លោក Elon Musk យល់ស្របថា ការវាយបករបស់អ៊ុយក្រែនប្រឆាំងនឹងរុស្ស៊ីបានបរាជ័យ
វ៉ាស៊ីនតោន៖ យោងតាមរបាយការណ៍របស់ប្រទេសរុស្ស៊ី បានឱ្យដឹងថា អ៊ុយក្រែនបានបាត់បង់ទាហានច្រើនជាង ៧១,០០០នាក់ ចាប់តាំងពីដើមខែមិថុនាកន្លងទៅ ខណៈដែលទីក្រុងកៀវបានបរាជ័យក្នុងការវាយដណ្តើមយកទឹកដីមួយចំនួនពីរុស្ស៊ីត្រលប់មកវិញ។
អ្នកវិភាគបានលើកឡើងថា ដោយសារការខ្វះខាតវឌ្ឍនភាពរបស់អ៊ុយក្រែននៅលើសមរភូមិ អរិភាពកំពុងឆ្ពោះទៅរកភាពទាល់ច្រក ហើយថា រុស្ស៊ីអាចនឹងដណ្តើមយកទឹកដីពីអ៊ុយក្រែនកាន់តែច្រើន និងឈ្នះសង្រ្គាម។

ស្របពេលជាមួយគ្នានោះដែរ ស្ថាបនិកក្រុមហ៊ុន Space X និង Tesla លោក Elon Musk បានគូសបញ្ជាក់ថា កងទ័ពអ៊ុយក្រែនបានរងការខាតបង់យ៉ាងធំធេង អំឡុងពេលព្យាយាមវាយលុកតបតនឹងកងកម្លាំងរុស្ស៊ី ខណៈដែលទីក្រុងកៀវមិនអាចសម្រេចបានស្នាដៃជាដុំគំពួនអ្វីនោះទេ។
កាលពីពេលថ្មីៗកន្លងទៅនេះ ប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀ ពូទីន បានផ្តល់ការប៉ាន់ប្រមាណពីទំហំនៃការខាតបង់របស់អ៊ុយក្រែន ក្នុងការប៉ុនប៉ងវាយលុកប្រឆាំងនឹងកងទ័ពរុស្ស៊ី ដោយលោកបានអះអាងថា ទីក្រុងកៀវបានបាត់បង់កងទ័ពជាង ៧១.០០០នាក់ រថក្រោះ ៥៤៣គ្រឿង និងរថពាសដែកប្រភេទផ្សេងៗគ្នាជិត ១៨.០០០គ្រឿង៕

ប្រភព៖ RT ប្រែសម្រួលដោយ៖ ឈឹម ទីណា