កម្ពុជា-ថៃ នឹងធ្វើការសិក្សាលម្អិតជាមួយគ្នាទាក់ទងនឹងគម្រោងបោសម្អាតតមីន និងគ្រាប់យុទ្ធភណ្ឌមិនទាន់ផ្ទុះតាមព្រំដែននៃប្រទេសទាំងពីរ
ភ្នំពេញ៖ មន្រ្តីជាន់ខ្ពស់នៃអាជ្ញាធរមីនកម្ពុជាបានលើកឡើងថា កម្ពុជា និងថៃ នឹងធ្វើការសិក្សាលម្អិតជាមួយគ្នាបន្តទៀតទាក់ទងនឹងគម្រោងបោសម្អាតមីន និងគ្រាប់យុទ្ធភណ្ឌមិនទាន់ផ្ទុះ នៅតាមទីតាំង និងភូមិសាស្ត្រជាប់ព្រំដែននៃប្រទេសទាំងពីរ ដែលជួបបញ្ហាប្រឈមដោយសារគ្រឿងផ្ទុះទាំងនេះ។
ឯកឧត្តមទេសរដ្ឋមន្រ្តី លី ធុជ អនុប្រធានទី១អាជ្ញាធរមីនបានប្រាប់ឱ្យដឹងដូចនេះកាលពីថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០២៣ បន្ទាប់ពីលោកបានជួបពិភាក្សាការងារស្តីពីកិច្ចសហប្រតិបត្តិការបោសសម្អាតមីនតាមតំបន់ព្រំដែនកម្ពុជា-ថៃ ជាមួយលោក Cherdkiat ATTHAKOR ឯកអគ្គរាជទូតថៃប្រចាំកម្ពុជា និងអគ្គនាយកនៃមជ្ឈមណ្ឌលសកម្មភាពកំចាត់មីនថៃ(TMAC) កាលពីសប្តាហ៍មុន។
ឯកឧត្តម លី ធុជ បានថ្លែងថា ៖ «យើងនឹងធ្វើការសិក្សាលម្អិតជាមួយគ្នានេះ ក្នុងការបោសម្ពាតមីន និងគ្រាប់យុទ្ធភណ្ឌមិនទាន់ផ្ទុះនេះនៅតាមទីតាំង និងភូមិសាស្ត្រនៅជាប់ព្រំដែនជែលជួបបញ្ហាប្រឈម។ ក្រោយទទួលបានព័ត៌មានលម្អិតពីភាគីថៃ ក្រុមការងារជំនាញរបស់កម្ពុជានឹងធ្វើការជាមួយគ្នា ដើម្បីផ្តល់នូវកិច្ចសហប្រតិបត្តិការក្នុងការឈានទៅដល់ការបោះសម្អាតក្នុងពេលវេលាសមស្របណាមួយ»។

ឯកឧត្តមបានលើកឡើងទៀតថា តាមរយៈកិច្ចសហប្រតិបត្តិការបោសសម្អាតមីន និងគ្រាប់មិនទាន់ផ្ទុះនៅតាមបន្ទាត់ព្រំដែននេះ លោកនាយកដ្ឋមន្ត្រីនៃប្រទេសកម្ពុជា និងប្រទេសថៃ មានបំណង និងចង់ឃើញតំបន់ព្រំដែននៃប្រទេសដែលមានរបងជាប់គ្នាទាំងពីរ ជាតំបន់ដែលមានសន្តិភាព សុវត្ថិភាព ជូនប្រជាពលរដ្ឋទាំងសងខាង និងធ្វើឱ្យតំបន់ទាំងនោះ មានការអភិវឌ្ឍន៍ផងដែរ។
ឯកឧត្តមមានប្រសាសន៍ថា ៖ «តំបន់មួយចំនួននៃតំបន់ព្រំដែនរបស់ប្រទេសទាំងពីរនេះ ជាអតីតតំបន់សមរភូមិ មានគ្រាប់មីន និងគ្រាន់មិនទាន់ផ្ទុះដែលអាចបង្កគ្រោះថ្នាក់ដល់ប្រជាពលរដ្ឋទាំងសងខាង និងជាឧបសគ្គដល់ការអភិវឌ្ឍន៍នៅតាមតំបន់នោះ។ ដូច្នេះ ខ្ញុំបានជំរាបជូនភាគីថៃដែរថា សម្តេចធិបតី ហ៊ុន ម៉ាណែត ចង់ឃើញតំបន់ទាំងពីរមានការអភិវឌ្ឍន៍ និងសុវត្ថិភាព ព្រមទាំងផ្តល់ផលប្រយោជន៍នៃប្រទេសទាំងពីរផងដែរ»។
ទោះបីជាយ៉ាងណាឯកឧត្តម លី ធុជ បញ្ជាក់បន្ថែមថា ៖ «ការងារនេះ មិនទាន់កំណត់ពេលវេលាជាក់លាក់ក្នុងការអនុវត្តនៅពេលណានៅឡើយទេ ដោយរងចាំព័ត៌មានលម្អិតពីភាគីថៃ ខណៈភាគីកម្ពុជាបានកំណត់ និងស្គាល់ទីតាំងច្បាស់លាស់ក្នុងការបោសសម្ពាតមីន និងគ្រាប់យុទ្ធភណ្ឌមិនទាន់ផ្ទុះនេះ អស់ហើយ»។
សូមរម្លឹកដែរថា កាលពីថ្ងៃទី១៣ ខែកញ្ញា កន្លងទៅក្នុងពិធីបើកសិក្ខាសាលាថ្នាក់តំបន់ស្តីពីការជំរុញនវានុវត្តន៍ និងចីរភាពក្នុងសកម្មភាពមីន និងយុទ្ធភណ្ឌមិនទាន់ផ្ទុះ ឯកឧត្តម លី ធុជ បានអនុញ្ញាតឱ្យលោកCherdkiat ATTHAKOR ឯកអគ្គរាជទូតថៃប្រចាំកម្ពុជា និងលោក Supathat Narindarabhakdi អគ្គនាយកនៃមជ្ឈមណ្ឌលសកម្មភាពកំចាត់មីនថៃ (TMAC) ព្រមទាំងសហការី សម្តែងការគួរសម និងជួបពិភាក្សាការងារ ស្តីពីកិច្ចសហប្រតិបត្តិការបោសសម្អាតមីនតាមតំបន់ព្រំដែនកម្ពុជា-ថៃ។
ក្នុងឱកាសនោះឯកឧត្តមបានលើកឡើងពីទំនាក់ទំនងនិងកិច្ចសហប្រតិបត្តិការយ៉ាងជិតស្និទ្ធរវាងប្រទេស និងប្រជាជនទាំងពីរដែលមានព្រំប្រទល់ជាប់គ្នា ព្រមទាំងបានគូសបញ្ជាក់ពីចក្ខុវិស័យដឹកនាំរបស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការដោះស្រាយបញ្ហាមីននៅកម្ពុជាឱ្យអស់ត្រឹមឆ្នាំ២០២៥៕ ដោយ៖ គឹម យុត្ថារ៉ូ