អាមេរិករំពឹងថាអ៊ីរ៉ង់នឹងដោះលែងជនជាតិអាមេរិកប្រាំ នាក់ដែលកំពុងជាប់ឃុំខ្លួននៅប្រទេសអ៊ីរ៉ង់

ភ្នំពេញ៖ កាលពីថ្ងៃអង្គារ មន្ត្រីជាន់ខ្ពស់អាមេរិកបានលើកឡើងថា មន្ត្រីរដ្ឋបាលលោក ចូ បៃដិន (Joe Biden) រំពឹងថាអ៊ីរ៉ង់នឹងដោះ​លែងជនជាតិអាមេរិកចំនួនប្រាំ នាក់ដែលត្រូវបានឃុំខ្លួនក្នុងប្រទេសអ៊ីរ៉ង់ បន្ទាប់ពីក្រសួងការបរទេសអាមេរិកបានជូ​នដំណឹងដល់សភាអាមេរិកថា អ៊ីរ៉ង់នឹងទទួលបានមូលនិធិចំនួនប្រាំមួយប៊ីលានដុល្លារអាមេរិកដែលត្រូវបានបង្កកនៅក្នុងគណនីបរទេស។​

កាលពីសប្តាហ៍មុន រដ្ឋ​មន្ត្រី​ការ​បរទេស​សហរដ្ឋ​អាមេរិក លោក អាន់តូនី ប្លិងកិន (Antony Blinken) បានចុះហត្ថលេខាលើអនុស្សរណៈមួយ ដើម្បីអនុញ្ញាតឱ្យមានការផ្ទេរប្រាក់ចំនួន ៦ ប៊ីលានដុល្លារពីធនាគារមួយក្នុងប្រទេសកូរ៉េខាងត្បូង ទៅកាន់មូលនិធិមួយផ្សេងទៀតនៅក្នុងប្រទេសកាតា។​

មូលនិធិនេះជាចំនួនទឹកប្រាក់ដែលអ៊ីរ៉ង់រកបានតាមរយៈការលក់ប្រេង និងទំនិញផ្សេងទៀត ប៉ុន្តែត្រូវបានស្ថិតនៅក្រោ​មការដាក់ទណ្ឌកម្ម នេះ​បើយោង​តាម​មន្ត្រី​មួយរូបបានលើកឡើងដោយសុំមិនបញ្ចេញឈ្មោះ។ មន្ត្រីរូបនេះបានបញ្ជាក់ថា «គ្មានចំនួនទឹកប្រាក់​ណា​មួយ​ដែលបាន​មក​ពី​ការបង់​ពន្ធ​របស់​សហរដ្ឋ​អាមេរិកនោះ​ទេ ហើយ​ក៏​មិន​មែនជាទឹកប្រាក់ដែលយើងបង់លោះដើម្បីឱ្យអ៊ីរ៉ង់ដោះលែងមនុស្សទាំង ៥ នាក់​នោះ​ដែរ»។​

កាលពីថ្ងៃចន្ទ រដ្ឋបាលរបស់លោក បៃដិន បានជូនដំណឹងដល់សភាអំពីការផ្ទេរប្រាក់នេះថាបានដំណើរការទៅតាមការគ្រោងទុក ហើយសង្ឃឹមថានឹងទទួលបានការដោះលែងជនជាតិអាមេរិកមកវិញ។ គួរបញ្ជាក់ថា អ៊ីរ៉ង់អាចប្រើប្រាស់មូ​លនិធិនេះសម្រាប់តែគោលបំណងមនុស្សធម៌ប៉ុណ្ណោះ ហើយក៏ត្រូវមានការត្រួតពិនិត្យដោយរតនាគារសហរដ្ឋអាមេរិក កាតា និងអង្គការជំនួយដែលពាក់ព័ន្ធ។ មន្ត្រី​រូប​នោះបាន​រំលេចថា ប្រសិន​បើ​អ៊ីរ៉ង់ហ៊ានធ្វើខុសនឹងលក្ខខណ្ឌ ​មូលនិធិនោះ​នឹង​ត្រូវបានបង្កកសារជាថ្មី។​

ជនជាតិអាមេរិកទាំង ៥ នាក់នោះត្រូវបានគេរាយការណ៍ថា ពួកគេមានសុខភាពល្អធម្មតា នេះបើយោងតាមមន្ត្រីជនជាតិស្វ៊ីសមួយរូបដែលបានចូលជួបជាមួយពួកគេ។ ការដោះលែង​ពួក​គេទាំង ៥ នាក់នេះផងដែរ​ ត្រូវ​បាន​គេ​រំពឹង​ថា​នឹង​ធ្វើ​ឡើង​នៅពេល​ឆាប់​ៗ​ខាង​មុខនេះ ប៉ុន្តែ​មន្ត្រី​រូបនេះបាន​បដិសេធ​មិន​បញ្ជាក់​ថា​ពេល​ណា​នោះ​ទេ។​

គួរដឹងដែរថា​​ បុគ្គលដែលត្រូវបានចាប់ឃុំខ្លួននោះរួមមាន លោក សៀម៉ាក ណាម៉ាស៊ី (Siamak Namazi) លោក អេម៉ាដ សាហ្គ៊ី (Emad Sharghi)​​ លោក ម៉ូរ៉ាដ តាបាស (Morad Tahbaz) និងជនជាតិអាមេរិកពីរនាក់ទៀតដែលគ្រួសាររបស់ពួកគេមិនអនុញ្ញាតឱ្យបញ្ចេញអត្តសញ្ញាណជាសាធារណៈ នេះបើយោងតាមក្រុមប្រឹក្សាសន្តិសុខជាតិអាមេរិក។ លើសពីនេះ កិច្ចព្រមព្រៀង​នេះ​ក៏​បានលើកឡើងអំពីការ​ដោះលែង​ជន​ជាតិ​អ៊ីរ៉ង់​ដែល​ត្រូវ​បានចាប់​ឃុំ​ខ្លួន​នៅ​សហរដ្ឋ​អាមេរិក​ផង​ដែរ។​

កាលពីថ្ងៃអង្គារ អ្នកស្រី អាន់ឌ្រីអេន វ៉ាតសុន (Adrienne Watson) អ្នកនាំពាក្យក្រុមប្រឹក្សាសន្តិសុខជាតិ បានបញ្ជាក់ពីព័ត៌មានលម្អិតជាមូលដ្ឋាននៃការផ្លាស់ប្តូរនេះ។ យ៉ាង​ណា​មិញ អ្នកស្រី​បាន​លើកឡើងនៅ​ក្នុង​សេចក្តី​ថ្លែងការណ៍​ទៅកាន់សារព័ត៌មាន USA TODAY ថា ៖ «ចំណុច​ជាក់លាក់ណាមួយ​នៅ​មិន​ទាន់​ត្រូវ​បាន​គេ​សម្រេច​បាន​ពេញលេញ​នៅ​ឡើយ​ទេ»។​

ដោយឡែក មន្ត្រីជាន់ខ្ពស់របស់រដ្ឋបាលលោក បៃដិន ក៏បានប្រាប់សារព័ត៌មាន USA TODAY ផងដែរថា «ដំណើរការដែលអនុញ្ញាតឱ្យអ៊ីរ៉ង់ទទួលបានមូលនិធិពីបរទេសសម្រាប់ប្រើប្រាស់ក្នុងគោលបំណងមនុស្សធម៌ ដូចជាការទិញស្បៀ​ង​អាហារ ថ្នាំពេទ្យ ឧបករណ៍វេជ្ជសាស្ត្រ និងផលិតផលកសិកម្ម ត្រូវបានបង្កើតឡើងដោយរដ្ឋបាលរបស់លោក ដូណាល់ ត្រាំ (Donald Trump)»។​

កន្លងមក អ៊ីរ៉ង់​មិន​អាច​ចូល​ប្រើ​ប្រាស់មូលនិធិ​​ដែល​មាននៅ​ក្នុង​ប្រទេស​កូរ៉េ​ខាង​ត្បូងនេះ​បាន​ទេ ដោយសារ​តែច្បាប់​ធនាគារ និង​ប្រព័ន្ធ​រូបិយប័ណ្ណ​របស់​ពួកគេ។ យ៉ាងណាក៏ដោយ រដ្ឋបាលលោក បៃដិន បានជួយក្នុងការស្វែងរកដំណោះស្រាយ ដើម្បីធ្វើឱ្យមូលនិធិទាំងនោះអាចប្រើប្រាស់បានក្នុងគោលបំណងមនុស្សធម៌៕​

ប្រែសម្រួល៖ធា សុណា

ប្រភពព័ត៌មាន៖ USA Today News​​ Biden administration expects the release of five Americans detained in Iran

ads banner