ផ្សែងអ័ព្ទគ្របដណ្តប់ពេញទីក្រុងស៊ីដនី ខណៈរដូវភ្លើងឆេះព្រៃជិតមកដល់

ស៊ីដនី៖ ផ្សែងអ័ព្ទបានគ្របដណ្ដប់ពាសពេញទីក្រុងស៊ីដនី នៅថ្ងៃទី១៣ ខែកញ្ញានេះ ខណៈដែលប្រទេសអូស្រ្តាលីកំពុងប្រឈមមុខនឹងរដូវកាលភ្លើងឆេះព្រៃ។

បុគ្គលិកការិយាល័យបានស្គាល់បទពិសោធន៍ផ្សែងអ័ព្ទ នៅពេលពួកគេចុះពីរថភ្លើងក្នុងសង្កាត់ពាណិជ្ជកម្មរបស់ទីក្រុងស៊ីដនី ដែលគ្របដណ្តប់លើស្ពាន Harbor និងសាលមហោស្រពអូបេរ៉ាស៊ីដនី។

ការបំពុលបរិយាកាសនៅផ្នែកខ្លះនៃទីក្រុងស៊ីដនី គឺអាចប្រៀបធៀបទៅនឹងទីក្រុងប៉េកាំង ឬទីក្រុងញូវដែលី ដោយពលរដ្ឋអូស្រ្តាលីបានព្រមានបិទទ្វារបង្អួចរបស់ពួកគេ និងជៀសវាងការចេញទៅខាងក្រៅ ប្រសិនបើមិនចាំបាច់។

ផ្សែងអ័ព្ទនេះ កើតមានឡើងដោយសារការដុតព្រៃនៅជាយទីក្រុងស៊ីដនី ដោយក្រុមពន្លត់អគ្គីភ័យបាននិយាយថា ជាការកាត់បន្ថយហានិភ័យ នៃភ្លើងឆេះព្រៃក្នុងរដូវក្តៅនេះ។
អាជ្ញាធរបានព្យាករណ៍ថា រដូវក្តៅនេះនឹងក្លាយជារដូវកាលភ្លើងឆេះព្រៃដ៏ខ្លាំងបំផុតរបស់ប្រទេសអូស្ត្រាលី ចាប់តាំងពីរដូវក្តៅដ៏ខ្មៅងងឹតកាលពីឆ្នាំ ២០១៩-២០២០។

ចំណែកការិយាល័យអាកាសធាតុជាតិរបស់ប្រទេសអូស្ត្រាលី ក៏បានបញ្ជាក់ដែរថា រដូវក្តៅខាងមុខនេះ នឹងមានសីតុណ្ហភាពក្តៅខ្លាំង និងស្ងួតជាងមុន។ កាលពីពេលថ្មីៗនេះ ប្រទេសអូស្រ្តាលីក៏បានអះអាងពីរដូវរងាបែរជាមានសីតុណ្ហភាពក្តៅខ្លាំងបំផុតដល់កំណត់ត្រាផងដែរ៕

ប្រភព៖ AFP ប្រែសម្រួលដោយ៖ ឈឹម ទីណា

ឈឹម​ ទីណា​
ឈឹម​ ទីណា​
តាមរយៈការចូលរួមនៅតាមស្ថាប័នធំៗជាច្រើន រួមមានទូរទស្សន៍ គេហទំព័រ និងបណ្តាញសង្គមនានា បូករួមនឹងជំនាញបន្ថែមក្នុងការសរសេរ កាត់ត និងអាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner