រកឃើញកូនសត្វក្រៀលចំនួន២ក្បាល និង សត្វត្រយងយក្សចំនួន២ក្បាលនៅក្នុងដែនជម្រកសត្វព្រៃកែវសីមា
(ភ្នំពេញ)៖កូនសត្វត្រយងយក្ស២ក្បាលដែលជាប្រភេទជិតផុតពូជ និងកូនសត្វក្រៀលចំនួន២ក្បាលដែលជាប្រភេទកំពុងទទួលរងការគំរាមកំហែង ត្រូវបានគេប្រទះឃើញនៅក្នុងដែនជម្រកសត្វព្រៃកែវសីមា ខេត្តមណ្ឌលគិរី។
អង្គការUSAID មរតកបៃតងបានឱ្យដឹងថា ការរកឃើញកូនសត្វដ៏កម្រទាំង២ប្រភេទនេះគឹធ្វើឡើងកាលពីពេលថ្មីៗនេះ ដោយក្រុមត្រួតពិនិត្យ និងតាមដានសត្វព្រៃមកពីអង្គការសមាគមអភិរក្សសត្វព្រៃប្រចាំកម្ពុជា (WCS Cambodia)។

ប្រភពខាងលើនេះបានបញ្ជាក់ថា៖នៅក្នុងសំបុករបស់សត្វត្រយងយក្ស គឺជាកូនសត្វត្រយងយក្ស ២ ក្បាលដែលទំនងជាមានសុខភាពល្អញាស់ធំធាត់ និងអាចហើរចេញពីសំបុកបាននាពេលឆាប់ៗខាងមុខនេះ ។ខណៈកូនសត្វក្រៀលដែលទើបនឹងញាស់ចំនួន ២ ក្បាល បានហើរចេញពីសំបុករបស់ពួកវាដោយសុវត្ថិភាព។
អង្គការ USAID មរតកបៃតងកំពុងធ្វើការជាមួយដៃគូអភិរក្សរបស់យើង អង្គការ WCS ដើម្បីគាំទ្រកម្មវិធីការពារសំបុកសត្វព្រៃដែលការពារសត្វស្លាប និងជម្រករបស់ពួកគេ។
ការរកឃើញកូនសត្វទាំង២ប្រភេទត្រូវបានអង្គការUSAID មរតកបៃតងចាត់ទុកថាជារឿងគួរឱ្យរំភើបនិងបានជំរុញទឹកចិត្ត ក៏ដូចជាធ្វើឱ្យគេមានសង្ឃឹមយ៉ាងមុតមាំថា គេអាចការពារ និងរង់ចាំមើលការកើនឡើងនៃចំនួនសត្វព្រៃដែលរងការគំរាមកំហែងទាំងនេះ៕

ដោយ៖ម៉ាដេប៉ូ