ឥណ្ឌូនេស៊ីដកការហាមឃាត់នាំចូលសត្វគោក្របីពីអូស្រ្តាលី

ហ្សាការតា៖ ឥណ្ឌូនេស៊ីបានដកបម្រាមលើការនាំចូលគោក្របីរបស់អូស្ត្រាលី និងបានអំពាវនាវឱ្យអ្នកនាំចេញគោក្របីរឹតបន្តឹងការត្រួតពិនិត្យ ដើម្បីធានាថា ការនាំចេញសត្វសុទ្ធតែគ្មានជំងឺ។

ប្រធានទីភ្នាក់ងារចត្តាឡីស័កនៃក្រសួងកសិកម្មឥណ្ឌូនេស៊ី លោក Bambang បានប្រាប់សន្និសីទសារព័ត៌មានថា ការនាំចូលសត្វគោក្របីពីអូស្រ្តាលីបានបន្តឡើងវិញ គិតចាប់ពីថ្ងៃទី៨ ខែកញ្ញានេះតទៅ ប៉ុន្តែបាននិយាយថា អូស្ត្រាលីត្រូវតែបំពេញលក្ខខណ្ឌមួយចំនួន ដូចជាការធានាសុខភាពបសុសត្វ និងការសម្លាប់មេរោគលើនាវា មុនពេលដឹកជញ្ជូនមកកាន់ឥណ្ឌូនេស៊ី។

ឥណ្ឌូណេស៊ីគឺជាទីផ្សារនាំចេញសត្វគោក្របីដ៏ធំបំផុតរបស់អូស្ត្រាលី ដែលស្មើនឹងប្រាក់ចំណូល ៥៦២លានដុល្លារអូស្ត្រាលី ឬប្រហែល៣៦៧លានដុល្លារអាមេរិក នៃទំហំពាណិជ្ជកម្មសរុបក្នុងឆ្នាំ ២០២២។ ការហាមឃាត់នាំចូលគោក្របីពីអូស្រ្តាលី ត្រូវបានអនុម័តប្រហែលមួយខែមុន បន្ទាប់ពីថនិកសត្វទាំងពីរមកពីកសិដ្ឋានមួយចំនួនក្នុងប្រទេសអូស្ត្រាលី បានធ្វើតេស្តវិជ្ជមានជំងឺដុំពកស្បែក ក្រោយនាំចូលមកដល់ប្រទេសឥណ្ឌូនេស៊ី។

មិនយូរប៉ុន្មាន ប្រទេសម៉ាឡេស៊ីក៏បានអនុម័តការផ្អាកស្រដៀងគ្នានេះលើអូស្ត្រាលីផងដែរ ប៉ុន្តែត្រូវបានដកចេញវិញកាលពីថ្ងៃពុធសប្តាហ៍នេះ ខណៈដែលជនជាតិអូស្ត្រាលីបានអះអាងថា សត្វគោក្របីរបស់ខ្លួនលែងមានជំងឺដុំពកស្បែកទៀតហើយ។

យោងតាមទិន្នន័យរបស់រដ្ឋាភិបាលបានបង្ហាញថា ឥណ្ឌូនេស៊ីបាននាំចូលសត្វគោក្របីរស់ជាង ៣០៣,០០០ក្បាលពីអូស្ត្រាលីកាលពីឆ្នាំមុន ហើយគិតមកទល់ពេលនេះ ការនាំចូលមានចំនួន ១៥៣,០០០ក្បាល៕ ប្រភព៖ The Star ប្រែសម្រួលដោយ៖ ឈឹម ទីណា

ឈឹម​ ទីណា​
ឈឹម​ ទីណា​
តាមរយៈការចូលរួមនៅតាមស្ថាប័នធំៗជាច្រើន រួមមានទូរទស្សន៍ គេហទំព័រ និងបណ្តាញសង្គមនានា បូករួមនឹងជំនាញបន្ថែមក្នុងការសរសេរ កាត់ត និងអាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner