ប្រជាពលរដ្ឋអាចចូលរួមពិនិត្យជំងឺដោយឥតគិតថ្លៃបាន ក្នុងសមយុទ្ធសុខាភិបាលរួមគ្នា កម្ពុជា-ចិន នាពាក់កណ្តាលខែនេះ

អត្ថបទដោយ៖
CPA

ភ្នំពេញ៖ អ្នកនាំពាក្យអគ្គបញ្ជាការដ្ឋាននៃកងយោធពលខេមរភូមិន្ទបានឱ្យដឹងថា ក្នុងអំឡុងពេលនៃការធ្វើសមយុទ្ធសុខាភិបាលរួមគ្នារវាងកម្ពុជា និងចិន ដែលមានរយៈពេល១៣ថ្ងៃ ដោយចាប់ផ្តើមពីថ្ងៃទី១៤ ខែកញ្ញាខាងមុខនេះ អនុញ្ញាតឱ្យប្រជាពលរដ្ឋទូទៅអាចចូលរួមពិនិត្យជំងឺដោយឥតគិតថ្លៃបានផងដែរ។

យោងតាមសេចក្តីប្រកាសរបស់អ្នកនាំពាក្យអគ្គបញ្ជាការដ្ឋាននៃកងយោធពលខេមរភូមិន្ទកាលពីថ្ងៃទី១១ ខែកញ្ញាឆ្នាំ២០២៣ បានលើកឡើងថា កងយោធពលខេមរភូមិន្ទ និងកងទ័ពរំដោះប្រជាជនចិន បានរៀបចំធ្វើសមយុទ្ធសុខាភិបាលរួមគ្នា ដែលមានឈ្មោះថា «ទេវតាសន្តិភាព-ឆ្នាំ២០២៣» ដែលមានរយៈពេល១៣ថ្ងៃគិតចាប់ពីថ្ងៃទី១៤ ដល់ថ្ងៃទី២៦ ខែកញ្ញា ។

ឯកឧត្តមឧត្តមសេនីយ៍ទោ ថោង សូលីម៉ូ អ្នកនាំពាក្យអគ្គបញ្ជាការដ្ឋានបានបញ្ជាក់តាមរយៈសេចក្តីប្រកាសថា ៖ «គោលដៅសំខាន់នៃការធ្វើសមយុទ្ធនេះ ដើម្បីអបអរសាទរខួបលើកទី៦៥ឆ្នាំ ថ្ងៃបង្កើតចំណងការទូត រវាងសាធារណរដ្ឋប្រជាមានិតចិន ជាមួយកម្ពុជា ក៏ដូចជាដើម្បីលើកកម្ពស់សមត្ថភាព ផ្លាស់ប្តូរបទពិសោធន៍ក្នុងកិច្ចសហប្រតិបត្តិការផ្នែកសុខាភិបាល ប្រតិបត្តិការសង្គ្រោះគ្រោះមហន្តរាយ និងជំងឺឆ្លងផ្សេងៗឱ្យប្រកបដោយប្រសិទ្ធភាព»។

សមយុទ្ធបានកំណត់យកប្រធានបទ «ប្រតិបត្តិការសង្គ្រោះសុខាភិបាលមនុស្សធម៌អន្តរជាតិ រួមគ្នានៅតំបន់គ្រោះមហន្តរាយខ្យល់ព្យុះ និងទឹកជំនន់ធ្ងន់ធ្ងរ» ដែលនឹងប្រារព្ធធ្វើនៅបញ្ជាការដ្ឋានទ័ពពិសេស កងទ័ពជើងគោក និងមានការពិនិត្យជំងឺជូនប្រជាពលរដ្ឋ នៅមន្ទីរពេទ្យព្រះកេតុមាលា និងនៅមន្ទីរពេទ្យ យោធភូមិភាគទី៤ ខេត្តសៀមរាប។

អ្នកនាំពាក្យដដែលបានអំពាវនាវដល់ប្រជាពលរដ្ឋទៅចុះឈ្មោះចាប់ពីថ្ងៃជូនដំណឹងនេះតទៅ នៅមន្ទីរពេទ្យព្រះកេតុមាលា និងមន្ទីរពេទ្យយោធភូមិភាគទី៤ នៅខេត្តសៀមរាប ដែលការពិនិត្យព្យាបាលជំងឺនេះនឹងធ្វើឡើងនៅថ្ងៃទី២២-២៣ ខែកញ្ញា ឆ្នាំ២០២៣។

សូមបញ្ជាក់ថា សមយុទ្ធនេះ នឹងមានការចូលរួមពីកងទ័ពកម្ពុជាចំនួន ៥៩៥ នាក់ និងកងទ័ពរំដោះប្រជាជនចិន ចំនួន ១២៦ នាក់។

ទាក់ទិននឹងសមយុទ្ធនេះដែរបណ្ឌិត គិន ភា ប្រធានវិទ្យាស្ថានទំនាក់ទំនងអន្តរជាតិនៃរាជបណ្ឌិត្យសភាកម្ពុជា បានប្រាប់ឱ្យដឹងដែរថា សមយុទ្ធសុខាភិបាលរួមគ្នាដែលមានឈ្មោះថា «ទេវតាសន្តិភាព–ឆ្នាំ២០២៣» មានសារៈសំខាន់សម្រាប់ទំនាក់ទំនងនៃប្រទេសទាំងពីរឈានដល់កម្រិតខ្ពស់បំផុត ដែលមិនធ្លាប់មាននៅក្នុងប្រវត្តិសាស្ត្រ ដោយបានដំឡើងកម្រិតទំនាក់ទំនងជាយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ និងមិត្តភាពដែកថែប ព្រមទាំងជាសហគមន៍ដែលមានជោគវាសនារួមតែមួយ រហូតដល់មានកិច្ចសហប្រតិបត្តិការត្បូងពេជ្រថែមទៀត ។

សូមរម្លឹកដែរថា កងទ័ពប្រទេសទាំងពីរ កម្ពុជា-ចិន បានធ្វើសមយុទ្ធរួមគ្នាចំនួន៥ លើករួចមកហើយ ដែលទំហំនៃសមយុទ្ធទាំងនោះកាន់តែមានលក្ខណៈទំនើបទៅៗ និងធំឡើងៗ ជាលំដាប់ ពាក់ព័ន្ធទៅនឹងសកម្មភាពប្រឆាំងភារវកម្ម ការងារសង្គ្រោះគ្រោះមហន្តរាយ ការងារមនុស្សធម៌ ដើម្បីសន្តិសុខក្នុងតំបន់៕ ដោយ៖ គឹម យុត្ថារ៉ូ

ads banner