ក្រសួងសង្គមកិច្ច ទុកពេលពីរខែឱ្យអង្គការជួយកុមារកំព្រា ចាស់ជរា និងជនមរណៈសង្គ្រោះរៀបចំនីតិវិធីឡើងវិញ
ភ្នំពេញ៖ ក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា បានសម្រេចឱ្យអង្គការជួយកុមារកំព្រា ចាស់ជរា និងជនមរណៈសង្គ្រោះ នៅខេត្តកំពង់ចាម បញ្ឈប់សកម្មភាពមួយរយៈ បន្ទាប់ពីរកឃើញភាពមិនប្រក្រតីជាច្រើនកើតមានឡើង។ក្រសួងបានសម្រេចទុកពេលពីរខែឱ្យអង្គការនេះ រៀបចំនីតិវិធីដំណើរការអង្គការនេះឱ្យស្របតាមលិខិតបទដ្ឋានគតិយុត្តរបស់ក្រសួងឡើងវិញ។
យោងតាមសេចក្តីប្រកាសព័ត៌មានរបស់អង្គភាពអ្នកនាំពាក្យក្រសួងសង្គមកិច្ចស្តីពីករណីអង្គការជួយកុមារកំព្រា ចាស់ជរា និងជនមរណៈសង្គ្រោះ ស្ថិតនៅភូមិថ្មកែវ ឃុំត្រប់ ស្រុកបាធាយ ខេត្តកំពង់ចាម កាលពីថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០២៣។
អង្គភាពអ្នកនាំពាក្យលើកឡើងថា ៖ «ក្រសួងសម្រេចឈប់ឱ្យអង្គការនេះ ផ្តល់កន្លែងស្នាក់នៅសម្រាប់កុមារកំព្រាតទៅទៀត ប៉ុន្តែអង្គការអាចបន្តផ្តល់កន្លែងស្នាក់នៅជូនចាស់ជរាដដែល គ្រាន់តែតម្រូវឱ្យរៀបចំនីតិវិធីដំណើរការ កន្លែងថែទាំមនុស្សចាស់ឱ្យស្របតាមលិខិតបទដ្ឋានគតិយុត្តរបស់ក្រសួងឡើងវិញ»។
សូមបញ្ជាក់ថា កាលពីទី១១ ខែកញ្ញា ឆ្នាំ២០២៣ អគ្គនាយកនៃអគ្គនាយកដ្ឋានសេវាសង្គមកិច្ច នៃក្រសួងសង្គមកិច្ច រដ្ឋបាលស្រុកបាធាយ រដ្ឋបាលឃុំត្រប់ និងការិយាល័យសង្គមកិច្ច និងសុខុមាលភាពសង្គមស្រុកបាធាយ បានចុះត្រួតពិនិត្យ និងវាយតម្លៃករណីមិនប្រក្រតីនៃការអនុវត្តកម្មវិធីថែទាំ របស់អង្គការ។

តាមការចុះពិនិត្យបានរកឃើញថា អង្គការនេះ បានការចុះបញ្ជីជាមួយក្រសួងមហាផ្ទៃ តាំងពីខែសីហា ឆ្នាំ២០០៦ ប៉ុន្តែក្រោយពីច្បាប់ស្តីពីសមាគម និងអង្គការមិនមែនរដ្ឋាភិបាលបានចូលជាធរមាន អង្គការនេះពុំបានដាក់ពាក្យស្នើសុំចុះបញ្ជីឈ្មោះអង្គការស្របតាមច្បាប់កំណត់នោះទេ។ ជាមួយគ្នានេះ អង្គការក៏ពុំមានលិខិតអនុញ្ញាតទទួលស្គាល់ជាមណ្ឌលថែទាំកុមារពីក្រសួងសង្គមកិច្ចដែរ។
ក្រសួងបានបញ្ជាក់ឱ្យដឹងដែរថា អង្គការនេះពុំបានរៀបចំបែងចែកបន្ទប់តាមភេទ និងវ័យ ហើយចំនួនបន្ទប់មិនសមស្របនឹងចំនួនអ្នកស្នាក់នៅ និងគ្មានអនាម័យ ដោយនៅនៅលាយឡំគ្នា។
ក្រសួងបានបញ្ជាក់ដែរថា ៖ «ដោយមើលឃើញពីឆន្ទៈជួយសង្គមរបស់លោកស្រី ឡន សំអន ប្រធានអង្គការជួយកុមារកំព្រា ចាស់ជរា និងជនមរណៈសង្គ្រោះ អគ្គនាយកដ្ឋានសេវាសង្គមកិច្ចបានធ្វើការសម្របសម្រួលឱ្យអង្គការបន្តដំណើរការ ដោយអនុញ្ញាតឱ្យថែទាំតែមនុស្សចាស់ប៉ុណ្ណោះ»។
មន្ទីរសង្គមកិច្ចខេត្តកំពង់ចាម នឹងសហការជាមួយអាជ្ញាធរ ធ្វើការគ្រប់គ្រងករណីកុមារដើម្បីសមាហរណកម្មទៅរស់នៅជាមួយគ្រួសារក្នុងសហគមន៍ និងតម្រូវឱ្យអង្គការៀបចំនីតិវិធីដំណើរការ មណ្ឌលថែទាំមនុស្សចាស់ស្របតាមលិខិតបទដ្ឋានគតិយុត្តរបស់ក្រសួង។ នេះបើតាមការលើកឡើងរបស់សេចក្តីប្រកាសក្រសួងសង្គមកិច្ច។
ប្រភពដដែលលើកឡើងថា ៖ «អគ្គនាយកដ្ឋានសេវាសង្គមកិច្ច ទុករយៈពេលពីរខែ ឱ្យអង្គការនេះរៀបចំកែសម្រួលឱ្យបានល្អឡើងវិញ ហើយស្នើអាជ្ញាធរជួយសម្របសម្រួលជាមួយប្រជាពលរដ្ឋដែលទាមទារឱ្យបិទអង្គការនេះឱ្យបានសមរម្យផងដែរ»។
លោក ស៊ឹង សែនករុណា អ្នកនាំពាក្យនៃសមាគមអាដហុក បានប្រាប់ឱ្យដឹងនៅថ្ងៃទី១២ ខែកញ្ញាថា ការធ្វើសកម្មភាពរបស់ក្រសួងពេលនេះ ពិតជាមានភាពត្រឹមត្រូវហើយ តែលោកចង់ឃើញក្រសួងពង្រឹងការត្រួតពិនិត្យឱ្យបានគ្រប់ជ្រុងជ្រោយទៅលើមណ្ឌល ឬអង្គការផ្សេងទៀត ដើម្បីកុំឱ្យមានសកម្មភាពមិនប្រក្រតីណាមួយកើតឡើងដូចករណីនេះនៅក្នុងប្រទេសកម្ពុជាបន្តទៀត។
លោកថា ៖ «បើសកម្មភាពបង្កើតជាអង្គការ ឬមណ្ឌលថែទាំកុមារ មនុស្សចាស់ និងជនងាយរងគ្រោះណាមួយ ប្រព្រឹត្តិមិនបានល្អ នឹងប៉ះពាល់ដល់ទំនុកចិត្តរបស់សាធារណជន ពិសេសជះឥទ្ធិពលដល់ការផ្តល់ជំនួយពីមជ្ឈដា្ឋនអន្តរជាតិថែមទៀត»។
សូមបញ្ជាក់ថា អង្គការជួយកុមារកំព្រា ចាស់ជរា និងជនមរណៈសង្គ្រោះ មានកុមារ មនុស្សពេញវ័យ និងជនចាស់សរុប ចំនួន ៧១នាក់ ក្នុងនោះកុមារចំនួន ៤៣នាក់ (កុមារី ២២នាក់) និងមនុស្សចាស់ចំនួន ១៩នាក់ (ស្រី១៦នាក់) ចុងភៅចំនួន ៦នាក់ អ្នកអនាម័យ ១នាក់ និងសន្តិសុខ២នាក់៕

ដោយ៖បូរ ពេជ្យហ្សាលីន