ប្រមុខការពារជាតិអាមេរិក៖ រថក្រោះ M1 Abrams នឹងបញ្ជូនទៅដល់អ៊ុយក្រែនឆាប់ៗនេះ
វ៉ាស៊ីនតោន៖ រដ្ឋមន្រ្តីការពារជាតិអាមេរិក លោក ល្លយដ៍ អូស្ទីន នៅថ្ងៃទី១៩ ខែកញ្ញា បានបញ្ជាក់ថា ឆាប់ៗនេះ អ៊ុយក្រែននឹងទទួលបានរថក្រោះចម្បាំង M1 Abrams មកពីសហរដ្ឋអាមេរិក។
រដ្ឋមន្រ្តីការពារជាតិអាមេរិក លោក ល្លយដ៍ អូស្ទីន បានគូសបញ្ជាក់យ៉ាងដូច្នេះថា រថក្រោះចម្បាំង M1 របស់អាមេរិក នឹងមកដល់ប្រទេសអ៊ុយក្រែនក្នុងពេលឆាប់ៗនេះ ដែលនឹងជួយបង្កើនសមត្ថភាពពាសដែកដ៏ខ្លាំងក្លាមួយទៀត ដើម្បីចូលរួមជាមួយក្រុមរថយន្តក្រោះខ្លារខិន (Leopards) ដែលមានស្រាប់នៅលើសមរភូមិ។

បើតាមមន្រ្តីយោធាជាន់ខ្ពស់អាមេរិកមួយរូប រថក្រោះចម្បាំង M1 Abrams មួយគ្រឿងដំបូងនឹងបញ្ជូនទៅដល់អ៊ុយក្រែនក្នុងពេលប៉ុន្មានថ្ងៃខាងមុខ ហើយដំណើរការនេះនឹងបញ្ចប់ទាំងស្រុងក្នុងពេលប៉ុន្មានសប្តាហ៍ប៉ុណ្ណោះ។
សូមបញ្ជាក់ថា ទីក្រុងវ៉ាស៊ីនតោនបានសន្យានឹងផ្គត់ផ្គង់ដល់អ៊ុយក្រែននូវរថក្រោះចម្បាំងចំនួន ៣១គ្រឿង ហើយការប្រគល់វានឹងចាប់ផ្តើមពីឆ្នាំ ២០២៣ តទៅ ដែលនេះជាផ្នែកមួយនៃកញ្ចប់ជំនួយសន្តិសុខមានទំហំ ៤៣ពាន់លានដុល្លារ ដែលសហរដ្ឋអាមេរិកបានសន្យា ចាប់តាំងពីរុស្ស៊ីបានចូលលុកលុយអ៊ុយក្រែនកាលពីខែកុម្ភៈ ឆ្នាំ ២០២២៕

ប្រភព៖ AFP ប្រែសម្រួលដោយ៖ ឈឹម ទីណា