ធនាគារ ADB ព្រមានពីហានិភ័យកាន់តែខ្លាំងចំពោះការអភិវឌ្ឍនៅអាស៊ី

ម៉ានីល៖ ធនាគារអភិវឌ្ឍន៍អាស៊ី (ADB) នៅថ្ងៃទី២០ ខែកញ្ញា បានបញ្ជាក់ថា ការអភិវឌ្ឍនៅអាស៊ីកំពុងប្រឈមនឹងហានិភ័យកាន់តែខ្លាំង ពីវិស័យអចលនទ្រព្យដែលជួបបញ្ហារបស់ប្រទេសចិន និងអត្រាការប្រាក់ខ្ពស់នៅជុំវិញពិភពលោក ខណៈដែលធនាគារនេះ បានកាត់បន្ថយការរំពឹងទុកកំណើនសេដ្ឋកិច្ចក្នុងតំបន់របស់ខ្លួន។

ធនាគារផ្តល់ប្រាក់កម្ចីដែលមានមូលដ្ឋាននៅទីក្រុងម៉ានីល ប្រទេសហ្វីលីពីន ADB បានគូសបញ្ជាក់ថា ផលិតផលក្នុងស្រុកសរុប (GDP) នៅតំបន់អាស៊ី ត្រូវបានព្យាករណ៍ថា នឹងកើនឡើង ៤.៧ភាគរយនៅឆ្នាំនេះ ទាបជាងការប៉ាន់ប្រមាណក្នុងខែមេសាបន្តិច គឺ ៤.៨ភាគរយ ប៉ុន្តែវាលឿនជាងកំណើន ៤.៣ភាគរយដែលបានកត់ត្រាកាលពីឆ្នាំមុន។

ធនាគារ ADB បានបញ្ជាក់នៅក្នុងការធ្វើបច្ចុប្បន្នភាពចុងក្រោយបំផុត នៃការព្យាករណ៍របស់ខ្លួន សម្រាប់ឆ្នាំនេះ និងឆ្នាំក្រោយថា ភាពទន់ខ្សោយនៅក្នុងវិស័យអចលនទ្រព្យរបស់ប្រទេសចិន អាចរារាំងដល់កំណើនសេដ្ឋកិច្ចក្នុងតំបន់ និងថា ហានិភ័យចំពោះទស្សនវិស័យបានកើនឡើង។

ធនាគារនេះបន្ថែមថា បញ្ហាប្រឈមផ្សេងទៀតរួមមានអត្រាការប្រាក់ខ្ពស់ និងការគំរាមកំហែងដល់សន្តិសុខស្បៀង ពីបាតុភូតអាកាសធាតុអែលនីណូ និងការរឹតបន្តឹងការនាំចេញដែលដាក់ដោយបណ្តាប្រទេសមួយចំនួនជាដើម។
ធនាគារ ADB ក៏បានទម្លាក់ការព្យាករអតិផរណារបស់ប្រទេសចិន មកត្រឹម ០.៧ភាគរយសម្រាប់ឆ្នាំនេះ បើធៀបនឹងការព្យាករកាលពីខែមេសា ដែលមានចំនួន ២.២ភាគរយ។

តួលេខផ្លូវការបង្ហាញថា ប្រទេសចិនបានធ្លាក់ចូលទៅក្នុងបរិត្តផរណាក្នុងរយៈពេលខ្លីក្នុងខែកក្កដាជាលើកដំបូងក្នុងរយៈពេលជាងពីរឆ្នាំ ដោយតម្លៃទំនិញបានធ្លាក់ចុះ ០.៣ភាគរយពីមួយឆ្នាំទៅមួយឆ្នាំ ប៉ុន្តែមានការព្យាករណ៍ថា វានឹងស្ទុះងើបឡើងវិញនៅខែបន្ទាប់៕ ប្រភព៖ ADB ប្រែសម្រួលដោយ៖ ឈឹម ទីណា

ឈឹម​ ទីណា​
ឈឹម​ ទីណា​
តាមរយៈការចូលរួមនៅតាមស្ថាប័នធំៗជាច្រើន រួមមានទូរទស្សន៍ គេហទំព័រ និងបណ្តាញសង្គមនានា បូករួមនឹងជំនាញបន្ថែមក្នុងការសរសេរ កាត់ត និងអាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner