លោក ពូទីន៖ សេដ្ឋកិច្ចរុស្ស៊ីបានងើបឡើងវិញពីសម្ពាធទណ្ឌកម្មមិនធ្លាប់មានពីមុន

មូស្គូ៖ មេដឹកនាំរុស្ស៊ីបានថ្លែងថា ប្រទេសរបស់គាត់បានទប់ទល់នឹងការរឹតបន្តឹងដែលមិនធ្លាប់មានពីមុនមកដោយជោគជ័យ ប្រឆាំងនឹងសេដ្ឋកិច្ចរបស់ខ្លួន។

នៅក្នុងកិច្ចប្រជុំថ្នាក់រដ្ឋាភិបាល ស្តីពីសេចក្តីព្រាងថវិកាសហព័ន្ធសម្រាប់ឆ្នាំ ២០២៤-២០២៦ ប្រធានាធិបតីរុស្ស៊ី លោក វ៉្លាឌីមៀ ពូទីន បានថ្លែងអះអាងថា ផលិតផលក្នុងស្រុកសរុប (GDP) របស់រុស្ស៊ី ជាថ្មីម្តងទៀតបានឈានដល់កម្រិតដែលខ្លួនមាន មុនពេលរងទណ្ឌកម្មទាក់ទងនឹងសង្រ្គាមនៅអ៊ុយក្រែន។

នាឱកាសនោះ លោក ពូទីន បានគូសបញ្ជាក់យ៉ាងដូច្នេះថា ជាទូទៅ យើងអាចនិយាយបានថា ដំណាក់កាលនៃការស្តារសេដ្ឋកិច្ចរុស្ស៊ីឡើងវិញបានបញ្ចប់ទាំងស្រុង… យើងបានទប់ទល់នឹងសម្ពាធពីខាងក្រៅដែលមិនធ្លាប់មានពីមុនមក ក្នុងនោះមានការដាក់ទណ្ឌកម្មទៅលើឥស្សរជនដែលកំពុងកាន់អំណាចមួយចំនួន ពីសំណាក់ប្លុកប្រទេសលោកខាងលិច។

លោក ពូទីន បន្តថា ផលិតផលក្នុងស្រុកសរុប (GDP) របស់រុស្ស៊ី ឥឡូវនេះបានឈានដល់កម្រិតដែលវាធ្លាប់មាននៅឆ្នាំ ២០២១ ហើយថា វាមានសារៈសំខាន់ណាស់ ក្នុងការបង្កើតលក្ខខណ្ឌសម្រាប់ការអភិវឌ្ឍបន្ថែមទៀតប្រកបដោយស្ថិរភាព និងមានរយៈពេលវែង។

លោក ពូទីន បនែ្ថមថា នៅក្នុងខែមេសា កំណើន GDP របស់រុស្ស៊ី ត្រូវបានគេព្យាករណ៍ថា នឹងមានចំនួន ១.២ភាគរយ ប៉ុន្តែតាមពិត យើងបានកើនឡើងលើសគោលដៅនេះរួចហើយ ហើយនៅចុងឆ្នាំនេះ កំណើនផលិតផលក្នុងស្រុកសរុបអាចឈានដល់កម្រិត ២.៥ភាគរយ ឬកើនដល់ ២.៨ភាគរយ៕

ប្រភព៖ RT ប្រែសម្រួលដោយ៖ ឈឹម ទីណា

ឈឹម​ ទីណា​
ឈឹម​ ទីណា​
តាមរយៈការចូលរួមនៅតាមស្ថាប័នធំៗជាច្រើន រួមមានទូរទស្សន៍ គេហទំព័រ និងបណ្តាញសង្គមនានា បូករួមនឹងជំនាញបន្ថែមក្នុងការសរសេរ កាត់ត និងអាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner