ម៉ាស៊ីនស្ទូងចំនួន ១០០គ្រឿង ត្រូវបានផ្តល់ជូនសហគមន៍ផលិតពូជស្រូវនៅខេត្តចំនួន១៣

អត្ថបទដោយ៖
CPA

ភ្នំពេញ៖ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានផ្តល់ម៉ាស៊ីនស្ទូងចំនួន ១០០ គ្រឿង ដល់សហគមន៍ផលិតពូជស្រូវនៅខេត្តចំនួន១៣ខេត្ត សម្រាប់ប្រើប្រាស់ជាប្រយោជន៍ដល់សហគមន៍ក្នុងការផលិតពូជស្រូវ និងជំរុញការនាំចេញស្រូវទៅក្រៅប្រទេស។

ម៉ាស៊ីនស្ទូងស្រូវរបស់កម្ពុជាដែលជាអំណោយពិសេសរបស់សម្ដេចតេជោ ហ៊ុន សែន ប្រធានឧត្តមក្រុមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រនិងជាប្រធានគណបក្សប្រជាជនកម្ពុជា ត្រូវបានចែកជូនដល់ដៃសហគមន៍ផលិតពូជស្រូវ តាមរយៈ ឯកឧត្តម យ៉ង សាំងកុមារ រដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ។ឯកឧត្តមប្រាប់ឱ្យដឹងនៅថ្ងៃទី១៣ ខែកញ្ញានេះថា ម៉ាស៊ីនស្ទូងនេះ មានគុណសម្បត្តិច្រើន ដែលជួយកាត់បន្ថយការប្រើប្រាស់កម្លាំងពលកម្ម ចំណេញពេលវេលា និងកាត់បន្ថយការប្រើប្រាស់ពូជ ។ការចែកម៉ាស៊ីស្ទូងនាពេលនេះ ជាផ្នែកមួយនៃបេសកកម្មកសាងប្រព័ន្ធពូជសុទ្ធសម្រាប់ពង្រីកទីផ្សារអង្ករជូនកសិករ តាមរយៈការប្រើប្រាស់កម្លាំងម៉ាស៊ីន ហើយការយកត្រឹម១៣ខេត្ត សម្រាប់ផ្តល់ជូនម៉ាស៊ីន ព្រោះខេត្តទាំងនេះ ជាខេត្តដែលមានសក្តានុពល និងមានការដោះដុះដំណាំស្រូវច្រើន សម្រាប់ការនាំចេញ។

ឯកឧត្តមបានបញ្ជាក់ថា ៖ «ម៉ាស៊ីនស្ទូងនេះជាប្រភេទម៉ាស៊ីនពាក់កណ្តាលស្វ័យប្រវត្តិ ដែលផលិតនៅក្នុងស្រុក ដោយម៉ាស៊ីននេះត្រូវការកម្លាំងមនុស្សបីនាក់សម្រាប់ដំណើរការវា។ទោះយ៉ាងណាការប្រើប្រាស់ម៉ាស៊ីននៅតែមានផលចំណេញជាងប្រើប្រាស់កម្លាំងមនុស្សសម្រាប់ស្ទូង»។

ឯកឧត្តម យ៉ង សាំងកុមារ បានបន្ថែមថា ក្រសួងកសិកម្ម បានសម្រេចផ្តល់ម៉ាស៊ីននេះ ដល់សហគមន៍កសិកម្មដែលមានសក្តានុពលក្នុងការផលិតពូជស្រូវ ដែលមានសក្តានុពល សម្រាប់ការនាំចេញ ដូចជាពូជស្រូវសែនក្រអូប ផ្ការំដួល ជាដើម។ជារួម យើងមានបេសកកម្មសាងប្រព័ន្ធពូជសុទ្ធផ្ការំដួលលើផ្ទៃដី ២៥០ ០០០ ហិកតានៅទូទាំងប្រទេសសម្រាប់ឆ្លើយតបទៅនឹងតំរូវការផលិតកម្មអង្ករផ្ការំដួលដើម្បីនាំចេញឱ្យបានសម្រេចនៅឆ្នាំ ២០២៥ ។

លោក សែម សារុំ ប្រធានសហគមន៍កសិកម្មផលិតពូជស្រូវបក្សីរីករាយ នៅស្រុកត្រាំកក់ ខេត្តតាកែវ ដែលទើបតែទទួលបានម៉ាស៊ីនស្ទូវពីក្រសួងកសិកម្ម បានប្រាប់ថា ថ្វីត្បិតតែទទួលបានម៉ាស៊ីននេះ តែលោក និងសមាជិកដទៃមិនទាន់ចេះពីរបៀបប្រើវានៅឡើយទេ។ ម្យ៉ាងវិញទៀត រដូវប្រមូលផលទើបតែបញ្ចប់ ដូចនេះម៉ាស៊ីននេះ អាចនឹងប្រើប្រាស់នៅឆ្នាំក្រោយ។លោកបានបន្ថែមថា មានតែសមាជិករបស់សហគមន៍ប៉ុណ្ណោះ ដែលអាចយកម៉ាស៊ីនទៅប្រើប្រាស់បាន ដោយគោលដៅសំខាន់ គឺប្រើប្រាស់សម្រាប់ផលិតពូជស្រូវ ដើម្បីចែកចាយដល់កសិករដាំដុះ ជាពិសេសប្រភេទពូជស្រូវផ្ការំដួល ចំប៉ី៧០ និងសែនក្រអូបជាដើម។

លោក សារុំ បានបញ្ជាក់ថា ថ្វីត្បិតតែម៉ាស៊ីននៅត្រូវការកម្លាំងមនុស្សជួយមែន តែយ៉ាងហោចណាស់ ក៏កាត់បន្ថយការប្រើប្រាស់កម្លាំងមនុស្សបានច្រើនដែរ ។

សូមបញ្ជាក់ដែរថា ក្រសួងកសិកម្ម បានដាក់ចេញនូវគោលនយោបាយជាតិអភិវឌ្ឍន៍វិស័យកសិកម្មឆ្នាំ២០២២-២០២៣ ផ្តល់នូវការតម្រង់ទិសយ៉ាងទូលំទូលាយ និងមុតស្រួចដើម្បីអភិវឌ្ឍន៍វិស័យនេះ សម្រាប់ក្រសួងស្ថាប័នពាក់ព័ន្ធរបស់រាជរ ដ្ឋាភិបាលកម្ពុជា ដៃគូអភិវឌ្ឍ និងវិស័យឯកជនរួមគ្នាអនុវត្ត។

នៅក្នុងគោលនយោបាយនេះ ក្រសួងក៏បានដាក់ចេញនូវផ្នែកសំខាន់ៗចំនួនបួន គឺ៖ ការធ្វើទំនើបកម្ម និងពាណិជ្ជូបនីយកម្មក្នុងខ្សែច្រវាក់តម្លៃកសិកម្ម, ការវិនិយោគសាធារណៈ និងឯកជនក្នុងវិស័យកសិកម្ម, កំណើនប្រកបដោយចីរភាព និងការបង្កើនភាពធន់ទៅនឹងការប្រែប្រួលអាកាសធាតុ និងការកែទម្រង់ស្ថាប័ន និងបញ្ហាអន្តរវិស័យ៕ ដោយ៖ វណ្ណ សុជាតា

ads banner