យន្តហោះដឹកជនជាតិអាមេរិកប្រាំ នាក់ដែលអ៊ីរ៉ង់បានដោះលែង ចេញពីទីក្រុងដូហា

តេហេរ៉ង់៖ ថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ២០២៣ យន្តហោះអាមេរិកមួយគ្រឿងបានដឹកជនជាតិអាមេរិកចំនួនប្រាំនាក់ដែលត្រូវបានដោះលែងដោយអ៊ឺរ៉ង់ ទៅកាន់សហរដ្ឋអាមេរិកវិញ ដែលនេះជាថ្នូរនឹងការដោះលែងពលរដ្ឋអ៊ីរ៉ង់ប្រាំនាក់ដែលអាមេរិកបានចាប់ឃុំខ្លួន។

មិនត្រឹមតែប៉ុណ្ណោះ អាមេរិកក៏បានជួយសម្រួលឱ្យមានការផ្ទេរប្រាក់ចំនួនប្រាំមួយប៊ីលានដុល្លារដែលជាមូលនិធិរបស់អ៊ីរ៉ង់នៅបរទេសផងដែរ។ នេះគឺជាកិច្ចព្រមព្រៀងដ៏កម្រមួយមិនធ្លាប់មានពីមុនរវាងប្រទេសបច្ចាមិត្តនឹងគ្នាជាយូរមកហើយ។

ប្រធានាធិបតីអាមេរិក លោក ចូ បៃដិន (Joe Biden) បានប្រកាសនៅក្នុងសេចក្តីថ្លែងការណ៍មួយថា ៖ «ថ្ងៃនេះ ជនជាតិអាមេរិកចំនួន ៥ នាក់ដែលត្រូវបានឃុំខ្លួនដោយខុសច្បាប់នៅក្នុងប្រទេសអ៊ីរ៉ង់ ទីបំផុតបានត្រលប់មកផ្ទះវិញហើយ»។

សេតវិមានបានបញ្ជាក់ថា ៖ «យន្តហោះដឹកអ្នកទាំងប្រាំនាក់ រួមទាំងសមាជិកគ្រួសារអាមេរិកពីរនាក់ដែលបានចាកចេញពីក្រុងតេហេរ៉ង់នៅមុននេះ កំពុងធ្វើដំណើរទៅកាន់សហរដ្ឋអាមេរិកហើយ។ ពួកគេនឹងទទួលបានការព្យាបាលដោយយោធាអាមេរិក និងសម្របខ្លួនទៅនឹងសេរីភាពដែលពួកគេធ្លាប់មានពីមុន»។

ទន្ទឹមនឹងនេះ ទូរទស្សន៍រដ្ឋ Press TV របស់ប្រទេសអ៊ីរ៉ង់ក៏បានរាយការណ៍ថា ជនជាតិអ៊ីរ៉ង់ទាំងប្រាំ នាក់ដែលសហរដ្ឋអាមេរិកឃុំខ្លួន និងចោទប្រកាន់ពីបទប្រព្រឹត្តឧក្រិដ្ឋកម្ម ត្រូវបានដោះលែងហើយ។ ទូរទស្សន៍នេះបានបញ្ជាក់ថា ពួកគេត្រូវបានផ្តល់ការលើកលែងទោស។ ២ នាក់ក្នុងចំណោម ៥ នាក់បានធ្វើដំណើរមកដល់ទីក្រុងតេហេរ៉ង់ហើយ។ ដោយឡែក សម្រាប់ ៣ នាក់ទៀតនឹងមិនត្រឡប់ទៅប្រទេសអ៊ីរ៉ង់វិញនោះទេ។

ប្រធានាធិបតីអ៊ីរ៉ង់ លោក អេប្រាហ៊ិម រ៉ាយស៊ី (Ebrahim Raisi) បានយល់ឃើញថា ការដោះលែងនេះគឺជាទង្វើមនុស្សធម៌ដែលជាគំរូល្អមួយសម្រាប់កិច្ចព្រមព្រៀងនាពេលអនាគត។ យ៉ាងណាក៏ដោយ គេនៅមិនទាន់ច្បាស់នោះទេថា តើការដោះដូរនេះនឹងនាំឱ្យមានវឌ្ឍនភាពលើបញ្ហាសំខាន់ៗដែរឬក៏យ៉ាងណានោះទេ ដែលក្នុងនោះរួមមានដូចជាកម្មវិធីនុយក្លេអ៊ែររបស់អ៊ីរ៉ង់ ការគាំទ្រក្រុមប្រដាប់អាវុធក្នុងតំបន់ វត្តមានកងទ័ពអាមេរិកនៅឈូងសមុទ្រ និងការដាក់ទណ្ឌកម្មជាដើម។

ទំនាក់ទំនងរវាងសហរដ្ឋអាមេរិក និងអ៊ីរ៉ង់ ដែលជាសត្រូវនឹងគ្នាអស់រយៈពេលជាង ៤០ ឆ្នាំមកនេះ បានជួបនឹងភាពជូរចត់ ជាពិសេសចាប់តាំងពីអតីតប្រធានាធិបតីសហរដ្ឋអាមេរិក លោក ដូណាល់ ត្រាំ (Donald Trump) បានដកខ្លួនចេញពីកិច្ចព្រមព្រៀងទប់ស្កាត់កម្មវិធីនុយក្លេអ៊ែររបស់អ៊ីរ៉ង់នៅឆ្នាំ២០១៨ និងបានដាក់ទណ្ឌកម្មលើអ៊ីរ៉ង់ឡើងវិញ។

លោក ហេនរី រ៉ូម (Henry Rome) មកពីវិទ្យាស្ថានវ៉ាស៊ីនតោនសម្រាប់គោលនយោបាយតំបន់ក្បែរបូព៌ា (WINEP) បាននិយាយថា ៖ «ការដោះដូរអ្នកទោសទំនងជាអាចបើកផ្លូវការទូតបន្ថែមទៀត ជុំវិញកម្មវិធីនុយក្លេអ៊ែរ បើទោះបីជាក្ដីសង្ឃឹមនៅមានតិចតួច និងត្រូវចំណាយពេលយូរទៀតក៏ដោយ»។

គួរដឹងដែរថា លោក បៃដិន បានថ្លែងអំណរគុណចំពោះប្រទេសកាតា អូម៉ង់ ស្វីស និងកូរ៉េខាងត្បូង សម្រាប់ការជួយដល់ដំណើរការដោះលែងនេះ។ លោកបានថ្លែងថា «យើងនឹងជំរុញឱ្យប្រទេសអ៊ីរ៉ង់ទទួលខុសត្រូវចំពោះសកម្មភាពបង្កហេតុរបស់ពួកគេនៅក្នុងតំបន់»។

គួរបញ្ជាក់ថា កាតាជាប្រទេសដែលបានជួយសម្របសម្រួលកិច្ចពិភាក្សារវាងសហរដ្ឋអាមេរិក និងអ៊ីរ៉ង់ ទាក់ទងនឹងអ្នកជាប់ឃុំ ខណៈដែលប្រទេសស្វីស បានដើរតួក្នុងនាមតំណាងឱ្យសហរដ្ឋអាមេរិកក្នុងការជួយផ្ទេរមូលនិធិពីកូរ៉េខាងត្បូងទៅកាន់ប្រទេសកាតា។

ជំនួយការរបស់លោក បៃដិន បានអះអាងថា មូលនិធិនេះជារបស់ប្រទេសអ៊ីរ៉ង់ ហើយកំពុងត្រូវបានផ្ទេរពីគណនីរបស់ប្រទេសកូរ៉េខាងត្បូងទៅកាន់គណនីរបស់ប្រទេសកាតា។ យ៉ាងណាមិញ អ៊ីរ៉ង់អាចប្រើប្រាស់មូលនិធិនេះក្នុងការចំណាយទៅលើតែស្បៀងអាហារ ថ្មាំពេទ្យ និងរបស់របរមនុស្សធម៌ផ្សេងទៀត ដោយមានការត្រួតពិនិត្យចំណាយពីសហរដ្ឋអាមេរិកតែប៉ុណ្ណោះ។

គួរបញ្ជាក់ថា ជនជាតិអាមេរិកទាំងពីរ នាក់ជាអ្នកជំនួញ ហើយម្នាក់ទៀតគឺជាអ្នកបរិស្ថានដែលកាន់សញ្ជាតិអង់គ្លេស។ ដោយឡែក អត្តសញ្ញាណរបស់ពីរ នាក់ទៀតត្រូវបានរក្សាការសម្ងាត់ ស្របតាមសំណើសុំឱ្យរក្សាឯកជនភាពរបស់ពួកគេ៕ ប្រែសម្រួល៖ ធា សុណា

ads banner