មនុស្ស​​រាប់ពាន់​នាក់​អាច​នឹង​ស្លាប់​ ក្រោយ​ពេល​បាត់​ខ្លួន​ដោយ​សារ​ទឹក​ជំនន់​ភ្លាម​ៗ​នៅ​លីប៊ី​

លីប៊ី៖ បណ្ដាញ​​ព័ត៌មាន​ Al Jazeera បាន​ចុះ​ផ្សាយ​​​នៅ​ថ្ងៃ​អង្គារ​នេះ​​ថា​ មនុស្ស​រាប់​ពាន់​​អាច​នឹង​ស្លាប់បាត់​បង់​ជីវិត​​​ ក្រោយ​ពេល​បាត់​ខ្លួន​ដោយ​សារ​តែ​ទឹក​ជំនន់​ដ៏​ធ្ងន់​ធ្ងរ​​​នៅតំបន់​ភាគ​ខាង​កើត​នៃ​ប្រទេស​លីប៊ី​ ដែល​បង្ក​ឡើង​ដោយ​ខ្យល់​ព្យុះ​ដានីយ៉ែល​ (Daniel​)។ ​

​​នាយក​រដ្ឋ​មន្ត្រី​នៃ​រដ្ឋាភិបាលដែល​ប្រកាស​កាន់​អំណាច​ដោយ​ខ្លួន​ឯង​​​​នៅ​ភូមិ​ភាគ​ខាង​កើតនៃ​​ប្រទេស​លីប៊ី ​លោក​ Osama Hamad ​បាន​និយាយកាល​ពី​ថ្ងៃ​ចន្ទ​​ថា​ មនុស្ស​រហូត​ដល់​ ២ ០០០ នាក់​ អាច​​ស្លាប់​  ​ដោ​យ​​សារ​តែ​ពួក​គេ​បាន​បាត់​ខ្លួន​ក្នុង​គ្រោះ​ទឹក​ជំនន់​នេះ​។ យ៉ាង​ណា​មិញ​ លោក​ ​ Osama មិន​បាន​បញ្ជាក់​ថា​ លោក​បាន​តួលេខ​នេះ​ពី​ខាង​ណា​មក​ទេ​។ ​

ចំណែក​ឯ​លោក​ Ahmed al-Mosmari ​អ្នក​នាំ​ពាក្យ​របស់​កង​កម្លាំង​ប្រដាប់​អាវុធ​លីប៊ី​ ដែល​មាន​មូលដ្ឋាន​នៅ​ភាគ​ខាង​កើត​របស់​ប្រទេស​នេះ​ បាន​ប្រាប់​​សន្និសីទ​សារព័ត៌មាន​ថា​ ចំនួន​អ្នក​ស្លាប់​នៅ​​ក្រុង​ Derna ដែល​ជា​ក្រុង​រង​គ្រោះនៅ​តាម​បណ្ដោយ​ឆ្នេរ​សមុទ្រ​ម៉េឌីទែរ៉ាណេ​​ បានកើ​ន​ឡើង​លើស​ពី​ ២ ០០០ នាក់​។  ​លោក​បន្ត​​​ថា​ មាន​​មនុស្ស​​ចន្លោះ​​ពី​ ៥ ០០០ ទៅ​ ៦ ០០០ នាក់​ ត្រូវ​បាន​រាយការណ៍​ថា​បាត់​ខ្លួន​។ ​​

​លោក​ Al-Mosmari ​បាន​​​គូស​បញ្ជាក់​ថា​ ​គ្រោះ​មហន្តរាយ​ធ្ងន់​ធ្ងរ​បែប​នេះ​ គឺ​ដោយ​សារ​តែ​ការ​បាក់​ទំនប់​វារី​អគ្គិសនីចាស់​ចំនួន​​​២​នៅ​ក្បែរ​​នោះ ដោយ​សារ​តែ​ព្យុះ​ដានីយ៉ែល​ ដែល​បណ្តាល​ឱ្យ​មាន​ទឹក​ជំនន់​ដ៏​សាហាវ​ភ្លាម​ៗ​។

ប៉ុន្តែ​ប្រធា​ន​កាកបាទ​ក្រហម​​នៅ​ទីក្រុង​ Benghazi លោក Kais Fhakeri ​បាន​បញ្ជាក់​ថា​ ព្យុះ​ដានីយ៉ែល​ បាន​សម្លាប់​មនុស្ស​យ៉ាង​ហោច​ណាស់​ ១៥០ នាក់​ ​បន្ទាប់​ពី​កម្រិត​ទឹក​នៅ​ក្នុង​ទីក្រុង​បាន​កើន​ឡើង​ដល់​កម្ពស់​ ៣​ ម៉ែត្រ ​​ក្នុង​​ទីក្រុង​ ​ Derna ដែល​មាន​ប្រជាជន​រស់​នៅ​សរុប​ ១ សែន​នាក់​ ។  ​

អ្នក​កាសែត​របស់ Al Jazeera  លោក​​ Malik Traina ​បាន​រាយការណ៍​ពី​រដ្ឋ​ធានី​ទ្រីប៉ូលីរបស់​លីប៊ី​ បាន​និយាយ​ថា​៖ «​ទីក្រុង​ Derna ​​ហ៊ុំ​ព័ទ្ធ​ដោយ​ភ្នំ​ទាំង​ស្រុង ​ហើយ​​ទំនប់​វារី​អគ្គិសនី​​ទាំង​នោះ​​បាក់​ទៀត​»។ លោក​បន្ត​ថា​៖ «​​អ្នក​ជំនាញ​ខ្លះ​និយាយ​ថា​ ទឹក​ជាង​ ៣០​ លាន​ម៉ែត្រ​គូប​ បាន​ហូរ​ចាក់​​ចូល​ទៅ​ក្នុង​ក្រុង​[ក្រោយ​ពេល​ទំនប់​វារី​បាក់​]  ដែល​ធ្វើ​​ឱ្យ​ភូមិ​ឋាន​ជា​ច្រើន​​ត្រូវ​អូស​បំផ្លាញ​​ទៅ​តាម​ទឹក​»។

​មិន​ត្រឹម​តែ​ប៉ុណ្ណេះ​ ក៏​មាន​សេចក្ដី​រាយការណ៍​ថា​ ទឹក​ជំនន់​​បាន​កាត់​ផ្ដាច់​អ៊ិនធឺណិត​ និង​ភ្លើង​ប្រើ​ប្រាស់​ជា​ដើម​ ដែល​ធ្វើ​ឱ្យ​ពិបាក​លើ​ប្រតិបត្តិការ​ជួយ​សង្រ្គោះ ក៏ដូច​ជា​ការ​ប្រមូល​ព័ត៌មាន​ស្ដី​ពី​ចំនួន​ជន​រង​គ្រោះ​​។

ជាមួយ​គ្នា​នេះ​ គេ​មើល​ឃើញ​ថា​ ប្រតិបត្តិការស្វែង​រក​ និង​​ជួយ​សង្រ្គោះ​ ​អាច​នឹង​ជួប​នូវ​បញ្ហា​ប្រឈម​​ ដោយ​សារ​តែ​លីប៊ី​នៅ​តែ​បែង​ចែក​រវាង​រដ្ឋបាល​គូប្រជែង​​​ចំនួន​២​ ដោយ​មួយ​ធ្វើ​ការ​គ្រប់​គ្រង​នៅ​ភាគ​ខាង​លិច​ និង​មួយ​ធ្វើ​ការ​គ្រប់​គ្រង​នៅ​ភាគ​ខាង​កើត​ ដែល​ក្រុម​នីមួយ​ៗ​​ទទួល​បាន​ការ​គាំទ្រ​ពី​​កង​ជីវពល​ និង​រដ្ឋាភិបាល​បរទេស​រៀង​ៗ​ខ្លួន​។

ចំណែកក្រុម​ប្រឹក្សា​ប្រធានាធិបតី​លីប៊ី ​ដែល​មាន​មូលដ្ឋាន​នៅ​ទីក្រុង​ទ្រីប៉ូលី​ ពោល​គឺ​រដ្ឋាភិបាល​ភូមិភាគ​ខាង​លិច​ បាន​ប្រកាស​​តំបន់​ចំនួន​បី​នៃ​ខេត្ត​ Cyrenaica ​ភាគ​ខាង​កើត​របស់​ប្រទេស​ ថា​ជា​តំបន់​គ្រោះ​មហន្តរា​យ​ដោយ​សារ​ទឹក​​​ជំនន់​ ហើយ​បាន​ស្នើ​សុំ​ជំនួយ​ពី​អន្តរជាតិ​។​

គួរ​គូស​បញ្ជាក់​ថា​ ព្យុះ​ដានីយ៉ែល​បាន​បក់​បោក​លើ​តំបន់​​ក្បែរក្រុង​ Derna ផ្សេង​ទៀត​ រួម​មាន​​ទីក្រុង​ Benghazi ក្រុង​ Susa ក្រុង​ Bayda និង​ក្រុង​ al-Marj ​កាល​ពី​ថ្ងៃ​​អាទិត្យ ​និង​ថ្ងៃ​ចន្ទ​ ហើយ​ឧត្តុនិយម​លីប៊ី​បាន​ព្យាករ​ថា​ ភ្លៀង​ធ្លាក់​ខ្លាំង​ជោក​ជាំ​នឹង​បន្ត​ជា​ច្រើន​ថ្ងៃ​ទៀត​។​ ក្រៅ​តែ​ពី​ក្រុង​   Derna ព្យុះ​ដដែល​បាន​សម្លាប់​មនុស្ស​​ជាង​២​០​នាក់​ផ្សេង​ទៀត​ រួម​ទាំង​នៅ​ក្រុង​ Bayda  ក្រុង​ ​ Susa  ​​ក្រុង​ Shahatt និង​ក្រុង​ Omar al-Mokhtar ជា​ដើម​៕

ប្រែសម្រួល៖ហួន ឌីណា

ប្រភព​៖ At least 150 killed, hundreds more feared dead as Storm Daniel sweeps Libya  

ads banner