កម្ពុជា និងបណ្តាដៃគូអន្តរជាតិរួមគ្នារៀបចំសិក្ខាសាលា ស្តីពីការដោះស្រាយបញ្ហាមីននៅតំបន់រងគ្រោះ
ភ្នំពេញ៖ កម្ពុជា និងបណ្តាដៃគូអន្តរជាតិបានរៀបចំសិក្ខាសាលាថ្នាក់តំបន់ស្តីពីការជំរុញនវានុវត្តន៍ និងចីរភាពក្នុងសកម្មភាពមីន និងយុទ្ធភណ្ឌមិនទាន់ផ្ទុះ ដើម្បីចែករំលែកព័ត៌មាន និងជំរុញការដោះស្រាយបញ្ហាប្រឈមទាក់ទងនឹងតំបន់គ្រាប់មីន ខណៈជម្លោះក្នុងតំបន់ និងពិភពលោកបានជំរុញឱ្យមានការកើនឡើងនៃការប្រើប្រាស់គ្រាប់មីនប្រឆាំងមនុស្ស។
កម្ពុជាធ្វើជាម្ចាស់ផ្ទះនៃសិក្ខាសាលាថ្នាក់តំបន់នេះ ចាប់ថ្ងៃទី១២-១៤ ខែកញ្ញា ឆ្នាំ២០២៣ ដែលបានរៀបចំឡើងដោយអាជ្ញាធរមីន និងបានការគាំទ្រពីគម្រោងបោសសម្អាតមីនដើម្បីលទ្ធផល ដែលមានប្រទេសអូស្ត្រាលី នូវែលសេឡង់ សាធារណរដ្ឋកូរ៉េ និងកម្មវិធីអភិវឌ្ឍន៍សហប្រជាជាតិ(UNDP) ព្រមទាំងមានការចូលរួមពីតំណាងស្ថានទូតប្រចាំកម្ពុជា តំណាងស្ថាប័ននានា និងគណៈប្រតិភូកម្ពុជា និងប្រទេសក្នុងតំបន់រួមមានប្រទេសឡាវ ហ្វីលីពីន ថៃ និងវៀតណាម។

យោងតាមសេចក្តីប្រកាសរបស់អាជ្ញាធរមីន សិក្ខាសាលានេះរៀបចំឡើងដោយគោលការណ៍នៃកិច្ចសហប្រតិបត្តិការត្បូង-ត្បូងក្នុងចំណោមប្រទេសដែលរងផលប៉ះពាល់ដោយសារមីននៅក្នុងតំបន់អាស៊ាន និងបម្រើជាវេទិកាសម្រាប់អ្នកចូលរួមក្នុងការជំរុញការសិក្សា ផ្លាស់ប្តូររឿងរ៉ាវជោគជ័យ និងដោះស្រាយបញ្ហាប្រឈមរួមដែលទាក់ទងនឹងបញ្ហាសំខាន់ៗ គ្រាប់មីន និងយុទ្ធភណ្ឌមិនទាន់ផ្ទុះ។
ទេសរដ្ឋមន្រ្តីឯកឧត្តម លី ធុជ អនុប្រធានទី១ អាជ្ញាធរមីន បានលើកឡើងក្នុងសាលាថ្នាក់តំបន់កាលពីថ្ងៃទី១៣ ខែកញ្ញា ថា វិបត្តិនិងជម្លោះក្នុងតំបន់ និងពិភពលោកប៉ុន្មានឆ្នាំកន្លងនេះ បានជំរុញឱ្យមានការកើនឡើងនៃការប្រើប្រាស់គ្រាប់មីនប្រឆាំងមនុស្ស និងកើនឡើងផ្ទៃដីមានមីន។ ការណ៍នេះបានបង្កើតជាបញ្ហាប្រឈម និងហានិភ័យថ្មីៗជាបន្តបន្ទាប់ទាំងពេលបច្ចុប្បន្ន និងនាពេលអនាគត ក៏ដូចជាជំរុញឱ្យរដ្ឋ និងតំបន់ចំនួន ៦០ ទទួលរងគ្រោះដោយសារគ្រាន់មីន និងសំណល់ជាតិផ្ទុះពីសង្រ្គាមផងដែរ។
ឯកឧត្តមបានថ្លែងទៀតថា ៖ «ទោះបីជាមានការខិតខំប្រឹងប្រែងជាទ្រង់ទ្រាយអន្តរជាតិក្នុងហាមប្រាមការប្រើប្រាស់មីន គ្រាប់មីននៅតែត្រូវបានបន្តប្រើប្រាស់នៅក្នុងស្ថានភាពជម្លោះនានា។ អាស៊ី ត្រូវបានគេចាត់ចូលជាទ្វីបដែលរងគ្រោះខ្លាំងដោយសារគ្រាប់មីន ហើយប្រទេសមួយចំនួននៃតំបន់អាស៊ាន រួមមាន មីយ៉ានម៉ា ថៃ កម្ពុជា ឡាវ វៀតណាម និងហ្វីលីពីន ជាប្រទេសដែលរងគ្រោះខ្លាំងដោយសារគ្រាប់មីន និងសំណល់ជាតិផ្ទុះពីសង្រ្គាម»។

បញ្ហាមីន និងយុទ្ធភណ្ឌមិនទាន់ផ្ទុះ នៅតែជាបញ្ហាប្រឈមសម្រាប់កម្ពុជា ប៉ុន្តែដោយសារកត្តាសន្តិភាព និងស្ថិរភាពនយោបាយ ក្រោមនយោបាយ «ឈ្នះ-ឈ្នះ» របស់សម្ដេចតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្រ្តីកម្ពុជាជាមួយនឹងការដាក់ចេញនូវទស្សនវិស័យដឹកនាំច្បាស់លាស់របស់រាជរដ្ឋាភិបាល កម្ពុជាអាចដោះស្រាយបាន និងឈានទៅសម្រេចគោលដៅរបស់ខ្លួន។
ឯកអគ្គរដ្ឋទូតនៃសាធារណរដ្ឋកូរ៉េប្រចាំកម្ពុជា លោក Park Jung-Wook ក៏បានបានថ្លែងនាសិក្ខាសាលានោះដែរថា កូរ៉េកំពុងគាំទ្រយ៉ាងសកម្មនូវ «កម្មវិធីសហគមន៍សន្តិភាពមេគង្គ» នៅកម្ពុជា ឡាវ និងវៀតណាម ពីឆ្នាំ២០១៩ ដល់ឆ្នាំ២០៣០ ជាមួយនឹងថវិកាចំនួន ១០៣,៥ លានដុល្លារអាមេរិក។
លោកមានប្រសាសន៍ថា ៖ «គំនិតផ្តួចផ្តើមនេះផ្តោតលើការជំរុញសន្តិភាព និងការអភិវឌ្ឍន៍ប្រកបដោយចីរភាពនៅក្នុងតំបន់មេគង្គ»។
សូមរំឭកថា នៅកម្ពុជា កម្មវិធីសហគមន៍សន្តិភាពមេគង្គ រួមបញ្ចូលជាមួយគម្រោងទីភ្នាក់ងារសហប្រតិបត្តិការអន្ដរជាតិកូរ៉េឬកយកា (KOICA) ចំនួនពីរគឺ «ការបោសសម្អាតដើម្បីលទ្ធផល-ដំណាក់កាលទី៤៖ សកម្មភាពមីនសម្រាប់គម្រោងអភិវឌ្ឍន៍មនុស្ស និងគម្រោងការកសាងភូមិសន្តិភាពតាមរយៈការអភិវឌ្ឍន៍សហគមន៍ជនបទរួមបញ្ចូលគ្នា»។
គម្រោងទាំងនេះបានទទួលមូលនិធិសរុបចំនួន ២០ លានដុល្លារអាមេរិក និងផ្តោតលើផ្នែកសំខាន់ៗដូចជាការបោសសម្អាតមីន ជំនួយជនរងគ្រោះ និងការអប់រំពីហានិភ័យមីន រួមជាមួយនឹងកិច្ចខិតខំប្រឹងប្រែងអភិវឌ្ឍន៍ជនបទ។ ជាមួយនឹងគម្រោងទាំងនេះកយកា នឹងគាំទ្រយ៉ាងរឹងមាំដល់កិច្ចខិតខំប្រឹងប្រែងរបស់កម្ពុជាក្នុងការសម្រេចបាននូវគោលដៅគ្មានមីននៅឆ្នាំ២០២៥៕ ដោយ៖ សុខ រក្សា