វិមានក្រឹមឡាំង៖ លោក ពូទីន ជួបជាមួយប្រមុខការទូតចិន
មូស្គូ៖ ប្រធានាធិបតីរុស្ស៊ី លោក វ៉្លាឌីមៀ ពូទីន នៅថ្ងៃទី២០ ខែកញ្ញានេះ បានធ្វើជាម្ចាស់ផ្ទះស្វាគមន៍រដ្ឋមន្រ្តីការបរទេសចិន លោក វ៉ាង យី សម្រាប់កិច្ចពិភាក្សានៅទីក្រុង Saint Petersburg នេះបើតាមការបញ្ជាក់ពីវិមនក្រឹមឡាំង។
ប្រមុខការទូតចិន លោក វ៉ាង យី កំពុងបំពេញទស្សនកិច្ចរយៈពេល ៤ថ្ងៃមកកាន់ប្រទេសរុស្ស៊ី នៅក្នុងទំនាក់ទំនងកម្រិតខ្ពស់ចុងក្រោយរវាងទីក្រុងមូស្គូ និងទីក្រុងប៉េកាំង។ មុនជួបជាមួយប្រធានាធិបតីរុស្ស៊ី លោក វ៉្លាឌីមៀ ពូទីន លោក វ៉ាង ក៏បានជួបជាមួយរដ្ឋមន្ត្រីការបរទេសរុស្ស៊ី លោក សឺហ្គៃ ឡាវរូវ ផងដែរ កាលពីថ្ងៃចន្ទដើមសប្តាហ៍នេះ។
បើតាមប្រព័ន្ធផ្សព្វផ្សាយរដ្ឋចិន លោក វ៉ាង បានរំលឹកឡើងវិញនូវឯកសារគោលជំហររបស់ទីក្រុងប៉េកាំង ស្តីពីជម្លោះអ៊ុយក្រែន ដែលបានអំពាវនាវឱ្យមានកិច្ចចរចាសន្តិភាព ប៉ុន្តែឯកសារនោះ មានការជំទាស់ពីសហរដ្ឋអាមេរិក និងអង្គការណាតូ នៅពេលដែលវាត្រូវបានចេញផ្សាយកាលពីដើមឆ្នាំនេះ។
រុស្សី និងចិន តែងតែលើកឡើងពីភាពជាដៃគូ “គ្មានដែនកំណត់” របស់ពួកគេ និងកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច និងយោធា។ ជាក់ស្តែងកាលពីខែមីនា មេដឹកនាំចិនលោក ស៊ី ជីនពីង បានធ្វើទស្សនកិច្ចផ្លូវរដ្ឋទៅកាន់ទីក្រុងមូស្គូ ជាទីដែលគាត់ និងលោក ពូទីន បានស្វែងរកការបង្ហាញនូវរណសិរ្សរួបរួមប្រឆាំងនឹងប្រទេសលោកខាងលិច៕ ប្រភព៖ AFP ប្រែសម្រួលដោយ៖ ឈឹម ទីណា


