កម្ពុជា គ្រោងនឹងនាំចេញផលិតផលជលផលកែច្នៃរួចពីរមុខ ទៅសហភាពអឺរ៉ុប នាឆ្នាំក្រោយ
ភ្នំពេញ៖ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទជាមួយអង្គការយូនីដូ (UNIDO) បានសហការគ្នាជំរុញការនាំចេញផលិតផលជលផលកែច្នៃរួចចំនួនពីរមុខ គឺ ទឹកត្រី និងប្រហុក ទៅកាន់ទីផ្សារអឺរ៉ុបនៅឆ្នាំ២០២៤ខាងមុខ ។បច្ចុប្បន្នភាគីពាក់ព័ន្ធកំពុងជំរុញការអនុវត្តស្តង់ដារសុវត្ថិភាពចំណីអាហារឱ្យត្រឹមត្រូវ ជាពិសេសការគិតគូរលើសំបកវេចខ្ចប់ដើម្បីនាំចេញទៅកាន់ទីផ្សារមួយនេះ។
នៅពិធីបើកដំណើរទស្សនកិច្ចសិក្សា និងផ្សព្វផ្សាយពីសហគ្រាសជលផលក្រោយប្រមូលផលដែលទទួលផលពីគម្រោង CAPFish នៅថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០២៣ កញ្ញា អ៊ឹម រចនា អនុរដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានថ្លែងថា ការអភិវឌ្ឍខ្សែច្រវាក់តម្លៃផ្តោតការយកចិត្តទុកដាក់ជាពិសេស លើបច្ចេកវិទ្យាកែច្នៃ និងគ្រប់គ្រងគុណភាព ដើម្បីធានាថាផលផលិតផលជលផលកម្ពុជាមានទាំងគុណភាព និងសុវត្ថិភាពដើម្បីផ្គត់ផ្គង់ដល់ទីផ្សារក្នុ ងស្រុក និងក្រៅប្រទេស។ការងារសមតាមយុទ្ធសាស្រ្តរបស់រាជរដ្ឋាភិបាល ដែលមានបំណងសម្រេចឱ្យបាននូវការនាំចេញផលផលិតផលកម្ពុជាទៅកាន់ទីផ្សារអន្តរជាតិ រួមទាំងសហភាពអឺរ៉ុប។

កញ្ញា អ៊ឹម រចនា បានថ្លែងថា ៖ «មែនទែនទៅចំពោះការរុញទីផ្សារផលិតផលជលផលរបស់យើងទៅកាន់ទីផ្សារអឺរ៉ុបនេះ ដូចបានដឹងស្រាប់ យើងបានបញ្ជាក់ជូនកន្លងមកហើយថា យើងបានធ្វើការជិតស្និទ្ធមែនទែនជាមួយអង្គការយូនីដូ តាមរយៈរដ្ឋបាលជលផល។ ដូច្នេះ វាជាការងារមួយ ដែលត្រូវការពេលវេលាដែរ ហើយបញ្ហាប្រឈមនៅតែមាន ប៉ុន្តែយើងកំពុងតែដោះស្រាយហើយ»។
កញ្ញាបន្តថា ៖ «យើងនៅតែបន្តគាំទ្រដោយសារតែការស្វែងរកទីផ្សារសម្រាប់ផលិតផលជលផល និងផលិតផលកសិផលផ្សេងទៀត គឺជាគោលនយោបាយមួយដែលយើងបានដាក់ចេញដើម្បីជំរុញវិស័យកសិកម្មរបស់យើង»។
ជាមួយគ្នានេះដែរ លោក ពុំ សុថា ប្រធានរដ្ឋបាលជលផល បានឱ្យដឹងដែរថា រដ្ឋបាលជលផលដែលជាសេនាធិការមួយបស់ក្រសួង កំពុងអនុវត្តគម្រោងអភិវឌ្ឍន៍ជលផលក្រោយប្រមូលផល (CAPFish-Capture) ក្រោមហិរញ្ញប្បទានគាំទ្រពីសហភាពអឺរ៉ុប សហការជាមួយអង្គការ UNIDO បានចូលរួមចំណែកក្នុងការបង្កើតវប្បធម៌សុវត្ថិភាពម្ហូបអាហារ និងបានរៀបចំបង្កើត និងដាក់ឱ្យប្រើប្រាស់ និមិត្តសញ្ញាគុណភាពផលផលិតផលជលផលកម្ពុជា (CQS) សម្រាប់លើកទឹកចិត្តវិស័យឯកជនអនុវត្ត ដើម្បីឆ្លើយតបតាមតំរូវការទីផ្សារទាំងក្នុងតំបន់និងអន្តរជាតិ។
លោកបានបញ្ជាក់ថា ៖ «ការងារសមតាមយុទ្ធសាស្រ្តរបស់រាជរដ្ឋាភិបាល ដែលមានបំណងសម្រេចឱ្យបាននូវការនាំចេញផលផលិតផលកម្ពុជាទៅកាន់ទីផ្សារអន្តរជាតិ រួមទាំងសហភាពអឺរ៉ុប។ CQS ត្រូវបានដាក់ឱ្យប្រើប្រាស់ជាផ្លូវការនាពេលថ្មីៗនេះ គឺដើម្បីរួមចំណែកលើកកម្ពស់ ពាណិជ្ជកម្មផល ផលិតផលជលផល តែយើងនឹងមិនបញ្ឈប់ត្រឹមនេះទេ CQS អាចនឹងត្រូវបានប្រើប្រាស់សម្រាប់ផលិតផលកសិកម្មផ្សេងទៀត ផ្អែកលើបទពិសោធន៍ជោគជ័យ និងកិច្ចសហការជាមួយអង្គការ UNIDO ដូចនៅក្នុងគម្រោងនេះជាដើម»។
នាឱកាសនោះដែរ លោក សេតធី ស៊ីថារ៉ាម៉ា ថមបាធូ ប្រធានទីប្រឹក្សាបច្ចេកទេស អង្គការយូនីដូ (UNIDO) បានប្រាប់ឱ្យដឹងដែរថា តាមរយៈគម្រោងរបស់អង្គការយូនីដូនេះ មានអ្នកជំនាញការពីររូប មកពីប្រទេសឥណ្ឌូនេស៊ី ដែលមានជំនាញផ្នែកការវេចខ្ចប់ជាលក្ខណៈអន្តរជាតិដែលបានមកដល់កម្ពុជា ដើម្បីសិក្សាពីការវេចខ្ចប់ ហើយក្រោយពីការសិក្សានេះ រួចអង្គការគ្រោងនឹងរៀបចំសិក្ខាសាលាផ្សព្វផ្សាយនាថ្ងៃទី២០ ខែកញ្ញាខាងមុខនេះ។
លោកបានបន្ថែមថា រហូតមកដល់ពេលនេះមិនទាន់មានផលិតផលកែច្នៃរបស់កម្ពុជាណាមួយ ដែលត្រូវបាននាំចេញទៅកាន់សហភាពអឺរ៉ុប តាមរយៈការគាំទ្រពីគម្រោង CAPFish-Capture នោះទេ ។ប៉ុន្តែក្រោយដំណើរទស្សនកិច្ចនេះ ខាងគម្រោងនឹងនាំសហគ្រាសកែច្នៃក្នុងស្រុកចំនួនទៅផ្គូរផ្គងដៃគូពាណិជ្ជកម្មនៅប្រទេសបារាំង។
«នៅក្នុងឆ្នាំ២០២៤ យើងសង្ឃឹមថា តាមរយៈការគាំទ្ររបស់គម្រោង យើងនឹងអាចនាំចេញផលិតទឹកត្រី ប្រហុក ទៅកាន់ទីផ្សារអឺរ៉ុបបាន។ ដូចនេះ បើសិនជាសហគ្រាសកែច្នៃក្នុងស្រុកមានបំណងចង់នាំចេញផលិតផលជលផលដែលកែច្នៃរួច ទៅទីផ្សារក្រៅប្រទេសតាមរយៈគម្រោងនេះ អាចដាក់ពាក្យស្នើសុំបាន»។ លោក សេតធី ស៊ីថារ៉ាម៉ា ថមបាធូ បានបញ្ជាក់បន្ថែម។
លោក សេតធី បានបន្ថែមថា គម្រោង CAPFish-Capture បានគាំទ្រប្រមាណ៧០ភាគរយ នៃការកែលម្អសម្ភារៈបរិក្ខារ និងផ្តល់ការគាំទ្រផ្នែកបច្ចេកទេស តាមរយៈការបណ្តុះបណ្តាលដល់ម្ចាស់សហគ្រាសស្តីពីការអនុវត្តសុវត្ថិភាព គុណភាពម្ហូបអារហរសម្រាប់ផលិតជលផលរបស់គាត់។
បើតាមរដ្ឋបាលជលផល គម្រោង CAPFish-Capture បានគាំទ្រដល់សហគ្រាសចំនួន២៨ ជាជំនួយបច្ចេកទេស និង សម្ភារបរិក្ខារ ទៅដល់សហគ្រាសនីមួយៗដែលមានតម្លៃចាប់ពី ២៥ ០០០ ដុល្លារ ដល់ ១០០ ០០០ដុល្លារអាមេរិក ដើម្បីកែលម្អប្រតិ្តបត្តិការអាជីវកម្ម និងអនុវត្តស្តង់ដារសុវត្ថិភាពម្ហូបអាហារ CQS ។ មកទល់ពេលនេះ សហគ្រាសចំនួន៨ ទទួលបាន CQS ដែលក្នុងនោះ CQS ពេញលេញ ចំនួន៤ និង CQS ធម្មតាចំនួន៤៕ ដោយ៖ វណ្ណ សុជាតា