អភិបាលស្រុកតាំងគោក ចុះចែករទេះរុញដល់បងប្អូនពិការ និងចាស់ជរា ចំនួន៤២នាក់មកពី៨ឃុំ
(កំពង់ធំ)៖ លោក ហាក់ ម៉ុងហួត អភិបាលស្រុកតាំងគោក និងសហការី បានចុះចែកអំណោយសប្បុរសធម៌ដល់បងប្អូនពិការភាពចំនួន៤២នាក់មកពី៨ឃុំ នៃស្រុកតាំងគោក ខេត្តកំពង់ធំ នៅព្រឹកថ្ងៃទី២១ ខែកញ្ញា ឆ្នាំ២០២៣នេះ។
ក្នុងឱកាសនោះលោក ហាក់ ម៉ុងហួត បាននាំនូវការផ្ដាំផ្ញើសាកសួរសុខទុក្ខ ពីថ្នាក់ដឹកនាំ តែងតែដាស់តឿន និងផ្តល់ជាគំនិតឲ្យថ្នាក់ដឹកនាំភូមិ ឃុំ ស្រុក ត្រូវចុះជាប់ជាមួយប្រជាពលរដ្ឋនៅតាមមូលដ្ឋានតាមផ្ទះ ដើម្បីដឹងពីសុខទុក្ខ និងតម្រូវការផ្សេងៗ ងាយស្រួលក្នុងការស្វែងយន្ដការដោះស្រាយជាដើម។

លោកអភិបាលបានឲ្យដឹងថា ដោយមើលឃើញពីការលំបាក របស់បងប្អូនជនពិការក៏ដូចជាអាណាព្យាបាលដែល កំពុងចិញ្ចឹមបីបាច់កូនចៅពិការភាពរស់នៅក្នុងបន្ទុក លោក លី គីមឆេង និងក្រុមគ្រួសារ បានចូលរួមជាមួយអាជ្ញាធរក្នុងការចែកជូនជារទេះរុញដល់ជនពិការក្រីក្រ ដើម្បីជួយសម្រាលការលំបាកខ្លះជូនក្រុមគ្រួសារ និងសាមីខ្លួន។ការចែកជូននាពេលនេះ ធ្វើឡើងដើម្បីឆ្លើយតបទៅនឹង រាជរដ្ឋាភិបាលកម្ពុជា បានដាក់ចេញនូវយុទ្ធសាស្រ្តជាតិស្តីពីពិការភាព ដោយបានចែងយ៉ាងច្បាស់អំពីការផ្តល់ជូនជនពិការ នូវសេវាសុខភាពប្រកបដោយគុណភាព និងសមត្ថភាព ព្រមទាំងស្តារលទ្ធភាពពលកម្ម កាយសម្បទា និងសតិបញ្ញា។
លោកអភិបាលក៏បានថ្លែងអំណរគុណដល់ក្រុមគ្រួសារលោក លី គីមឆេង ដែលមានចិត្តសប្បុរសជួយដល់បងប្អូនពិការនាពេលនេះ ក៏ដូចជាកន្លងមកតែងតែចូលរួមជាមួយរដ្ឋបាលស្រុកនូវសកម្មភាពមនុស្សធម៌ជាច្រើនដើម្បីជាការរួមចំណែកក្នុងការអភិវឌ្ឍរបស់ប្រទេសជាតិ។

ក្រោយពីមានការចែកជូននូវអំណោយនេះ យើងសង្កេតឃើញ បងប្អូនជនពិការ និងក្រុមគ្រួសារ មានភាពសប្បាយរីករាយ ក្រៃលែង ដែលនេះបញ្ជាក់ឲ្យឃើញពីការយកចិត្តទុកដាក់ខ្ពស់ ចំពោះជនពិការគ្រប់ប្រភេទដោយមិនទុកឲ្យពួកគាត់រស់នៅ ឯកាឡើយ។
សូមបញ្ជាក់ផងដែរថាអំណោយដែលចែកជូនចំនួន៤២ នាក់មកពី៨ឃុំនៃស្រុកតាំងគោក ក្នុងម្នាក់ៗទទួលបាន៖ រទេះរុញ ១ ខោ អាវ ភួយ ក្រម៉ា គ្រឿងឧបភោគ បរិភោគ:ត្រីខ១យួរ ទឹកត្រី១យួរ មី១ឡូ និងប៊ីចេង និង ថវិកា មួយចំនួន ៕





ចាន់ វិចិត្រ