កម្ពុជាស្នើចិនឱ្យបន្តជួយគាំទ្របន្តការបណ្តុះបណ្តាលធនធានមនុស្សលើការបោសសម្អាតមីនមនុស្សធម៌នៅកម្ពុជា

អត្ថបទដោយ៖
CPA

ភ្នំពេញ៖ កម្ពុជាបានស្នើឱ្យប្រទេសចិនបន្តពិនិត្យលទ្ធភាព និងឧបត្ថម្ភគាំទ្រដល់ការងារបោសសម្អាតមីនមនុស្សធម៌នៅកម្ពុជា ទាំងសម្ភារៈបច្ចេកទេស និងហិរញ្ញវត្ថុ ព្រមទាំងការបណ្តុះបណ្តាលធនធានមនុស្សបន្ថែម ទោះបីនៅសាធារណរដ្ឋប្រជាមានិតចិន ឬនៅកម្ពុជាក៏ដោយ។

ការស្នើឡើងនេះតាមរយៈឯកឧត្តមទេសរដ្ឋមន្រ្តី លី ធុជ អនុប្រធានទី១អាជ្ញាធរមីន ដែលបានថ្លែងក្នុងពិធីបិទវគ្គហ្វឹកហ្វឺនជំនាញបច្ចេកទេសបោសសម្អាតមីន នៅទីក្រុងណានជីង សាធារណរដ្ឋប្រជាមានិតចិន កាលពីថ្ងៃទី៨ ខែកញ្ញា ឆ្នាំ២០២៣។

សូមបញ្ជាក់ថា វគ្គហ្វឹកហ្វឺនជំនាញបច្ចេកទេសបោសសម្អាតមីន នាទីក្រុងណានជីងនេះ បានធ្វើឡើងរយៈពេលបីខែ ចាប់តាំងពីដើមខែមិថុនា ឆ្នាំ ២០២៣ ដែលមានកងកម្លាំងប្រដាប់អាវុធចំនួន៤០នាក់ មកពីប្រទេសកម្ពុជា និងឡាវ ។វគ្គនេះបានបិទបញ្ចប់ដោយជោគជ័យ។

ឯកឧត្តម លី ធុជ បានថ្លែងក្នុងឱកាសនោះថា ៖ «ក្នុងនាមសម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី និងជាប្រធានអាជ្ញាធរមីន ខ្ញុំស្នើសុំប្រទេសចិន បន្តពិនិត្យលទ្ធភាព និងជួយឧបត្ថម្ភគាំទ្រដល់ការងារបោសសម្អាតមីនមនុស្សធម៌នៅកម្ពុជា ទាំងសម្ភារបច្ចេកទេស និងហិរញ្ញវត្ថុ ព្រមទាំងការបណ្តុះបណ្តាលធនធានមនុស្សបន្ថែម ទោះបីនៅសាធារណរដ្ឋប្រជាមានិតចិន ឬនៅកម្ពុជាក៏ដោយ»។

ជាមួយគ្នានោះដែរ ឯកឧត្តម លី ធុជ ក៏បានស្នើសុំឱ្យរដ្ឋាភិបាលចិន បន្តជួយដល់កម្ពុជាក្រោយឆ្នាំ២០២៥ តាមរយៈអង្គភាពស៊ីម៉ាក់ ក្នុងការបោសសម្អាតយុទ្ធភណ្ឌមិនទាន់ផ្ទុះ និងគ្រាប់បែកចង្កោមនៅទូទាំងប្រទេស ក៏ដូចជាគាំទ្រផ្តល់សម្ភារៈបច្ចេកទេស និងកិច្ចសហប្រតិបត្តិការត្បូង-ត្បូង។

បើតាមឯកឧត្តម លី ធុជ ឆ្នាំ២០២៣នេះ ជាឆ្នាំទី៦ ដែលមហាមិត្តចិន បានផ្តល់ការឧបត្ថម្ភគាំទ្រ ដល់វគ្គហ្វឹកហ្វឺនជំនាញបោសសម្អាតមីន បន្ទាប់ពីខកខានអស់រយៈពេល៣ឆ្នាំ (២០២០-២០២២) ដោយសារតែការរាតត្បាតនៃជំងឺកូវីដ១៩នៅទូទាំងសកលលោក។

ឯកឧត្តមបញ្ជាក់ថា វគ្គហ្វឹកហ្វឺនទាំងប្រាំមួយវគ្គនេះ បានទទួលសិក្ខាកាមកម្ពុជា សរុបចំនួន ១៩៩ នាក់ និងបានផ្តល់នូវជំនួយជាសម្ភារៈបោសសម្អាតមីន ផ្តល់នូវការពង្រឹងសមត្ថភាព ដល់មន្រ្តីអាជ្ញាធរមីន មជ្ឈមណ្ឌលជាតិរក្សាសន្តិភាព និងកងយោធពលខេមរភូមិន្ទ ទាំងថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ។

ឯកឧត្តមបន្ថែមថា ៖ «តាមរយៈ ការចូលរួមចំណែកពីមហាមិត្តចិន យើងខ្ញុំសង្ឃឹមថា កម្ពុជា នឹងទទួលបានជោគជ័យ ក្នុងការអនុវត្តនូវផែនការយុទ្ធសាស្រ្តជាតិសកម្មភាពមីន ២០១៨-២០២៥ គឺឆ្ពោះទៅរកកម្ពុជាមួយដែលគ្មានមីនឆ្នាំ២០២៥ ក្នុងនោះ អាជ្ញាធរមីន គឺជាសេនាធិការតែមួយគត់របស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការដឹកនាំ គ្រប់គ្រង និងសម្របសម្រួល សកម្មភាពមីននៅទូទាំងប្រទេស»។

យោងតាមគេហទំព័រ Chaina Daily លោក Luo Xiannan គ្រូបង្រៀននៃសាកលវិទ្យាល័យ the Army Engineering University of the Chinese People’s Liberation Army ក្នុងទីក្រុងណានជីង បានថ្លែងក្នុងពិធីបិទវគ្គនេះថា ការប្រើប្រាស់បច្ចេកវិទ្យាដោះមីនថ្មីៗ រួមទាំងការប្រើប្រព័ន្ធឡាស៊ែរ មនុស្សយន្ត និងយន្តហោះគ្មានមនុស្សបើក ត្រូវបានបញ្ចូលក្នុងវគ្គសិក្សាសម្រាប់សិក្ខាកាមបរទេសជាលើកដំបូង។

លោកបានលើកឡើងថា ៖ «យើងជឿថាជំនាញ និងវិធីសាស្រ្តថ្មីៗក្នុងការបោសសម្អាតមីនអាចជួយសិក្ខាកាមអនុវត្តបេសកកម្មកាន់តែមានប្រសិទ្ធភាព»។

ចំណែកលោក Ma Shengkun អគ្គនាយករងនៃនាយកដ្ឋានគ្រប់គ្រងអាវុធនៃក្រសួងការបរទេសចិន បានលើកឡើងនាពេលនោះដែរថា រដ្ឋាភិបាលចិនយកចិត្តទុកដាក់យ៉ាងខ្លាំងចំពោះកិច្ចសហប្រតិបត្តិការអន្តរជាតិលើការដោះមីនមនុស្សធម៌។ នេះបើតាមការគេហទំព័រ Chaina Daily។

លោកបានបន្តថា ចាប់តាំងពីឆ្នាំ ១៩៩៨មក ប្រទេសចិនបានចាប់ផ្តើមកិច្ចសហប្រតិបត្តិការដោះមីនអន្តរជាតិ និងផ្តល់ជំនួយដល់ប្រទេសជាង៤0 ប្រទេស ដែលរងផលប៉ះពាល់ដោយគ្រាប់មីន តាមរយៈមធ្យោបាយដូចជា ជំនួយហិរញ្ញវត្ថុ និងការផ្តល់ឧបករណ៍ និងការបណ្តុះបណ្តាល។

លោកថ្លែងថា ៖ «កិច្ចសហប្រតិបត្តិការការដោះមីនបានក្លាយជាធាតុសំខាន់នៃភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយរវាងប្រទេសចិន កម្ពុជា និងឡាវ។ ប្រទេសចិននឹងផ្តល់ការគាំទ្របន្ថែមទៀតក្នុងការដោះមីនមនុស្សធម៌នៅក្នុងប្រទេសទាំងពីរ និងជួយឱ្យពួកគេក្លាយជាមនុស្សគ្មានមីន»។

ឆ្លៀងក្នុងពិធីនោះ ឯកឧត្តម លី ធុជ បានលើកឡើងដែរថា រាជរដ្ឋាភិបាលកម្ពុជា ជឿជាក់ថា មហាមិត្តចិន នឹងក្លាយជាប្រទេសមហាអំណាចពិភពលោក ក្នុងវិស័យវិទ្យាសាស្រ្ត និងនវានុវត្ត នៅឆ្នាំ២០៥០ ហើយជាបន្តបន្ទាប់ មិត្តចិន នឹងបន្តសម្រេចបាននូវគោលដៅ ១០០ ឆ្នាំ ទាំងពីរ ក្នុងការកសាងសង្គមប្រកបដោយវិបុលភាពកម្រិតមធ្យមលើគ្រប់វិស័យ។

សូមបញ្ជាក់ថា ចាប់ពីឆ្នាំ១៩៩២ ដល់ខែមិថុនា ឆ្នាំ២០២៣ រយៈពេលជាង ៣០ឆ្នាំនេះ ផ្ទៃដីទំហំ ២.៧៩៥ គីឡូម៉ែត្រក្រឡា ត្រូវបានបោសសម្អាតសម្រាប់យកទៅប្រើប្រាស់ និងបង្កបង្កើនផល និងបានប្រែក្លាយ «ដីមីន» ទៅជា «ដីមាស» ហើយគ្រាប់មីន និងយុទ្ធភណ្ឌមិនទាន់ផ្ទុះរាប់លានគ្រាប់ ត្រូវបានរកឃើញ និងកំទេចចោល អត្រាគ្រោះថ្នាក់ត្រូវបានកាត់បន្ថយពីមួយឆ្នាំទៅមួយឆ្នាំ។

គិតមកត្រឹមពេលនេះ កម្ពុជាបានប្រកាសខេត្តចំនួន១២ ជាខេត្តអស់មីន និងគ្រោងប្រកាសខេត្តចំនួន៦ទៀតជាខេត្តអស់មីននៅត្រឹមដំណាច់ឆ្នាំ២០២៣៕ ដោយ៖ នាង សុគន្ធា

ads banner