រយៈពេលប្រាំបីខែ កម្ពុជា នាំចេញផ្លែមៀនស្រស់បានជាងប្រាំបីពាន់តោន

អត្ថបទដោយ៖
CPA

ភ្នំពេញ៖ របាយកាណ៍ពីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទបានឱ្យដឹងថា នៅក្នុងរយៈពេលប្រាំបីខែ ឆ្នាំ២០២៣នេះ កម្ពុជាបានសម្រេចការនាំចេញផ្លែមៀនស្រស់ទៅកាន់ប្រទេសចិន ក្នុងបរិមាណជាង ៨ ១១៨ តោន កើនឡើងជាង ៣ ៧២០ភាគរយ បើធៀបនឹងរយៈពេលដូចគ្នាក្នុងឆ្នាំ២០២២។

តាមរយៈកំណើននៃការនាំចេញផ្លែមៀនស្រស់ទៅកាន់ប្រទេសចិននេះត្រូវបានអ្នកនាំពាក្យក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ កញ្ញា អ៊ឹម រចនា ប្រាប់ឱ្យដឹងនៅថ្ងៃទី១៩ ខែកញ្ញា ថា ដោយសារតែគុណភាពរបស់ផ្លែមៀនកម្ពុជា ត្រូវបានទទួលស្គាល់ពីខាងចិន និងមានតម្រូវការបញ្ជាទិញច្រើន ទើបមានការកើនឡើងច្រើនបែបនេះ។គ្រាន់តែក្នុងខែសីហាមួយ ការនាំចេញផ្លែមៀនស្រស់ សម្រេចបាន ៣ ២៥០ តោន ជាបរិមាណដ៏ច្រើនដែលកំណើននេះដោយសារតែមានការផ្សព្វផ្សាយលក់មៀនខ្មែរតាមរយៈទីផ្សារអនឡាញនានារបស់ចិន ជាពិសេសការដាក់លក់នៅផ្សារអនឡាញអាលីបាបា ដែលជាផ្សារដ៏ធំរបស់ចិនផងដែរ។

កញ្ញាអ្នកនាំពាក្យបានបញ្ជាក់ថា ៖ «គុណភាព និងរសជាតិ ផ្លែមៀនរបស់យើង ត្រូវបានប្រជាជនចិនទទួលស្គាល់ថាមានរសជាតិឆ្ងាញ់ និងមានគុណភាពល្អ សូម្បីតែកន្លងនៅក្នុងដំណើរទស្សនកិច្ចរបស់ថ្នាក់ដឹកនាំកម្ពុជាទៅកាន់ប្រទេសចិន ចិនក៏បានយកផ្លែមៀនស្រស់ដើម្បីទទួលផងដែរ។ នេះជាមោទនភាពមួយសម្រាប់ផលិតផលផ្លែឈើយើង»។

បើតាមអ្នកនាំពាក្យក្រសួងកសិកម្ម បច្ចុប្បន្នក្រសួងកំពុងតែជួយកសិករ ដោយធ្វើយ៉ាងណាពង្រឹងការដាំដុះផ្លែមៀនប៉ៃលិននេះ ឱ្យមានគុណភាព សុវត្ថិភាព សមស្របតាមស្តង់ដារអនាម័យ និងភូតគាមអនាម័យដែលប្រទេសចិនចង់បាន។

លោក សាយ ចំរើន តំណាងក្រុមហ៊ុន ឆាយណា ជីនវ័រយាន អ៊ីមផត អ៊ិចផត ដែលជាក្រុមហ៊ុនប្រមូលទិញមៀនប៉ៃលិនស្រស់ពីកសិករ សម្រាប់នាំចេញទៅកាន់ប្រទេសចិន បានប្រាប់ឱ្យដឹងដែរថា ការនាំចេញផ្លែមៀនប៉ៃលិនស្រស់ទៅកាន់ប្រទេសចិន គឺបានប្រព្រឹត្តទៅដោយរលូន ដោយគិតចាប់ពីខែកក្កដាមក រហូតដល់ពេលនេះ ក្រុមហ៊ុននាំចេញផ្លែមៀនស្រស់ ចំនួន៤៣ទូកុងតឺន័រហើយ ដែលស្មើនឹងប្រមាណមួយពាន់តោន។

ដ្បិតតែការនាំចេញ បានធ្វើឡើងដោយរលូនក៏ពិតមែន ប៉ុន្តែលោក ចំរើន ថា ការចំណាយថ្លៃដើមខ្ពស់ ដោយសារតម្លៃដឹកជញ្ជូនតាមកំពង់ផែព្រះសីហនុ និងនាំចេញតាមកំពង់ផែវៀតណាមមានតម្លៃថ្លៃ ក្នុងនោះការនាំចេញតាមផែកំពង់ផែព្រះសីហនុតម្លៃ ៣ ៤០០ ដុល្លារ។ ឯកំពង់ផែវៀតណាមតម្លៃ ៣ ១០០ដុល្លារ ក្នុងមួយទូកុងតឺន័រ។

លោកបានបញ្ជាក់ថា ៖ «យើងស្នើសុំឱ្យក្រសួងស្ថាប័នពាក់ព័ន្ធជួយសម្របសម្រួល ដឹកជញ្ជូនតាមផែប្រទេសថៃវិញ ដែលមានតម្លៃ ២ ៥០០ ដុល្លារ ក្នុងមួយទូកុងតឺន័រ វាធូរថ្លៃជាងដឹកតាមផែយើង និងផែវៀតណាម។ ដោយសារថៃគេមាននាំចេញមៀនស្រស់ដែរ ចឹងគេមិនឱ្យយើងដឹកចេញតាមផែគេទេ»។

ចំពោះការប្រមូលមៀនប៉ៃលិនវិញ ប្រធានសមាគមមៀនប៉ៃលិន លោក សួស ស៊ីយ៉ាត បានប្រាប់ឱ្យដឹងថា ការប្រមូលផលផ្លែមៀន បានចាប់ផ្តើមឡើងតាំងពីខែកក្កដា មកម្ល៉េះ ដោយនឹងបន្តរហូតដល់ខែឧសភា ឆ្នាំ២០២៤ ដោយដំណាំប្រភេទនេះ អាចប្រមូលស្ទើរពេញមួយឆ្នាំ ព្រោះតែការប្រើប្រាស់ថ្នាំសម្រាប់បញ្ជាឱ្យចេញផ្លែ។

បើតាមលោក ស៊ីយ៉ាត ដំណាំមៀនប៉ៃលិនឆ្នាំនេះ ហាក់មានបញ្ហាប្រឈមខ្លះ ដោយសារបញ្ហាអាកាសធាតុរាំងស្ងួត ដែលអាចនឹងធ្វើឱ្យផ្លែមៀនស្រស់អន់គុណភាព។ បែបនេះក្តី លោកថា មិនមានផលប៉ះពាល់ខ្លាំងដល់ប្រមូលផលសម្រាប់នាំចេញនោះទេ។

លោក ស៊ីយ៉ាត បានបញ្ជាក់ថា ៖ «នៅតំបន់មួយចំនួនតូចមានការខ្វះខាតទឹក ខណៈដែលខេត្តប៉ៃលិនមានភ្លៀងធ្លាក់តិចតួចផងនោះ បានធ្វើឱ្យដំណាំមៀនប៉ៃលិននេះជួបបញ្ហាប្រឈម និងអន់ថយគុណភាពសាច់មៀន តែកន្លែងប៉ះពាល់ហ្នឹងមិនច្រើនទេ មានតិចតួចប៉ុណ្ណោះ ព្រោះថាកសិករភាគច្រើនគេបុកអណ្តូងទឹកផ្ទាល់ខ្លួន»៕ ដោយ៖ វណ្ណ សុជាតា

ads banner