សម្តេចធិបតី ហ៊ុន ម៉ាណែត សួរក្រុមប្រឆាំងថា តើយល់យ៉ាងណានៅពេលអាមេរិក ផ្តល់ជំនួយអភិវឌ្ឍន៍ ១៨លានដុល្លារមកកម្ពុជាឡើងវិញ
(ភ្នំពេញ)៖ សម្តេចធិបតី ហ៊ុន ម៉ាណែត សួរក្រុមប្រឆាំងថា តើយល់យ៉ាងណានៅពេលអាមេរិក ផ្តល់ជំនួយអភិវឌ្ឍន៍១៨លានដុល្លារមកកម្ពុជាឡើងវិញ? សម្តេច ថា ជំហររបស់រាជរដ្ឋាភិបាល គឺដើម្បីជាតិ និងប្រជាជន។ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានលើកដូច្នេះក្នុងឱកាសអញ្ជើញជួបសំណេះសំណាលជាមួយបងប្អូនសហគមន៍ខ្មែរ នៅសហរដ្ឋអាមេរិក និងកាណាដា នៅទីក្រុងញូវយ៉ក សហរដ្ឋអាមេរិក ២៥០០នាក់ នាថ្ងៃទី២៣ ខែកញ្ញា ២០២៣ ត្រូវនឹងថ្ងៃទី២៤ ខែកញ្ញា ឆ្នាំ២០២៣ វេលាម៉ោង ៤ព្រឹក នៅកម្ពុជា ។

សម្តេចធិបតី បានលើកឡើងថា បើអង្គការសហប្រជាជាតិ មិនទទួលស្គាល់រាជរដ្ឋាភិបាល គេមិនឱ្យសម្តេច ឡើងថ្លែងនៅអង្គការសហប្រជាជាតិនោះឡើយ ហើយអង្គការសហប្រជាជាតិ ក៏មិនឧទ្ទេសនាមសម្តេចជានាយករដ្ឋមន្ត្រីកម្ពុជាដែរ។ សម្តេច ថា មកដល់ពេលនេះ មានមេដឹកនាំប្រទេសជាមិត្តរហូតដល់ទៅប្រមាណ ៥៩ប្រទេស បានផ្ញើសារអបអរសាទរសម្តេចឡើងកាន់តំណែងជានាយករដ្ឋមន្ត្រី។
ក្នុងឱកាសសំណេះសំណាលនេះ សម្តេចធិបតី ហ៊ុន ម៉ាណែត បានមានប្រសាសន៍ថា ការជួបជាមួយអនុរដ្ឋមន្ត្រីការបរទេសស្តីទីរបស់អាមេរិក គឺដើម្បីពង្រីកទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការ។ សម្តេចបានចោទសួរទៅក្រុមប្រឆាំង តើយល់យ៉ាងណានៅពេលអាមេរិក ផ្តល់ជំនួយអភិវឌ្ឍន៍១៨លានដុល្លារមកកម្ពុជាឡើងវិញ? សម្តេចធិបតីបានថ្លែងថា ជំហររបស់រាជរដ្ឋាភិបាល គឺដើម្បីជាតិ និងប្រជាជន។

សម្ដេចនាយករដ្ឋមន្ត្រីបានរំលឹកទៀតថា ចំនួនពលរដ្ឋជាង៨លាន ២សែននាក់ ដែលចេញទៅបោះឆ្នោត គឺបានបង្ហាញភាពត្រឹមត្រូវ និងភាពស្របច្បាប់នៃការបង្កើតរាជរដ្ឋាភិបាលនៅកម្ពុជា។ ចំនួនពលរដ្ឋច្រើនលើសលប់ចេញទៅបោះឆ្នោត គឺបានបង្ហាញថា ពលរដ្ឋត្រូវការដំណើរប្រជាធិបតេយ្យ មិនត្រូវការសង្គ្រាមនោះឡើយ ព្រោះកម្ពុជា បានឆ្អែតឆ្អន់នឹងសង្គ្រាមអស់ហើយ។ ពលរដ្ឋខ្មែរភាគច្រើនដែលធ្លាក់ខ្លួនដល់អាមេរិកគឺដោយតែដោយសារតែសង្គ្រាម។
សម្តេចបានរំលឹកថា ការបោះឆ្នោតមុនៗពលរដ្ឋភ័យ នាំគ្នាដកលុយពីធនាគារ ប៉ុន្តែបោះឆ្នោតឆ្នាំ២០២៣ ពលរដ្ឋអត់ភ័យ បោះឆ្នោតហើយនាំគ្នាចេញទៅលេងព្រះសីហនុ និងបណ្ដាតំបន់ទេសចរណ៍ផ្សេងៗឡើងស្ទះផ្លូវតែម្ដង ដែលនេះបញ្ជាក់អំពីភាពសប្បាយរីករាយ ភាពពេញចិត្តនិងអ្វីដែលកម្ពុជាមានសុខសន្តិភាពពេញផ្ទៃប្រទេស។

សម្តេចធិបតី ក៏បានពន្យល់រឿងគេចោទថា សម្តេចបោកពលរដ្ឋមុនបោះឆ្នោតដាក់បេក្ខភាពសម្តេចតេជោ ក្រោយបោះឆ្នោតបែរជាសម្តេចធិបតីឡើងដឹកនាំប្រទេស។ សម្តេចធិបតីបានថ្លែងថា បេក្ខភាពរបស់សម្តេចជានាយករដ្ឋមន្ត្រីបន្តវេនត្រូវបានបង្ហាញតាំងពីមុនពេលបោះឆ្នោត។ លទ្ធផលឆ្នោត បានបង្ហាញថា ពលរដ្ឋពេញចិត្តការដឹកនាំសម្តេច ហើយក៏ពេញចិត្តចំពោះអ្នកបន្តវេនផងដែរ។សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងតបទៅអ្នកនយោបាយនៅបារាំងថា សម្តេចមិនមែនក្មេងមិនទាន់ជ្រុះពន្លីពីក្បាលនោះទេ សក់ស្កូវអស់ហើយ ហើយសម្តេចក៏បងប្រធានាធិបតីបារាំងផងដែរ ៕


ដោយ ៖ វណ្ណលុក