ក្រសួងអភិវឌ្ឍន៍ជនបទ៖ ប្រជាពលរដ្ឋនៅសហគមន៍ជនបទ នឹងទទួលបានទឹកស្អាតប្រើប្រាស់គ្រប់គ្រាន់នៅឆ្នាំ២០២៥
ភ្នំពេញ៖ មន្ត្រីជាន់ខ្ពស់នៃក្រសួងអភិវឌ្ឍន៍ជនបទបានអះអាងថា នៅឆ្នាំ២០២៥ខាងមុខ ប្រជាពលរដ្ឋគ្រប់រូបនៅតាមសហគមន៍ជនបទ នឹងមានសេវាផ្គត់ផ្គង់ទឹកស្អាត និងអនាម័យគ្រប់គ្រាន់ ព្រមទាំងការរស់នៅក្នុងបរិស្ថានដែលមានអនាម័យស្អាតប្រកបដោយនិរន្តរភាព។
ឯកឧត្តម ឆាយ ប្ញទ្ធិសែន រដ្ឋមន្រ្ដីក្រសួងអភិវឌ្ឍន៍ជនបទ បានលើកឡើងបែបនេះនៅថ្ងៃទី១៣ ខែកញ្ញា ឆ្នាំ២០២៣ ក្នុងពិធីបើកសិក្ខាសាលា ស្តីពី «ការបញ្ចប់ការសិក្សារៀបចំគម្រោងកម្មវិធីអភិវឌ្ឍន៍ និងធ្វើឱ្យប្រសើរឡើងលើវិស័យផ្គត់ផ្គង់ទឹកស្អាត និងអនាម័យជនបទប្រកបដោយនិរន្តរភាពជំហានទី៤» ដែលគាំទ្រដោយធនាគារអភិវឌ្ឍន៍អាស៊ី (ADB)។

ប្រភពក្រសួងអភិវឌ្ឍន៍ជនបទបានឱ្យដឹងថា ក្នុងសិក្ខាសាលានេះឯកឧត្តមរដ្ឋមន្រ្តី បានលើកឡើងពីគោលនយោបាយ និងយុទ្ធសាស្រ្តរបស់រាជរដ្ឋាភិបាល ស្តីពីការផ្គត់ផ្គង់ទឹកស្អាត និងការលើកកម្ពស់អនាម័យនៅជនបទ ឆ្នាំ២០១៤-២០២៥ ក្នុងគោលបំណងធ្វើឱ្យប្រជាជននៅតំបន់ជនបទ ទទួលបានសេវាផ្គត់ផ្គង់ទឹកស្អាត និងអនាម័យ ១០០ភាគរយនៅឆ្នាំ២០២៥។ ក្នុងគោលនយោបាយជាតិបានកំណត់នូវទស្សនៈវិស័យថា នៅឆ្នាំ២០២៥ ប្រជាពលរដ្ឋគ្រប់រូបនៅសហគមន៍ជនបទ ត្រូវមានសេវាផ្គត់ផ្គង់ទឹកស្អាត និងអនាម័យគ្រប់គ្រាន់ ព្រមទាំងរស់នៅក្នុងបរិស្ថានដែលមានអនាម័យស្អាតប្រកបដោយនិរន្តរភាព។
បើតាមក្រសួងដដែលនេះ គម្រោងកម្មវិធីអភិវឌ្ឍន៍ និងធ្វើឱ្យប្រសើរឡើងលើវិស័យផ្គត់ផ្គង់ទឹកស្អាត និងអនាម័យជនបទប្រកបដោយនិរន្តរភាពជំហានទី៤នេះ ផ្តោតលើការធានាឱ្យប្រជាពលរដ្ឋមានទឹកស្អាតប្រើប្រាស់ និងប្រតិបត្តិអនាម័យជនបទ ប្រកបដោយសុវត្ថិភាព សម្រាប់តំបន់ជនបទក្នុងខេត្តគោលដៅចំនួន៩។ក្នុងនោះរួមមាន៖ ខេត្តឧត្តរមានជ័យ បន្ទាយមានជ័យ ព្រះវិហារ ប៉ៃលិន បាត់ដំបង កំពង់ស្ពឺ កំពត ក្រចេះ និងខេត្តស្ទឹងត្រែង។

លោក យី គឹមថាន នាយករងប្រចាំប្រទេស នៃអង្គការភ្លែនអន្តរជាតិប្រចាំកម្ពុជា បានប្រាប់ឱ្យដឹងដែរថា ស្របតាមផែនការ និងគោលនយោបាយរបស់ក្រសួងអភិវឌ្ឍន៍ជនបទ ថ្មីៗនេះ ខាងអង្គការរបស់លោក ក៏កំពុងអនុវត្តគម្រោងទឹកស្អាត និងអនាម័យដែលគិតគូរដល់អាហារូបត្ថម្ភនៅថ្នាក់ជាតិផងដែរ។
លោកនិយាយថា គម្រោងនេះនឹងព្យាយាមពង្រឹងសមត្ថភាពដល់អ្នកដឹកនាំថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ ដែលអនុវត្តគោលការណ៍ប្រតិបត្តិរបស់អង្គការលោក ស្ដីពីបទអន្តរាគមន៍ទៅលើទឹកស្អាត និងអនាម័យដែលគិតគូរដល់អាហារូបត្ថម្ភ។

លោក យី គឹមថាន បញ្ជាក់ថា ៖ «ប្រសិនជាក្រសួង និងស្ថាប័នពាក់ព័ន្ធផ្សេងទៀត ដែលធ្វើការលើបញ្ហាអាហារូបត្ថម្ភ ឬបញ្ហាទឹកស្អាត និងអនាម័យ គឺពួកគាត់អាចពិចារណាក្នុងការប្រើប្រាស់គោលការណ៍ប្រតិបត្តិរបស់យើង ដើម្បីរៀបចំសកម្មភាព ធ្វើយ៉ាងម៉េចឱ្យទឹកស្អាត និងអនាម័យ អនុវត្តស្របតាមគោលនយោបាយរបស់រដ្ឋ»។
សូមបញ្ជាក់ថា ក្នុងរយៈពេលប្រាំឆ្នាំចុងក្រោយ (២០១៧-២០២២) ការផ្គត់ផ្គង់ទឹកស្អាតកម្រិតមូលដ្ឋាន មានការកើនឡើងគួរឱ្យកត់សម្គាល់ពី ៥៨,៧ភាគរយ ដល់៨២,៧ភាគរយ ហើយផ្នែកអនាម័យកម្រិតមូលដ្ឋាន បានកើនឡើងពី ៧១ភាគរយទៅ ៨៣,៧ភាគរយ (CSES ២០២២) និងការបន្ទោរបង់ពាសវាលពាសកាលបានធ្លាក់ចុះយ៉ាងខ្លាំងពី ៤៣ភាគរយ ក្នុងឆ្នាំ២០១៥ មកត្រឹម ១៦ភាគរយក្នុងឆ្នាំ២០២២ (JMP ២០២៣)៕ ដោយ៖ ជា សុខនី