ប្រតិភូយុវជន សមាគមជាតិ កាកបាទក្រហម អឌ្ឍចន្ទក្រហម ភូមិភាគអាស៊ីអាគ្នេយ៍ មកដល់កម្ពុជា ចូលរួមកិច្ចប្រជុំដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះ

(ភ្នំពេញ)៖ កាកបាទក្រហមកម្ពុជា ដែលមាន ហ្លួងម៉ែ នរោត្តម មុនិនាថ សីហនុ ជាព្រះប្រធានកិត្តិយស និង សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ជាប្រធាន នឹងរៀបចំវេទិកាយុវជនលើកទី២ និងកិច្ចប្រជុំថ្នាក់ ដឹកនាំលើកទី២០ នៃសមាគមជាតិកាកបាទក្រហម អឌ្ឍចន្ទក្រហម ភូមិភាគអាស៊ីអាគ្នេយ៍ ចាប់ពីថ្ងៃទី១៧-២២ ខែកញ្ញា ខាងមុខនេះ។

ជាក់ស្តែង នៅថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០២៣នេះ គណៈប្រតិភូយុវជន មកពីសមាគមជាតិចំនួន ១០ ក្នុង ភូមិភាគអាស៊ីអាគ្នេយ៍មានចំនួន ២៤នាក់ គ្រូសម្របសម្រួល ៤នាក់ បានមកដល់រាជធានីភ្នំពេញ ដើម្បីចូលរួមវេទិកា យុវជនលើកទី២ ចាប់ពីថ្ងៃទី១៧-២០ ខែកញ្ញ៉ា និងបន្តចូលរួមជាអ្នកសង្កេតការណ៍ក្នុងកិច្ចប្រជុំថ្នាក់ដឹកនាំលើកទី២០ ចាប់ពីថ្ងៃទី២១-២២ ខែកញ្ញា ឆ្នាំ២០២៣។

អនុវត្តតាមអនុសាសន៍ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន កាកបាទក្រហមកម្ពុជាបានរៀបចំ ក្រុមការងារយុវជនទទួលស្វាគមន៍ និងបដិសណ្ឋារកិច្ចគណៈប្រតិភូទាំងអស់ ដោយមានមន្ត្រីទំនាក់ទំនង (L.O) សម្រាប់ប្រតិភូយុវជនតាមសមាគមជាតិនីមួយៗ នៅអាកាសយានដ្ឋានភ្នំពេញអន្តរជាតិ។

កម្មវិធីវេទិកាយុវជនលើកទី២ រយៈពេល ៤ថ្ងៃនេះ មានគោលបំណងផ្ដល់ឱកាសដល់យុវជននៃសមាគម ជាតិទាំង ១១ នៅក្នុងភូមិភាគអាស៊ីអាគ្នេយ៍ ទទួលបានការបណ្តុះបណ្តាលជំនាញទំនាក់ទំនង និងការនិយាយជាសា ធារណៈក្នុងភាពជាអ្នកដឹកនាំវ័យក្មេងនាពេលបច្ចុប្បន្ន និងអនាគត ព្រមទាំងពិនិត្យ ពិភាក្សារកបញ្ហាប្រឈមនានា ដែលកំពុងកើតមានឡើង និងរកដំណោះស្រាយថ្មីរួមគ្នាក្នុងវិស័យមនុស្សធម៌ ព្រមទាំងពង្រឹងកិច្ចសហប្រតិបត្តិការ សាមគ្គីភាពអន្តរជាតិក្នុងចលនាអន្តរជាតិកាកបាទក្រហម និងអឌ្ឍចន្ទក្រហម ភូមិភាគអាស៊ីអាគ្នេយ៍។ ក្នុងនោះ មាន កម្មវិធីពិសេសមួយ គឺពិធីដាំដើមឈើ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា និងជាប្រធានកិច្ចប្រជុំថ្នាក់ដឹកនាំ មានគោលបំណងបណ្ដុះនូវឆន្ទៈ និងក្តីស្រលាញ់ ចំពោះបរិស្ថាន និងការរួមចំណែកនៃការកាត់បន្ថយហានិភ័យនៃការប្រែប្រួលអាកាសធាតុ ជំរុញឱ្យមានកំណើន បរិស្ថានបៃតងថែមទៀតផង។

ក្រោមការទទួលស្វាគមន៍យ៉ាងកក់ក្តៅ កាកបាទក្រហមកម្ពុជា សង្ឃឹមយ៉ាងមុតមាំថាគណៈប្រតិភូយុវជន ទាំងអស់នឹងមានកម្លាំងកាយចិត្តល្អគ្រប់គ្រាន់ក្នុងក្រេបជញ្ជក់ចំណេះដឹង បទពិសោធន៍ថ្មីបន្ថែម និងចូលរួមឱ្យបាន សកម្មនៅក្នុងវេទិកាយុវជនរយៈពេល៤ថ្ងៃនេះ និងសូមប្រកបដោយសុខុមាលភាពទាំងផ្លូវកាយ និងផ្លូវចិត្តដោយ ពង្រឹងនូវចំណងមិត្តភាពភូមិភាគអាស៊ីអាគ្នេយ៍រួមគ្នាតាមរយៈការស្នាក់អាស្រ័យក្រោមដំបូលតែមួយក្នុងមួយរយៈ កាលនេះ ៕

ដោយ / គ្រី សម្បត្តិ + វណ្ណលុក

គ្រី សម្បត្តិ
គ្រី សម្បត្តិ
ជាអ្នកយកព័ត៌មាននៅស្ថានីយ៍វិទ្យុ និងទូរទស្សន៍អប្សរា។ ដោយសារទេពកោសល្យ និងភាពប៉ិនប្រសប់ ក្នុងការសរសេរអត្ថបទ ថត និងកាត់តព័ត៌មាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner