លោក បៃដិន ប្រាប់មេដឹកនាំអាស៊ីកណ្តាលថា ពិភពលោកនឹងមានសុវត្ថិភាព នៅពេលពួកយើងរួបរួមគ្នា
ញូវយ៉ក៖ មេដឹកនាំអាមេរិក នៅថ្ងៃទី២០ ខែកញ្ញានេះ បានសង្កត់ធ្ងន់លើបញ្ហា “បូរណភាពទឹកដី” នៃបណ្តាប្រទេសអាស៊ីកណ្តាល បន្ទាប់ពីគាត់បានជួបជាមួយមេដឹកនាំក្នុងតំបន់នេះ និងថា ឆាប់ៗនេះ លោកអាចនឹងទៅបំពេញទស្សនកិច្ចនៅប្រទេសមួយ ដែលរុស្ស៊ីចាត់ទុកថា ជាទឹកដីរបស់ខ្លួន។

ប្រធានាធិបតីអាមេរិក លោក ចូ បៃដិន បានប្រាប់មេដឹកនាំមកពីបណ្តាប្រទេសអាស៊ីកណ្តាលចំនួន ៥ ដែលហៅកាត់ថា “C5” រួមមានកាហ្សាក់ស្ថាន កៀហ្ស៊ីស៊ីស្ថាន តាហ្ស៊ីគីស្ថាន តួកម៉េនីស្ថាន និងអ៊ូសបេគីស្ថាន បន្ទាប់ពីកិច្ចប្រជុំរួមគ្នាលើកដំបូងរបស់ពួកគេ នៅខាងក្រៅមហាសន្និបាតអង្គការសហប្រជាជាតិនៅទីក្រុងញូវយ៉កថា នេះគឺជាពេលវេលាជាប្រវត្តិសាស្រ្ត… ខ្ញុំទន្ទឹងរង់ចាំជួបអ្នកឆាប់ៗនេះ ដែលជាប្រហែលជានៅក្នុងប្រទេសមួយរបស់អ្នក។

ពាក់ព័ន្ធនឹងការឈ្លានពានរបស់រុស្ស៊ីលើអ៊ុយក្រែន លោក បៃដិន បានគូសបញ្ជាក់យ៉ាងដូច្នេះថា អតីតសាធារណរដ្ឋសូវៀត និងសហរដ្ឋអាមេរិកមានការប្តេជ្ញាចិត្តរួមគ្នាចំពោះអធិបតេយ្យភាព ឯករាជ្យភាព បូរណភាពទឹកដី។ គោលការណ៍ទាំងនេះមានសារៈសំខាន់ជាងពេលណាៗទាំងអស់ តាមទស្សនៈរបស់ខ្ញុំ… ដូច្នេះខ្ញុំជឿជាក់ថា ពិភពលោកមានសុវត្ថិភាពជាង នៅពេលដែលពួកយើងរួបរួមគ្នា។

នៅក្នុងសុន្ទរកថានៅឯអង្គការសហប្រជាជាតិមុននេះ លោក បៃដិន បានព្រមានថា ការឈ្លានពានរបស់ប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀ ពូទីន ទៅលើអ៊ុយក្រែន អាចធ្វើឲ្យប៉ះពាល់ដល់គោលការណ៍អធិបតេយ្យភាពជាតិរបស់ស្ថាប័នពិភពលោក៕


ប្រភព៖ AFP ប្រែសម្រួលដោយ៖ ឈឹម ទីណា