ក្រុមហ៊ុនអេបផលច្រានចោលការចោទប្រកាន់របស់បារាំងដែលអះអាងថា Iphone 12 មិនបានគោរពតាមច្បាប់វិទ្យុសកម្មត្រឹមត្រូវ
ប៉ារីស៖ ទីភ្នាក់ងារហ្វ្រេកង់ជាតិរបស់បារាំងបានធ្វើតេស្តសាកល្បង និងបានរកឃើញពីអត្រា ស្រូបទាញនៃទូរសព្ទនេះខ្ពស់ជាងការអនុញ្ញាតស្របច្បាប់។តាមរយៈការរកឃើញបែបនេះបារាំងបានហាមឃាត់ការលក់ទូរស័ព្ទម៉ូឌែល Iphone 12 និងកំពុងតែបន្តការហាមឃាត់បន្តទៀតទៅកាន់ប្រទេសដទៃ នៅក្នុងសហគមន៍អឺរ៉ុប។
ក្រុមអ្នកឃ្លាំមើលសង្គមក៏បានអះអាងថា ខ្លួននឹងបញ្ជូនកម្លាំងទៅតាមហាងលក់ទូរសព្ទ ដើម្បីត្រួតពិនិត្យមើលទូរសព្ទ Iphone 12 ដែលមិនទាន់បានលក់ចេញ ហើយថាប្រសិនបើមិនមានការសហការពីម្ចាស់ហាងនោះទេ ខ្លួននឹងរឹបអូសយកសូម្បីតែទូរសព្ទដែលបានលក់ ទៅកាន់អតិថិជនរួចរាល់ផងដែរ។
ក្រោយការចោទប្រកាន់ពីសំណាក់អ្នកឃ្លាំមើលសង្គមបែបនេះក្រុមហ៊ុនAppleបានចេញមុខច្រានចោល និងអះអាងថា គ្រប់ម៉ូដែលទូរសព្ទរបស់ខ្លួនគឺសុទ្ធតែគោរពតាមច្បាប់វិទ្យុសកម្មស្តង់ដារពិភពលោក។
ក្រុមហ៊ុន Apple បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា iPhone 12 ដែលចេញលក់ក្នុងឆ្នាំ ២០២០ត្រូវបានបញ្ជាក់ដោយស្ថាប័នអន្តរជាតិជាច្រើនថាពិតជាបាន អនុលោមតាមស្តង់ដារវិទ្យុសកម្មសកលពិតមែន។ ក្រុមហ៊ុន Apple ក៏បានផ្តល់លទ្ធផលចេញពីមន្ទីរពិសោធន៍ទៅឱ្យភាគីបារាំងផងដែរ។
ប៉ុន្តែយ៉ាងណា មន្ទីរពិសោធន៍របស់ទីភ្នាក់ងារហ្វ្រេកង់ជាតិរបស់បារាំងបានរកឃើញការស្រូបថាមពលអេឡិចត្រូម៉េញេទិចចេញពីរាងកាយក្នុងកម្រិត៥.៧៤វ៉ាត់ក្នុងមួយគីឡូក្រាមនៅពេលដែលទូរសព្ទត្រូវបានកាន់ឬដាក់ក្នុងហោប៉ៅ។ រីឯស្តង់ដារជាក់លាក់របស់អឺរ៉ុបគឺត្រឹមតែ ៤.០ វ៉ាត់ក្នុងមួយម៉ោងប៉ុណ្ណោះ។
គួររំឭកថា ក្នុងរយៈពេលពីរទសវត្សរ៍ចុងក្រោយនេះអ្នកស្រាវជ្រាវបានខិតខំប្រឹងប្រែងសិក្សា និងវាយតម្លៃអំពីហានិភ័យសុខភាព ដែលបណ្ដាលមកពីទូរសព្ទដៃ។ ប៉ុន្តែ បើយោងតាមអង្គការ សុខភាពពិភពលោក រហូតមកដល់ពេលនេះ មិនទាន់មានផលប៉ះពាល់ដល់សុខភាពណាមួយដែល បណ្តាលមកពីការប្រើប្រាស់ទូរស័ព្ទនោះទេ។
ដោយឡែក ប្រាក់ចំណូលរបស់ក្រុមហ៊ុន Apple ពីការលក់ទូរស័ព្ទមានចំនួនសរុបប្រហែល ៩៥ ពាន់លានដុល្លារនៅអឺរ៉ុបកាលពីឆ្នាំមុន ដែលធ្វើឱ្យការលក់នៅក្នុងសហគមន៍អឺរ៉ុបស្ថិតនៅលំដាប់ធំជាងគេទីពីរបន្ទាប់ពីអាមេរិក៕
ប្រែសម្រួល៖ កែវ បុស្បា