លោក បៃដិន ៖ រថក្រោះ Abrams ដំបូងរបស់អាមេរិកនឹងបញ្ជូនទៅដល់អ៊ុយក្រែនសប្តាហ៍ក្រោយ

វ៉ាស៊ីនតោន៖ មេដឹកនាំអាមេរិកនៅថ្ងៃទី២១ ខែកញ្ញា បានថ្លែងថា រថក្រោះចម្បាំង M1 Abrams របស់អាមេរិកនឹងបញ្ជូនទៅដល់ប្រទេសអ៊ុយក្រែននាសប្តាហ៍ក្រោយនេះ។

ប្រធានាធិបតីអាមេរិក លោក ចូ បៃដិន បាននិយាយនៅឯសេតវិមាន រួមជាមួយសមភាគីអ៊ុយក្រែន លោក វ៉ូឡូឌីមៀ ហ្សេលេនស្គី ដែលកំពុងបំពេញទស្សនកិច្ចជាលើកទីពីររបស់គាត់មកកាន់សហរដ្ឋអាមេរិកថា សប្តាហ៍ក្រោយ រថក្រោះចម្បាំង Abrams គ្រឿងដំបូងរបស់អាមេរិក នឹងបញ្ជូនទៅដល់ទឹកដីប្រទេសអ៊ុយក្រែនហើយ។

នាឱកាសនោះដែរ លោក បៃដិន ក៏បាននិយាយដែរថា លោកបានយល់ព្រមផ្តល់ជំនួយផ្នែកសន្តិសុខបន្ថែមទៀតសម្រាប់អ៊ុយក្រែន មានទឹកប្រាក់ចំនួន ៣២៥លានដុល្លារ។ ក្នុងនោះរួមបញ្ចូលទាំងមីស៊ីលការពារដែនអាកាស, គ្រាប់រំសេវសម្រាប់ប្រព័ន្ធបាញ់គ្រាប់រ៉ុក្កែត HIMARS,អាវុធប្រឆាំងរថក្រោះ និងគ្រាប់កាំភ្លើងធំ។ ប៉ុន្តែកញ្ចប់ជំនួយនោះ មិនមានមីស៊ីល ATACMS រយៈចម្ងាយឆ្ងាយ ដែលអ៊ុយក្រែនបានស្នើសុំម្តងហើយម្តងទៀតនោះទេ។

សូមបញ្ជាក់ថា សហរដ្ឋអាមេរិកបានសន្យាថា នឹងបញ្ជូនរថក្រោះ Abrams ចំនួន ៣១គ្រឿងទៅឱ្យអ៊ុយក្រែននៅដើមឆ្នាំនេះ ដែលជាផ្នែកមួយនៃកញ្ចប់ជំនួយផ្នែកសន្តិសុខមានទំហំជាង ៤៣ពាន់លានដុល្លារ ដែលបានសន្យាដោយទីក្រុងវ៉ាស៊ីនតោនក្នុងរយៈពេល ១៨ខែកន្លងមកនេះ៕ ប្រភព៖ AFP ប្រែសម្រួលដោយ៖ ឈឹម ទីណា

ឈឹម​ ទីណា​
ឈឹម​ ទីណា​
តាមរយៈការចូលរួមនៅតាមស្ថាប័នធំៗជាច្រើន រួមមានទូរទស្សន៍ គេហទំព័រ និងបណ្តាញសង្គមនានា បូករួមនឹងជំនាញបន្ថែមក្នុងការសរសេរ កាត់ត និងអាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner