ក្រសួងសង្គមកិច្ចអំពាវនាវគ្រប់ភាគីពាក់ព័ន្ធបន្តវិនិយោគ និងលើកស្ទួយសុខុមាលភាពមនុស្សគ-ថ្លង់នៅកម្ពុជា

អត្ថបទដោយ៖
CPA

ភ្នំពេញ៖ ក្នុងឱកាសទិវាមនុស្សគ-ថ្លង់កម្ពុជាលើកទី១១ក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា បានអំពាវនាវដល់គ្រប់ភាគីពាក់ព័ន្ធទាំងអស់បន្តវិនិយោគ និងយកចិត្តទុកដាក់លើកស្ទួយសុខុមាលភាពជនពិការភាព ពិសេសមនុស្សគ-ថ្លង់ ដើម្បីបង្ហាញពីការផ្តល់សិទ្ធិក្នុងការចូលរួមដោយឥតរើសអើង និងជាការលើកស្ទួយតម្លៃមនុស្សត-ថ្លង់ នៅកម្ពុជា។

ការអំពាវនេះធ្វើឡើងនាឱកាសដែលកម្ពុជាបានរៀបចំ ទិវាមនុស្សគ-ថ្លង់កម្ពុជាលើកទី១១ និងអន្តរជាតិលើកទី៦៦ ឆ្នាំ ២០២៣ ក្រោមប្រធានបទ «បរិយាបន្នការងារសម្រាប់មនុស្សគ-ថ្លង់ ដើម្បីការអភិវឌ្ឍ» នៅថ្ងៃទី១៧ ខែកញ្ញា ក្រោមអធិបតីភាពឯកឧត្តម ជា សុមេធី រដ្ឋមន្ត្រីក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា និងជាប្រធានក្រុមប្រឹក្សាសកម្មភាពជនពិការនៅទីស្តីការក្រសួង។

ទិវានេះ មានការចូលរួមពីឥស្សរជនតំណាងក្រសួង ស្ថាប័ន អភិបាលរងរាជធានី-ខេត្ត អង្គការសង្គមស៊ីវិល ដៃគូអភិវឌ្ឍន៍ មនុស្សគ-ថ្លង់ និងជនមាន ពិការភាពសរុបចំនួនប្រមាណ ៤០០នាក់។ នេះបើតាមសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងសង្គមកិច្ច។

ថ្លែងក្នុងទិវានោះ ឯកឧត្តម ជា សុមេធី បានលើកឡើងថា ការរៀបចំទិវានេះឡើងគឺជាការផ្តល់ឱកាស ជួបជុំគ្នាក្នុងមួយឆ្នាំម្តងរវាងថ្នាក់ដឹកនាំក្រសួង ស្ថាប័ន អង្គការសង្គមស៊ីវិល និងអ្នកគ-ថ្លង់ ដែលជាការបង្ហាញពីការផ្តល់សិទ្ធិក្នុងការចូលរួមដោយឥតរើសអើង និងជាការលើកស្ទួយតម្លៃរបស់ពួកគេផងដែរ។

លោកបានសង្កត់ធ្ងន់ថា ៖‍ «រាជរដ្ឋាភិបាលបានយល់ច្បាស់ពីតម្រូវការ បញ្ហាប្រឈមនានារបស់ជនមានពិការភាព ពិសេសបងប្អូនក្រុមគ្រួសារមនុស្សគ-ថ្លង់»។

ឯកឧត្តម ជា សុមេធី បានបន្តថា ៖ «ឈរលើបរិការណ៍ និងស្មារតីទទួលខុសត្រូវនេះ រាជរដ្ឋាភិបាលនីតិកាលទី៧ដែលដឹកនាំដោយសម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា បានដាក់ចេញនូវយុទ្ធសាស្ត្របញ្ចកោណដំណាក់កាលទី១ ដែលគ្របដណ្តប់ទៅលើកិច្ចការងារ»។ការវិនិយោគជាមួយជនមានពិការភាពលើការអប់រំ បណ្ដុះបណ្ដាលជំនាញ ជាទុនដ៏សំខាន់សម្រាប់ផ្តល់ធនធានមនុស្ស ការលើកកម្ពស់ និងជំរុញឱ្យជនមានពិការភាពមានលទ្ធភាពទទួលបានការងារ មុខរបរ មានប្រាក់កម្រៃកាន់តែប្រសើរឡើង ពិសេសគឺអាចរស់នៅបានដោយឯករាជ្យ ប្រកបដោយភាពសុខុដុមរមនា។

ក្នុងឱកាសនោះ ឯកឧត្តមក៏បានអំពាវនាវដល់គ្រប់ភាគីទាំងអស់បន្តយកចិត្តទុកដាក់ លើកស្ទួយ សុខុមាលភាពជនមានពិការភាព ពិសេសមនុស្សគ-ថ្លង់នៅកម្ពុជា ដោយប្រែក្លាយផែនការយុទ្ធសាស្ត្រ ជាតិស្តីពីពិការភាព និងឯកសារគតិយុត្តិទាំងឡាយពាក់ព័ន្ធនឹងពិការភាពឱ្យក្លាយជាការពិត។

ចំណែក ឯកឧត្តម ឯម ច័ន្ទមករា រដ្ឋលេខាធិការក្រសួងសង្គមកិច្ច និងជាអគ្គលេខាធិការ ក្រុមប្រឹក្សាសកម្មភាពជនពិការ បានថ្លែងឱ្យដឹងដែរថា ការរៀបចំទិវាមនុស្សគ-ថ្លង់ ជាការបង្ហាញឱ្យឃើញពីការគិតគូរយកចិត្តទុកដាក់របស់រាជរដ្ឋាភិបាល សាធារណជន សង្គមស៊ីវិល និងក្រុមគ្រួសារ ដើម្បីលើកទឹកចិត្ត និងបំពេញតាមតម្រូវការរបស់ពួកគេ ព្រមទាំងបង្កើនការលើកកម្ពស់សិទ្ធិ និងសេរីភាពរបស់អ្នកគ-ថ្លង់នៅលើពិភពលោក។

យោងតាមក្រសួងសង្គមកិច្ច បានឱ្យដឹងថា ក្នុងឆ្នាំ២០២២ ជនមានពិការភាពចូលបម្រើការងារក្នុងក្រសួងស្ថាប័ន រដ្ឋចំនួន ៣៧ មានជនមានពិការភាពចំនួន ៣ ៧៤៨នាក់ ក្នុងនោះស្ត្រីមានពិការភាពចំនួន ៨៦២ នាក់ ជនមានពិការភាពកម្រិតធ្ងន់ចំនួន ២ ២៦០នាក់ បើគិតជាភាគរយមានចំនួនជាង ២%។

ក្រសួងបន្តថា ដោយឡែក វិស័យឯកជនរួមមាន៖ ធនាគារ គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ សណ្ឋាគារ និងរោងចក្រ ដែលបានប្រកាសចុះបញ្ញិកា និងទទួលបានវិញ្ញាបនបត្រលើការអនុវត្តច្បាប់ស្ដីពីកិច្ចការពារ និងលើកកម្ពស់សិទ្ធិជនពិការ ទូទាំងប្រទេសមានចំនួន ២៩១ គ្រឹះស្ថាន រោងចក្រ សហគ្រាស ដែលមានជនមានពិការភាព ចូលបម្រើការងារចំនួន ៥ ៨៣៩ នាក់ ស្រ្តីមានពិការភាព ៣ ៨៣៦នាក់ សរុបទាំងស្ថាប័នរដ្ឋនិងវិស័យឯកជនទូទាំងប្រទេសមានចំនួនជនមានពិការភាព ៩ ៥៨៧ នាក់កំពុងបម្រើការងារ។

សូមជម្រាបថា អង្គការសហប្រជាជាតិ បានកំណត់យកថ្ងៃទី២៣ ខែកញ្ញា ជារៀងរាល់ឆ្នាំ ដើម្បីប្រារព្ធទិវាមនុស្សគ-ថ្លង់អន្តរជាតិ ដែលជាការទទួលស្គាល់ពីសារៈសំខាន់នៃមនុស្សគ-ថ្លង់ ដែលជាសមាសភាពធនធានមនុស្ស និងមិនត្រូវបានមើលរំលងដើម្បីឈានទៅសម្រេចឱ្យខាងតែបាន នូវគោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាព ពិសេសជាការបំពេញតាមការសន្យារបស់រដ្ឋជាភាគី នៃអនុសញ្ញាស្តីពីសិទ្ធិជនមានពិការភាព និងស្របតាមទិសស្លោក “មិនទុកឱ្យនរណាម្នាក់នៅ ដាច់ដោយឡែក។

ទិវានេះផ្តល់ឱកាសដើម្បីគាំទ្រនិងការពារអត្តសញ្ញាណភាសាសញ្ញា និងភាពចម្រុះនៃវប្បធម៌របស់អ្នកប្រើប្រាស់ភាសាសញ្ញាទាំងនៅព្រះកម្ពុជា និងនៅ លើពិភពលោក៕ ដោយ៖ សុខ រក្សា

ads banner