មន្រី្ត និង​អ្នកវិភាគ​ បង្ហាញ​​មោទនភាពដែលកម្ពុជា​ធ្វើជាម្ចាស់ផ្ទះរៀបចំហ្វឹកហ្វឺនប្រតិបត្តិការពហុជាតិក្នុងសកម្មភាពសម្អាតមីន

អត្ថបទដោយ៖
CPA

ភ្នំពេញ៖ មន្រី្ត និង​អ្នកវិភាគនយោបាយ​កម្ពុជា ​បានចាត់​ទុកជាមោទភាពរបស់កម្ពុជា ដែលបានធ្វើជាម្ចា​ស់ផ្ទះរៀបចំលំហាត់ហ្វឹកហ្វឺនប្រតិបត្តិការពហុជាតិ​លើទីលានសកម្មភាពមីនមនុស្សធម៌ ក្នុងក្របខ័ណ្ឌរដ្ឋមន្ត្រីការពារជា​តិអាស៊ាន-បូក ក្រោ​មប្រធានបទ «មាតុភូមិដ៏បវរ ឆ្នាំ២០២៣» ​ជាលើកទី១ ដែលមាន​រយៈពេល​២៣ថ្ងៃ​។

លោក​ ថុង ម៉េងដាវិត អ្នកសិក្សា​ស្រាវជ្រាវ​នៅ​មជ្ឈមណ្ឌល​មេគង្គ​សម្រាប់​សិក្សា​យុទ្ធសាស្ត្រ​នៃ​វិទ្យាស្ថាន​ច​ក្ខុវិស័យ​អាស៊ី​ (AVI) បានប្រាប់ឱ្យដឹងថា ការធ្វើជាម្ចាស់នេះជាមោទនភាពសម្រាប់កម្ពុជា ហើ​យក៏រា​ប់បញ្ចូលជាភាពជោគជ័យផងដែរ ខណៈកម្ពុជាជាប្រទេសមានបទពិសោធន៍ជោកជាំហើយមានធនធានគ្រ​ប់គ្រាន់និងច្បាស់លាស់ក្នុងផ្នែកបោសសម្អាតមីននិងយុទ្ធភណ្ឌមិនទាន់ផ្ទុះនេះ។​

លោក​ថា ៖ «លំហាត់ហ្វឹកហ្វឺននេះនឹងផ្តល់ជាពុទ្ធិ ជំនាញនិងបច្ចេកទេសដល់សិក្ខាកាមដែលមកពីបណ្តាប្រទេសអាស៊ាននិងបូក ក៏ដូចជាការចែករំលែកបទពិសោធន៍និងការបង្កើនទំនុកចិត្តគ្នា​។ លើសពីនេះផងដែរ វាជួយដល់សហគមន៍​អាស៊ានក្នុងការលើកកម្ពស់សន្តិសុខ និងស្ថិរភាពតំបន់ក៏ដូចជាការ​ប្រឆាំងនឹងស​​ង្រ្គា​ម ព្រមទាំងអាវុធប្រឆាំងមនុស្សជាតិមួយចំនួនផងដែរ»​។​

កម្ពុជាក៏បានផ្តល់ជំនួយមនុស្សធម៌ដល់ប្រទេសអ៊ុយក្រែនដោយការបញ្ចូនអ្នកជំនាញដោះមីនទៅអ៊ុយក្រែន ហើយកម្ពុជាក៏បានកំពុងបំពេញបេសកកម្មរក្សាសន្តិភាពយ៉ាងសកម្មនៅបណ្តាប្រទេសមួយចំនួននៅអាហ្វ្រិកក្រោមឆ័ត្រអង្គការសហប្រជាជាតិ។ ​​

លោកបន្ថែមថា កម្ពុជាតែងតែបន្តគាំទ្រ និងជំរុញសកម្មភាពរក្សាសន្តិភាព និងស្ថិរភាពទាំងក្របខណ្ឌនិងពិភពលោកជានិច្ច ហើយតែងពង្រឹងកិច្ចសហប្រតិ​បត្តិជាមួយបណ្តាប្រទេសនានា ក្រោមស្មារតីច្បាប់អន្តរជាតិ និងពហុភាគីនិយម។​

ចំណែក លោកបណ្ឌិត​ គិន ភា ​ប្រធានវិទ្យាស្ថានទំនាក់ទំនង​អន្តរជាតិ​នៃរាជបណ្ឌិត្យសភាកម្ពុជា បាន​ប្រាប់ឱ្យដឹងដែរថា វាពិតជា​​មោទនភាព​ជាតិមួយ​​របស់​កម្ពុជា ​​ក្នុង​ស​កម្មភាពនៃការសម្អាត​មីន និង​យុទ្ធភ័ណ្ឌ​មិនទាន់​ ផ្ទុះ​ ​​ព្រោះកម្ពុជា​​ជាប្រទេស​ដែ​លធ្លាប់រងគ្រោះដោយ​សា​រមីន តែបានប្រែក្លាយ​ជាប្រទេស​ដែល​នាំកម្លាំងស​ម្អា​តមីន កម្លាំងដោះមីនទៅជួយដល់ប្រទេស​ផ្សេងៗ​ក្រោ​មបេសកកម្ម​​មនុស្សធម៌របស់អង្គការសហប្រជាជាតិ​ រួមទាំង​ការជួយដល់ប្រទេសអ៊ុយក្រែនផងដែរ។

លោកបានថ្លែងថា ៖ «អ្វីដែលជា​ផលប្រយោជន៍​​សំខាន់នោះ គឺ​កិត្យានុភាពជាតិ ដែល​យើងបានប្រែក្លាយ​ពី​ប្រទេសដែល​រងគ្រោះដោយសារមីន ដោយសារគ្រាប់​មិនទាន់ផ្ទុះ​ ដោយសារការរត់ប្រណាំង​នៃសព្វាវុធនៃ​ប្រទេស​មហាអំណាច​ មកជាប្រទេសដែលមាន​សុខសន្តិភាព ស្ថេរភាព ជាប្រទេសដែលចូលរួមចំណែក​យ៉ាងសកម្មក្នុងការសម្អាតមីននៅជុំវិញពិភពលោក»។

មួយវិញទៀត ព្រឹត្តិការណ៍នេះ​ក៏បង្ហាញពី​កម្ពុជាដែលមាន​តួនាទីកាន់តែ​សំខាន់ឡើង ស្ទើរតែ​គ្រប់​កិច្ចការ​តំ​បន់​ និងអន្តរជាតិ​ ហើយអ្វីដែលសំខាន់មួយទៀតនោះគឺការបង្ហាញឱ្យ​ឃើញពី​សមត្ថភាព​របស់​កម្ពុជា ដែ​ល​ពាក់ព័ន្ធនឹង​សន្តិភាព ស្ថេរភាពនយោបាយ​ ធនធានមនុស្ស សេដ្ឋកិច្ចហិរញ្ញវត្ថុ និង​ការរៀបចំនូវ​ការហ្វឹក​ហ្វឺនដ៏មានសារៈសំខាន់នេះ។

លោក គិន ភា បញ្ជាក់ថា ៖ «សកម្មភាពនេះ​នឹងធ្វើ​ឱ្យ​គេស្គាល់កម្ពុជា​កាន់តែ​ច្បាស់ ហើយក៏ជាផ្នែកមួយនៃការទូតសាធារណៈ​ ដែលពង្រឹង​នូវ​រូបភាព​​កម្ពុជាទៅតំបន់ និងពិភពលោក ដែលជាផ្នែកនៃសកម្មភាព​ការទូតសាធារណៈ​តាមរយៈសកម្មភាពមីន ការហ្វឹកហាត់ ហើយ​សកម្មភាពនេះ​ក៏ជាការរួមចំណែក​សម្រាប់វិស័យទេសចរណ៍​កម្ពុជា​យើង​ផងដែរ​»។​

ថ្លែង​នៅ​ក្នុង​សន្និសីទ​សារព័ត៌មានកាលពី​ថ្ងៃទី១៩ ខែកញ្ញាកន្លងមកឯកឧត្តម ឈុំ សុជាតិ ​រដ្ឋលេខាធិការក្រសួងការពារជាតិ​បានបង្ហាញនូវ​មោទភាពដែល​​កម្ពុជា​បានធ្វើជាម្ចា​ស់ផ្ទះរៀបចំលំហាត់ហ្វឹកហ្វឺនដ៏សំខា​ន់មួយនេះ។​

ឯកឧត្តមបានថ្លែងថា ៖ «លំហាត់ហ្វឹកហ្វឺនប្រតិបត្តិការពហុជាតិលើទីលានសកម្មភាពម​នុស្ស​ធម៌ក្នុងក្រ​បខ័ណ្ឌរដ្ឋមន្ត្រីការពារជាតិអាស៊ាន-បូក បានដំណើរការទៅដោយរលូន ប្រសិទ្ធភាព និងជោគ​ជ័យ ដោ​យបានបង្ហាញអំពីតួនាទីដ៏សំខាន់របស់កម្ពុជា នៅក្នុងតំបន់ក៏ដូចជានៅលើឆាកអន្តរជាតិជាថ្មីម្តងទៀត»​។​

សូមបញ្ជាក់ថា ការហ្វឹកហ្វឺននេះ ធ្វើឡើងសរុបរយៈពេល ២៣ថ្ងៃ ចាប់ពីថ្ងៃទី១ ដល់ថ្ងៃទី២​៣ ខែកញ្ញា ដោយមានការចូលរួមពីនាយទាហាន នាយទាហានរង ពលទាហាន សិក្ខាកាម យោធាចារ្យជាតិ-អន្តរជាតិជាច្រើន ក្នុងក្របខណ្ឌអាស៊ាន​​-បូក ដែលមាន ១៤ប្រទេស។

ក្នុងនោះ​រួមមាន៖ កម្ពុជា ចិន អូស្ត្រាលី ព្រុយណេដារូសាឡឹម ឥណ្ឌា ឥណ្ឌូនេស៊ី ជប៉ុន សាធា​រណរដ្ឋកូរ៉េ ឡាវ ហ្វីលីពីន រុស្សី សិង្ហបុរី សហរដ្ឋអាមេរិក និងវៀតណាម​ ​ក្នុងគោលដៅផ្លាស់ប្ដូរបទពិសោ​ធន៍គ្នាទៅវិញទៅមក ក៏ដូចជាបង្កើនចំណងសាមគ្គីភាព។​

បើតាមក្រសួងការពារជាតិ ការហ្វឹកហ្វឺនពហុជាតិនេះ ផ្តោតជាសំខាន់លើវិញ្ញាសារបោសសម្អាតមីន មនុ​ស្សធម៌ កម្ទេចយុទ្ធភណ្ឌមិនទាន់ផ្ទុះសង្គ្រោះបឋមជាដើម ទន្ទឹមនឹងនោះ មានបើកវេទិកាសម្រាប់ពិភាក្សា និងដកពិសោធន៍ ក្នុងកម្រិតអង្គការជំនាញអន្តរជាតិ និងមានវិជ្ជាជីវៈ មកពីបណ្តាប្រទេសចូលរួម ក្រោមប្រធានបទ «ការអភិវឌ្ឍនៃឧបករណ៍បោសសម្អាតមីន និងបច្ចេកទេសវិទ្យា នវានុវត្តន៍ និងការប្តូរបទពិសោធន៍»៕

ដោយ៖ សំបាន ច័ន្ទដារ៉ា

ads banner