ្រោះរញ្ជួយដីក្នុងកម្រិត ៦.៨រ៉ិចទ័របានវាយប្រហារលើប្រទេសម៉ារ៉ុក កាលពីយប់ថ្ងៃសុក្រសប្តាហ៍នេះ ដោយបង្កការរំញ័រចាប់ពីទីក្រុងរ៉ាបា ស្ថិតនៅភាគខាងជើង រហូតដល់ទីក្រុងស៊ីឌី អ៊ីហ្វនី ស្ថិតនៅភាគខាងត្បូង និងទីក្រុងជាច្រើនទៀត៕



ប្រភព៖ AFP ប្រែសម្រួលដោយ៖ ឈឹម ទីណា