គូរស្នេហ៍រាជវង្សជប៉ុននៅវៀតណាម ដើម្បីប្រារព្ធខួប ៥០ឆ្នាំនៃចំណងមិត្តភាព

ហាណូយ៖ រាជទាយាទជប៉ុន Akishino និងម្ចាស់ក្សត្រី Kiko នៅថ្ងៃទី២១ ខែកញ្ញានេះ បានទទួលការស្វាគមន៍យ៉ាងកក់ក្តៅនៅទីក្រុងហាណូយ ពីក្រុមសិស្សសាលាដែលគ្រវីទង់ជាតិ ខណៈពេលដែលទ្រង់បានចាប់ផ្តើមដំណើរទស្សនកិច្ចរំលឹកខួបលើកទី ៥០នៃទំនាក់ទំនងការទូតរវាងប្រជាជាតិទាំងពីរ។

ប្រជាជាតិទាំងពីរ (ជប៉ុន-វៀតណាម) បានរក្សាទំនាក់ទំនងការទូត និងពាណិជ្ជកម្មយ៉ាងជិតស្និទ្ធជាមួយគ្នា ដោយជប៉ុនត្រូវបានចាត់ទុកជាដៃគូសេដ្ឋកិច្ចដ៏សំខាន់បំផុតមួយរបស់វៀតណាម។ ប្រជាជនវៀតណាមជិតកន្លះលាននាក់កំពុងរស់នៅក្នុងប្រទេសជប៉ុន នេះបើយោងតាមប្រព័ន្ធផ្សព្វផ្សាយរដ្ឋវៀតណាម ដកស្រង់តួលេខពីរដ្ឋាភិបាលជប៉ុន។

កំលុងដំណើរទស្សនកិច្ចរយៈពេល ៥ថ្ងៃរបស់គូរស្នេហ៍រាជវង្សជប៉ុន ត្រូវបានគេរំពឹងថា ពួកទ្រង់នឹងធ្វើដំណើរទៅកាន់ទីក្រុងដាណាង ក៏ដូចជាខេត្តកាងណាម ជាទីដែលអ្នកជំនួញជប៉ុនបានចូលមកធ្វើពាណិជ្ជកម្មក្នុងសតវត្សទី ១៦។ពួកទ្រង់ក៏នឹងជួបជាមួយគ្រួសារអតីតទាហានជប៉ុន ដែលបានស្នាក់នៅក្រោយសង្គ្រាមលោកលើកទី ២ ដើម្បីតស៊ូទាមទារឯករាជ្យវៀតណាមពីអាណានិគមបារាំងផងដែរ។

សូមរម្លឹកថា កាលពីខែមិថុនា ព្រះចៅអធិរាជជប៉ុន Naruhito និងព្រះមហេសី Masako ក៏បានយាងទៅកាន់ប្រទេសឥណ្ឌូនេស៊ី ដែលជាប្រធានសមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ ហៅកាត់ថា អាស៊ាន នៅឆ្នាំនេះ។ អាស៊ាន និងជប៉ុនឆ្នាំនេះក៏នឹងត្រូវប្រារព្ធខួប ៥០ឆ្នាំនៃចំណងមិត្តភាពផងដែរ៕ ប្រភព៖ AFP ប្រែសម្រួលដោយ៖ ឈឹម ទីណា

ឈឹម​ ទីណា​
ឈឹម​ ទីណា​
តាមរយៈការចូលរួមនៅតាមស្ថាប័នធំៗជាច្រើន រួមមានទូរទស្សន៍ គេហទំព័រ និងបណ្តាញសង្គមនានា បូករួមនឹងជំនាញបន្ថែមក្នុងការសរសេរ កាត់ត និងអាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner