សភាម៉ិកស៊ិកបើកសវនាការលើបញ្ហា UFOs និងបានបង្ហាញពីសាកសព«មនុស្សភពក្រៅ»

ម៉ិកស៊ិក៖ សាកសពដែលត្រូវបានគេជឿថា «មិនមែនមនុស្ស» ចំនួនពីរត្រូវបានបង្ហាញក្នុងអំឡុងពេល​សវនាការសភា​នៅប្រទេស​ម៉ិកស៊ិក ដោយបង្កឱ្យ​មានការភ្ញាក់ផ្អើលយ៉ាងខ្លាំង មានទាំងការជឿផង ការមិនជឿផង និងការសើចចំអកនៅ​លើបណ្តាញសង្គមកាល​ពីថ្ងៃ​ពុធកន្លងទៅថ្មីៗនេះ។

អដ្ឋិធាតុសាកសពដែលត្រូវបានគេអះអាងនោះត្រូវបានដាក់តាំងបង្ហាញនៅក្នុងប្រអប់​តូចៗចំនួន​ដោយ​នេះគឺជាលើកដំបូងក្នុងប្រវត្តិសាស្ត្រហើយដែលសភាម៉ិកស៊ិកបានដោះស្រាយជាផ្លូវការនូវបញ្ហា​នៃជីវិត​ក្រៅ​ភពដែលកើតមាន។

សាកសព ទាំងពីរដែលដាក់បង្ហាញនេះមានម្រាមដៃតែបីប៉ុណ្ណោះ និងក្បាលវែងៗ។ លោក Jaime​Maussan ជាអ្នកកាសែត និងអ្នកវិទ្យាសាស្ត្រ UFO ជនជាតិម៉ិកស៊ិក បាននិយាយថា សាកសពទាំងពីរ នេះត្រូវ​បានរកឃើញនៅក្នុងប្រទេសប៉េរូ ក្បែរខ្សែបន្ទាត់ Nazca បុរាណកាលពីឆ្នាំ ២០១៧។
លោក Maussan បានឱ្យដឹងថា ការវិភាគកាល​បរិច្ឆេទកាបូនដោយ​សាកលវិទ្យាល័យជាតិស្វយ័តម៉ិកស៊ិក​បានបង្ហាញថា សាកសព្វនេះមានអាយុកាលប្រហែល មួយពាន់ឆ្នាំ។

ស្របពេលជាមួយគ្នានេះដែរ សមាជិកសភាម៉ិកស៊ិក បានសុំឱ្យលោក Maussan ស្បថដើម្បីប្រាប់​ការពិត​ក្នុង​ ពេល​សវនាការ។លោក​ Maussan បានស្បថ និងបាននិយាយ​បន្ថែម​ថា យើង​ (មនុស្ស)​មិនមែនរស់​នៅ​ម្នាក់​ឯង​ទេ និងថាអាជ្ញាធរអាមេរិកកំពុងបិទបាំងភស្តុតាងអំពីរឿង​ទាំង​នេះ​ដែរ​។

គួរជម្រាបថា ក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ រដ្ឋាភិបាលសហរដ្ឋអាមេរិកបាន​ធ្វើការបង្ហាញអំពី​ព័ត៌មានសាធារណៈតិចតួចបំផុតអំពី UAP ឬ UFO។ ចំណែកមន្ទីរបញ្ចកោណក៏បាននឹងកំពុងបន្ត​ស៊ើបអង្កេត​​​យ៉ាងសកម្មលើ​របាយការណ៍នៅក្នុងប៉ុន្មានឆ្នាំថ្មីៗ ខណៈទីភ្នាក់ងារអវកាសអាមេរិក Nasa កាលពីខែឧសភាក៏បានបានបើកកិច្ចប្រជុំ​ជាសាធារណៈ​លើក​ដំបូងរបស់ខ្លួន​លើបញ្ហាមនុស្សក្រៅភពនេះ ផងដែរដើម្បីជំរុញឱ្យមាន​វិធីសាស្រ្ត​បែប​វិទ្យាសាស្ត្រ​​ឱ្យកាន់តែច្បាស់ថែមទៀត ដើម្បីបញ្ជាក់ពីប្រភពដើម​នៃអ្វីដែលគេហៅថា បាតុភូតមិនធម្មតា​ដែលមិនស្គាល់អត្តសញ្ញាណ UAPs។

យ៉ាងណាមិញ ការបង្ហាញរបស់ប្រទេសម៉ិកស៊ិកថ្មីៗនេះ បានបង្កឱ្យមានទាំងភាពភ្ញាក់ផ្អើល និងការចំអក រួមទាំង​ការបង្កើត​រូបភាព​បែបកំប្លែង អមដោយរូបថតរបស់ E.T. ដែលជាសត្វចម្លែកនៅ​ក្នុងខ្សែភាពយន្ត​។ ចំណែក​លោក Maussan បានប្រឈមមុខនឹងប្រតិកម្មតប និងការរិះគន់ជាច្រើនពីអ្នកដែលមិនជឿ​ថាមានមនុស្សក្រៅភព និងបានចោទថាអ្វីដែលលោកធ្វើគឺគ្រាន់ដើម្បីទាក់ទាញចំណាប់អារម្មណ៍៕

ដោយៈ ស្រ៊ុន សិរីវឌ្ឍនៈ

ប្រភព៖ https://www.straitstimes.com/world/mexican-congress-holds-hearing-on-ufos-featuring-purported-alien-bodies-0

ads banner