គណៈវិស្វករកម្ពុជា រៀបចំវគ្គបណ្តុះបណ្តាល ស្តីពីការពង្រឹងគុណភាពដី និងចុះហត្ថលេខាលើអនុស្សារណៈយោគយល់គ្នាចំនួន២
(ភ្នំពេញ)៖ វគ្គបណ្តុះបណ្តាលដ៏មានសារៈសំខាន់មួយបានរៀបចំឡើងដោយមានសិក្ខាកាមចូលរួមប្រមាណ៣០០នាក់ នៅសណ្ឋាគារ SUN & MOON ក្នុងគោលបំណងបង្កើនសមត្ថភាព ជំនាញ និងបទពិសោធន៍ថ្មីៗអំពីការពង្រឹងគុណភាពដី តាមរយៈការប្រើប្រាស់វិធីសាស្រ្តលាយដី ប្រើជញ្ជាំងស៊ីម៉ងត៍រាវនៅក្នុងតំបន់ដែលមានជម្រាបទឹកខ្ពស់ ជញ្ជាំងទប់ដីដោយការខួង ជញ្ជាំងកាត់ផ្តាច់ទឹកក្រោមដី ការបាញ់ក្រោដ ការធ្វើអោយដីកក ការកាត់បន្ថយសម្រុតដី ការពិនិត្យស្ថានដីទៅតាមការនៃការសាងសង់វិធីសាស្រ្តនៃការកែប្រែគុណភាពគ្រឹះដែលមានស្រាប់ ដោយការប្រើប្រាស់គ្រឿងផ្គុំក្រោមដី វិធីសាស្រ្ត Consolidation សម្រាប់គម្រោងចាក់ដីពង្រីក វិធីសាស្រ្តក្នុងការរក្សាលំនឹងដី ដោយការលាយស៊ីម៉ងត៍ជាមួយដី ជូនវិស្វករចុះបញ្ជី វិស្វករអាជីព ដែលបំពេញតាមលក្ខខណ្ឌគ្រប់គ្រាន់របស់គណៈវិស្វករកម្ពុជា ក្រោមអធិបតីភាព ឯកឧត្តម សុខុម ភគវន្តមុនី រដ្ឋលេខាធិការក្រសួងសាធារណការ និងដឹកជញ្ជូន និងជាអនុប្រធានអចិន្រ្តៃយ៍ក្រុមប្រឹក្សាគណៈវិស្វករកម្ពុជា និងឯកឧត្តម សុខុម រិទ្ធីវុធ អគ្គលេខាធិការគណៈវិស្វករកម្ពុជា រួមជាមួយឯកឧត្តមលោកជំទាវ ជាអគ្គលេខាធិការង និងវាគ្មិនអន្តរជាតិជាច្រើនរូបចូលរួមចែករំលែកបទពិសោធន៍ នាថ្ងៃទី០៩ កញ្ញា ។

លោកជំទាវ ខ្វៃ សុភាព អគ្គលេខាធិការរងទទួលបន្ទុកផ្នែកអប់រំ និងបណ្ដុះបណ្ដាលនៃគណៈវិស្វករកម្ពុជាបានថ្លែងនូវសេចក្តីអំណរចំពោះក្រុមហ៊ុនឯកជនមួយចំនួនដូចជា Bauer group , Menard group ក្នុងការចូលរួមចំណែក និងចំណាយពេលវេលាដ៏មានតម្លៃអញ្ជើញមកចូលរួមសិក្ខាសាលានេះ ហើយគណៈវិស្វករកម្ពុជា សង្ឃឹមយ៉ាងមុតមាំថា វគ្គបណ្តុះបណ្តាលនេះនឹងបង្កើតនូវគំនិតដែលមានសារៈប្រយោជន៍ និងទទួលបានផលចំណេញ។
ឯកឧត្តម សុខុម រិទ្ធីវុធ បានលើកឡើងថា នៅអាណត្តិថ្មីនេះ ដើម្បីរួមចំណែកអនុវត្ត “យុទ្ធសាស្រ្តបញ្ចកោណ-ដំណាក់កាលទី១” គណៈវិស្វករកម្ពុជា បានខិតខំស្វះស្វែងរកវាគ្មិនមានចំណេះដឹងជ្រៅជ្រះ មានបទពិសោធន៍ល្អៗ លើវិជ្ជាជីវៈវិស្វកម្ម មកជួយបណ្តុះបណ្តាលបង្កើនសមត្ថភាពប្រតិបត្តិវិជ្ជាជីវៈដល់វិស្វករចុះបញ្ជីនៅគណៈវិស្វករកម្ពុជាតួយ៉ាងដូចវគ្គបណ្តុះបណ្តាលនៅក្នុងថ្ងៃនេះជាដើម។

ជាមួយគ្នានោះដែរ ក៏មានពិធីចុះហត្ថលេខាលើអនុស្សារណៈយោគយល់គ្នារវាងគណៈវិស្វករកម្ពុជា ជាមួយនិងក្រុមហ៊ុន ONE BIM CAMBODIA និងគណៈវិស្វករកម្ពុជា ជាមួយនិងសាកលវិទ្យាល័យជាតិបាត់ដំបង ។
ឯកឧត្តម សុខុម ភគវន្តមុនី មានប្រសាសន៍ថា ជាការពិតណាស់ វគ្គបណ្តុះបណ្តាលក្រោមប្រធានបទស្តីពី “ការពង្រឹងគុណភាពដី SOIL IMPROVEMENT” នេះ ពិតជាបានបង្កើតជាវេទិកាដ៏មានសារៈសំខាន់ និងគួរឱ្យចាប់អារម្មណ៍ដែលយើងទាំងអស់គ្នាបានចូលរួម និងចែករំលែកឱ្យគ្នាទៅវិញទៅមកនូវពុទ្ធិល្អៗ របកគំហើញថ្មីៗបន្ថែមទៀត តាមរយៈបទបង្ហាញរបស់វាគ្មិនកិត្តិយស សំដៅស្វែងយល់ឱ្យកាន់តែច្បាស់លាស់ និងស៊ីជម្រៅក្នុងការអនុវត្តការងារលើវិស័យវិស្វកម្ម។ វគ្គបណ្តុះបណ្តាលនេះ អាចធានាបាននូវការផ្តល់នូវមូលដ្ឋានចំណេះដឹងដ៏រឹងមាំ ជាពិសេសអាចចាប់យកបទពិសោធន៍ល្អៗ ដើម្បីយកទៅបំពេញការងារ ឱ្យកាន់តែល្អប្រសើរ កាន់តែមានការទទួលខុសត្រូវ កាន់តែមានប្រសិទ្ធភាព និងប្រកបដោយមនសិការវិជ្ជាជីវៈខ្ពស់ ។

ឯកឧត្តម ថា វគ្គបណ្តុះបណ្តាលដ៏មានសារៈប្រយោជន៍នាពេលនេះ ពិតជាបានបញ្ចប់ប្រកបដោយលទ្ធភាពជាផ្លែផ្កា ដល់សិក្ខាកាមទាំងអស់ ឱ្យបានទទួលនូវបទពិសោធន៍ល្អៗ ទាក់ទងនឹងបច្ចេកវិទ្យាទំនើប ដែលជានវានុវត្តន៍ថ្មី ហើយត្រូវបានយកមកប្រើប្រាស់ក្នុងវិស័យវិស្វកម្ម ព្រមទាំងជាជំនួយបន្ថែមទៀត ក្នុងការបង្កើនសមត្ថភាពចំណេះជំនាញរបស់វិស្វករជាតិយើង ដើម្បីយកទៅប្រតិបត្តិវិជ្ជាជីវៈ ប្រកបដោយសុក្រឹត្យភាព សុវត្ថិភាព ស្ថិរភាព និងផាសុកភាពសម្រាប់អ្នកប្រើប្រាស់។ ទន្ទឹមនឹងនេះ គណៈវិស្វករកម្ពុជា បាននិងកំពុងខិតខំបន្តស្វែងរកគ្រូឧទ្ទេស វាគ្មិនល្បីៗ ទាំងជាតិ និងអន្តរជាតិ ដែលមានបទពិសោធន៍យូរឆ្នាំ ក្នុងវិស័យវិស្វកម្មប្រកបដោយជំនាញវិជ្ជាជីវៈខ្ពស់ ដើម្បីមកជួយធ្វើការបណ្តុះបណ្តាល និងចែករំលែកបទពិសោធន៍ ចំណេះដឹងដល់វិស្វករជាតិយើងបន្តទៀត ។
ឯកឧត្តម សុខុម ភគវន្តមុនី និង ឯកឧត្តម សុខុម រិទ្ធីវុធ ក៏បានអញ្ជើញចែកវិញ្ញាបនបត្រដល់សិក្ខាកាមផងដែរ ៕


ដោយ ៖ វណ្ណលុក