ប្រមុខការទូតរុស្ស៊ីចោទលោកខាងលិចមានជាប់ពាក់ព័ន្ធដោយផ្ទាល់ក្នុងជម្លោះនៅអ៊ុយក្រែន
ញូវយ៉ក៖ រដ្ឋមន្រ្តីការបរទេសរុស្ស៊ី លោក សឺហ្គៃ ឡាវរូវ នៅថ្ងៃទី២៣ ខែកញ្ញា បានថ្លែងថា មហាអំណាចលោកខាងលិច តាមរយៈការគាំទ្ររបស់ពួកគេដល់អ៊ុយក្រែន បានលូកដៃក្នុងការប្រយុទ្ធដោយផ្ទាល់ប្រឆាំងនឹងរុស្ស៊ី។
រដ្ឋមន្រ្តីការបរទេសរុស្ស៊ី លោក សឺហ្គៃ ឡាវរូវ បាននិយាយក្នុងសន្និកាសែតមួយនៅឯអង្គការសហប្រជាជាតិយ៉ាងដូច្នេះថា ពួកគេ (លោកខាងលិច) កំពុងប្រយុទ្ធជាមួយយើង… យើងហៅវាថា ជាសង្រ្គាមកូនកាត់… ពួកលោកខាងលិចកំពុងប្រយុទ្ធប្រឆាំងនឹងយើងដោយពិតប្រាកដ ដោយប្រើទាំងដៃ និងសាកសពជនជាតិអ៊ុយក្រែន។

ទោះបីជាយ៉ាងណា ប្រធានាធិបតីអាមេរិក លោក ចូ បៃដិន បាននិយាយម្តងហើយម្តងទៀតថា លោកកំពុងស្វែងរកការជៀសវាងការប្រឈមមុខដាក់គ្នាដោយផ្ទាល់ជាមួយរុស្ស៊ី ដែលជាប្រទេសមហាអំណាចនុយក្លេអ៊ែរ។ រដ្ឋបាលរបស់គាត់ក៏មិនពាក់ព័ន្ធនឹងការវាយប្រហាររបស់អ៊ុយក្រែន ចូលទៅក្នុងប្រទេសរុស្ស៊ីផ្ទាល់ផងដែរ។
ប៉ុន្តែប្រមុខការទូតរុស្ស៊ីបានចង្អុលទៅលើឧបករណ៍យោធាលោកខាងលិចមានតម្លៃរាប់ពាន់លានដុល្លារ ដែលផ្តល់ដល់អ៊ុយក្រែន ចាប់តាំងពីរុស្ស៊ីបើកប្រតិបត្តិការយោធាពិសេសកាលពីឆ្នាំមុន ក៏ដូចជាការគាំទ្រផ្នែកចារកម្មរបស់សហរដ្ឋអាមេរិក និងអង់គ្លេស រួមទាំងវត្តមានរបស់ទីប្រឹក្សាយោធាលោកខាងលិច៕


ប្រភព៖ AFP ប្រែសម្រួលដោយ៖ ឈឹម ទីណា