គណបក្សចលនាឆ្ពោះទៅមុខ តែងតាំងមេដឹកនាំថ្មីបណ្ដោះអាសន្នជំនួសលោក ភីតា
ថៃ៖គណបក្សចលនាឆ្ពោះទៅមុខ (MFP) ដែលឈ្នះច្រើនអាសនៈជាងគេក្នុងការបោះឆ្នោតកាលពីថ្ងៃខែឧសភា បានតែងតាំងមេដឹកនាំថ្មីជាបណ្ដោះអាសន្ន មួយសប្តាហ៍បន្ទាប់ពីលោក ភីតា លីមចារ៉នរ៉ាត លាលែងចេញពីតំណែងប្រធានបក្ស។
លោក ឆៃថាវ៉ាត់ ទូឡាតុន(Chaithawat Tulaton) អាយុ ៤៤ ឆ្នាំ ដែលពីមុនជាអគ្គលេខាធិការបក្ស ត្រូវបានបោះឆ្នោតជ្រើសរើសជាប្រធានគណបក្ស MFP ថ្មីកាលពីថ្ងៃសៅរ៍។ នេះបើតាមការចុះផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មាន AFP។
លោក Chaithawat បានប្រាប់អ្នកយកព័ត៌មានថា៖ «នេះគឺជាការរៀបចំឡើងវិញបណ្តោះអាសន្ន។ សម្រាប់ហេតុផលផ្លូវច្បាប់ លោក ភីតា លីមចារ៉នរ៉ាត មិនអាចបំពេញកាតព្វកិច្ចជាមេបក្សប្រឆាំង និងក្លាយជាសមាជិកសភាក្នុងសភានៅពេលនេះ។ ខ្ញុំសុខចិត្តចុះចេញពីតំណែង នៅពេលដែល លោក ភីតា បន្តតំណែងជាសមាជិកសភាម្តងទៀត»។
គួរបញ្ជាក់ថា លោក ភីតា បានបរាជ័យក្នុងការទទួលបានសំឡេងគាំទ្រភាគច្រើនពីសមាជិកសភាទាំងពីរចូលគ្នា ដែលមិនអាចឱ្យលោកក្លាយជានាយករដ្ឋមន្រ្តីថៃបាន។
បន្ថែមពីលើនេះ លោកត្រូវបានផ្អាកមិនឱ្យធ្វើជាសមាជិកសភាកាលពីខែកក្កដា ខណៈពេលរង់ចាំការសម្រេចរបស់តុលាការធម្មនុញ្ញជុំវិញការចោទប្រកាន់ដែលថា លោកជាម្ចាស់ភាគហ៊ុននៅក្នុងក្រុមហ៊ុនប្រព័ន្ធផ្សព្វផ្សាយ iTV ដែលលែងដំណើរការទៅហើយ។ ជាធម្មតា សមាជិកសភាថៃត្រូវបានហាមឃាត់ មិនឱ្យកាន់កាប់ភាគហ៊ុនរបស់ក្រុមហ៊ុនប្រព័ន្ធផ្សព្វផ្សាយក្រោមរដ្ឋធម្មនុញ្ញថៃ។
ទោះជាយ៉ាងណាក៏ដោយ ខណៈ MFP មានមេដឹកនាំថ្មី លោក ភីតា នឹងនៅតែកាន់តួនាទីជាទីប្រឹក្សារបស់បក្ស និងបានប្តេជ្ញាធ្វើដំណើរចុះជួបពលរដ្ឋទៅកាន់ទីផ្សេងៗនៃប្រទេស ក៏ដូចជាជួបជាមួយភាគីពាក់ព័ន្ធអន្តរជាតិ រហូតដល់លោកអាចបន្តជាសមាជិកសភាឡើងវិញ។
លោកបានប្រាប់អ្នកយកព័ត៌មានថា ៖ «ខ្ញុំសុំឱ្យអ្នកគ្រប់គ្នាដែលជឿលើគណបក្សចលនាឆ្ពោះទៅមុខ ឱ្យបន្តជឿជាក់លើយើង»។
គួរជ្រាបថា មេដឹកនាំបក្សថ្មី លោក Chaithawat បានបញ្ចប់ការសិក្សាផ្នែកវិស្វកម្មបរិស្ថាននៅសកលវិទ្យាល័យ។ កាលពីនៅសកលវិទ្យាល័យ លោកបានចូលរួមជាមួយសហព័ន្ធនិស្សិតថៃ រួមជាមួយនឹង លោក Thanathorn Juangroongruangkit ដែលជាមិត្តភ័ក្តិ និងមិត្តរួមថ្នាក់។
លោក Thanathorn និងលោក Chaithawat ស្ថិតក្នុងចំណោមស្ថាបនិកស្នូលនៃគណបក្សអនាគតឆ្ពោះទៅមុខ (FFP) ដែលទទួលបានសំឡេងគាំទ្រក្រាស់ក្រែលដែរក្នុងការបោះឆ្នោតឆ្នាំ ២០១៩ មុនពេលបក្សនេះត្រូវបានរំលាយមួយឆ្នាំក្រោយមក បន្ទាប់ពីតុលាការធម្មនុញ្ញបានកាត់សេចក្តីថា ប្រាក់កម្ចីពីលោក Thanathorn ដល់គណបក្ស បានរំលោភលើច្បាប់បោះឆ្នោត។
យ៉ាងណាមិញ គណបក្សបក្សថ្មី MFP ត្រូវបានបង្កើតឡើងក្រោយមកទៀត ហើយបន្តដំណើរនយោបាយជំនួសបក្ស FFP៕
ប្រែសម្រួល៖ហួន ឌីណា
ប្រភព៖ Thai election winner appoints replacement party leader https://www.channelnewsasia.com/asia/thailand-move-forward-party-pita-limjaroenrat-chaithawat-tulathon-3793526