លីប៊ី៖ មនុស្សស្លាប់ព្រោះទឹកជំនន់កើនដល់១១៣០០នាក់ បាត់ខ្លួនជាង១ម៉ឺននាក់
ទ្រីប៉ូលី៖ ចំនួនមនុស្សស្លាប់ដោយសារទឹកជំនន់ Flash Flood នៅប្រទេសលីប៊ី បានកើនដល់ ១១៣០០នាក់ហើយ ស្របពេលដែលមមនុស្សជាង១ម៉ឺននាក់ទៀត នៅបាត់ខ្លួននៅឡើយ គិតត្រឹមថ្ងៃសុក្រ សប្តាហ៍នេះ។
អង្គការកាកបាទក្រហមនិងអឌ្ឍចន្ទក្រហមនៃប្រទេសលីប៊ី បានឱ្យដឹងថា ចំនួនមនុស្សដែលបានស្លាប់ដោយសារទឹកជំនន់ភ្លាមៗ នៅទីក្រុងដឺណា (Derna) ដែលជាប់បណ្តោយឆ្នេរ បានកើនឡើងដល់ ១១៣០០នាក់ហើយ ស្របពេលដែលកិច្ចប្រឹងប្រែងរុករកកំពុងតែបន្ត ក្រោយគ្រោះទឹកជំនន់ដ៏ធ្ងន់ធ្ងរមួយ។
អង្គការកាកបាទក្រហមនិងអឌ្ឍចន្ទក្រហមលីប៊ីក៏បានឲ្យដឹងដែរថា ក្រៅពីនេះ ក៏មានមនុស្សប្រមាណ ១០១០០នាក់ផ្សេងទៀត ក៏ត្រូវបានរាយការណ៍ថា កំពុងបាត់ខ្លួនផងដែរនៅទីក្រុងជាប់សមុទ្រមេឌីទែរ៉ាណេមួយនេះ។ ប្រភពបន្តថា ព្យុះភ្លៀងដែលបានបង្កឱ្យមានមហន្តរាយទឹកជំនន់នោះ ក៏បានសម្លាប់មនុស្សប្រមាណ ១៧០នាក់ នៅកន្លែងផ្សេងទៀតក្នុងតំបន់ភាគខាងកើតប្រទេសលីប៊ីថែមទៀតផង។

យ៉ាងណាមិញ យោងតាមអភិបាលក្រុង ដឺណា តួលេខមនុស្សស្លាប់ដោយសារគ្រោះទឹកជំនន់ អាចនឹងកើនរហូតដល់២០០០០នាក់ ឯណោះ។
ការវាយប្រហារនៃគ្រោះទឹកជំនន់ភ្លាមៗ ឬ Flash Flood នៅភាគខាងកើតប្រទេសលីប៊ី បានកើតឡើង កាលពីយប់់ថ្ងៃអាទិត្យចុងសប្តាហ៍កន្លងទៅ ខណៈដែលប្រទេសអាហ្រ្វិកខាងជើងមួយនេះ ត្រូវបានញាំញីដោយសារជម្លោះ ចាប់តាំងតែពីការបះបោរ ឆ្នាំ២០១១៕ ប្រភពពី AFP ប្រែសម្រួល៖ សារ៉ាត