អ្នកជំនាញ៖ ព្រឹត្តិការណ៍សមរាត្រីនៅប្រាសាទអង្គរ ផ្តល់ផលចំណេញច្រើនដល់វិស័យទេសចរណ៍កម្ពុជា
ភ្នំពេញ៖ ក្រសួងទេសចរណ៍បានឱ្យដឹងថា ព្រឹត្តិការណ៍សមរាត្រីនៅប្រាសាទអង្គរ(Equinox Angkor)ដែលជាព្រឹត្តិការណ៍ព្រះអាទិត្យរះនៅចំកំពូលកណ្ដាលប្រាសាទអង្គរវត្ត ត្រូវបានរំពឹងថា អាចនឹងកើតមានឡើងនៅក្នុងខែកញ្ញានេះ ខណៈ អ្នកជំនាញដែលធ្វើការក្នុងវិស័យទេសចរណ៍យល់ថា ព្រឹត្តិការណ៍នេះ ពិតជាបានផ្តល់ផលចំណេញច្រើនដល់វិស័យទេសចរណ៍កម្ពុជា។
យោងតាមសេចក្តីជូនដំណឹងរបស់ក្រសួងទេសចរណ៍ កាលពីថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០២៣ បានឱ្យដឹងថា ព្រឹត្តិការណ៍សមរាត្រីនៅប្រាសាទអង្គរ-Equinox Angkor គឺនឹងកើតមាននៅថ្ងៃទី២១ ដល់ថ្ងៃទី២៣ ខែកញ្ញា ឆ្នាំ២០២៣ ចន្លោះពីម៉ោង ៥ នាទី ដល់ម៉ោង ៧ នាទីព្រឹក។
ក្រសួងបន្តថា៖« ព្រឹត្តិការណ៍ព្រះអាទិត្យរះនៅចំកំពូលកណ្ដាលប្រាសាទអង្គរវត្ត នារដូវវស្សានេះ នឹងកើតទ្បើងចំថ្ងៃទី២១-២២-២៣ ខែកញ្ញា ហើយព្រឹត្តិការណ៍នេះ គឺជាសមរាត្រីរដូវវស្សា ដែលវេលាពេលថ្ងៃ និងរយៈពេលយប់មានស្មើគ្នា ដែលជាព្រឹត្តិការណ៍កើតឡើង២ដងតែប៉ុណ្ណោះក្នុងមួយឆ្នាំ គឺនៅក្នុងខែកញ្ញា និងខែមីនា»។
ជាមួយគ្នានេះ ក្រសួងទេសចរណ៍ ក៏បានប្រកាសជូនដំណឹងដល់ភ្ញៀវទេសចរជាតិ អន្តរជាតិ និងសាធារណជន ឱ្យបានជ្រាបថា ព្រឹត្តិការណ៍សមរាត្រីនៅប្រាសាទអង្គរ ដែលត្រូវបានគេស្គាល់ថាជាបាតុភូត ព្រះអាទិត្យរះចំកណ្តាលកំពូលប្រាសាទអង្គរ គឺជាការស្ដែងឱ្យឃើញពីអច្ឆរិយភាពនៃផ្នែកតារាសាស្ត្រ និងសំណង់ ស្ថាបត្យកម្មបុរាណរបស់បុព្វបុរសខ្មែរផងដែរ។
ជុំវិញព្រឹត្តិការណ៍នេះដែរ លោក តុប សុភ័ក្រ្ត អ្នកនាំពាក្យក្រសួងទេសចរណ៍ បានប្រាប់នៅថ្ងៃទី២១ ខែកញ្ញានេះថា បើតាមព័ត៌មានពីមន្ទីទេសចរណ៍ខេត្តសៀមរាប សម្រាប់ថ្ងៃទី២១ ខែកញ្ញានេះ ខេត្តសៀមរាប មិនទាន់បានមើលឃើញព្រឹត្តិការណ៍នេះច្បាស់នៅឡើយទេ ដោយសារតែមានភ្លៀងធ្លាក់។
លោកបន្តថា៖« ដោយសារតែខេត្តសៀមរាប មានភ្លៀង ហើយមានពពកច្រើន មិនទាន់អាចមើលឃើញព្រឹត្តិការណ៍នេះនៅឡើយទេ ដូច្នេះយើងសង្ឃឹមថា យើងនឹងអាចមើលឃើញព្រឹត្តិការនេះនៅថ្ងៃទី២២ ឬថ្ងៃទី២៣ ខែកញ្ញា ខាងមុខនេះ ប្រសិនបើគ្មានបញ្ហាអាកាសធាតុ»។
ទន្ទឹមនឹងការលើកឡើងនេះដែរ លោកស្រី ឆាយ ស៊ីវលីន ប្រធានសមាគមទីភ្នាក់ងារទេសចរណ៍កម្ពុជា នៅថ្ងៃទី២១ខែកញ្ញាបានឱ្យដឹងថា ខាងសមាគមបានជូនដំណឹង និងផ្សព្វផ្សាយទៅកាន់ប្រត្តិការករទេសចរណ៍ និងត្រៀមខ្លួនទទួលភ្ងៀវទេសចររួចរាល់ហើយដែរ។ លោកស្រីបន្តថា នៅពេលមានព្រឹត្តិការដ៏អស្ចារ្យនេះនៅប្រាសាទអង្ករវត្ត ពិតជាផ្តល់ផលចំណេញច្រើនដល់វិស័យទេសចរណ៍កម្ពុជា។
លោកស្រីបញ្ជាក់ថា៖«ព្រឹត្តិការណ៍សមរាត្រីនៅប្រាសាទអង្គរ គឺបង្ហាញពីភាពអស្ចារ្យនៃស្នាដៃរបស់បុព្វបុរសខ្មែរ ហើយមួយឆ្នាំយើងកើតឡើងពីរដង ដែលបានរួមចំណែកជួយទាក់ទាញភ្ងៀវទេសចរបានច្រើន។ជាងនេះទៀតការដែលយើងមានព្រឹត្តិការណ៍ជាបន្តបន្ទាប់ មិនថាព្រឹត្តិការណ៍ជាអព្ភូតហេតុក្តី ព្រឹត្តិការណ៍ដែលបង្កើតនិងច្នៃប្រឌិតក្តី សុទ្ធតែបង្កើតបានជាទស្សនីយភាពទាក់ទាញ ប្លែកភ្នែក ប្លែក អារម្មណ៍ដល់ភ្ងៀវទេសចរឱ្យមកទស្សនាកម្ពុជា និងកោតស្ងប់ស្ងែងដល់ដូនតាខ្មែរ ពិសេសជំរុញវិស័យទេសចរណ៍កម្ពុជាឱ្យកាន់តែរីកចម្រើន»។
បើតាមក្រសួងទេសចរណ៍ ឆ្នាំ២០២៣នេះ ព្រឹត្តិការណ៍សមរាត្រីនៅប្រាសាទអង្គរ លើកទី១ក្នុងខែមីនា(ដោយព្រះអាទិត្យ រះចំកំពូលប្រាសាទចំតែម្តង) មានអ្នកចូលរួមទស្សនា និងផ្ដិតយករូបភាពដ៏អស្ចារ្យនៃពីសំណាក់ភ្ញៀវទេសចរជាតិ និង អន្តរជាតិជាច្រើននាក់ផងដែរ ។
ជាការកត់សម្គាល់ក្នុងព្រះរាជពិធីប្រទានព្រះអគ្គិកីឡា សម្រាប់ព្រឹត្តិការណ៍ស៊ីហ្គេមលើកទី៣២ (32nd SEA Games) និងអាស៊ានប៉ារ៉ាហ្គេមលើកទី១២ (12th ASEAN Para Games) ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះ ក៏បានធ្វើឡើងនៅថ្ងៃទី២១ ខែមីនា ឆ្នាំ២០២៣ ក្នុងកំលុង “ព្រឹត្តិការណ៍សមរាត្រីនៅប្រាសាទអង្គរ ផងដែរ ក្រោមព្រះរាជាធិបតីដ៏ខ្ពង់ខ្ពស់បំផុត របស់ព្រះករុណាសម្ដេចព្រះបរមនាថ នរោត្ដមសីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា។
បើតាមរបាយការណ៍របស់មន្ទីរទេសចរណ៍ខេត្តសៀមរាប កាលព្រឹកថ្ងៃទី២១ ខែមីនា ឆ្នាំ២០២៣ មានភ្ញៀវទេសចរ និងបងប្អូនប្រជាពលរដ្ឋទៅទស្សនាព្រឹត្តិការណ៍សមរាត្រី ឬព្រះអាទិត្យរះចំកំពូលប្រាសាទអង្គរវត្ត ចំនួន ៨ ៧២៦នាក់ ក្នុងនោះភ្ញៀវទេសចរជាតិមានចំនួន ៦៥០០នាក់ និងភ្ញៀវទេសចរបរទេស ចំនួន ២២២៦នាក់៕
ដោយ៖ បូរ ពេជ្រហ្សាលីន