ប្រធានាធិបតីចិន ​បង្គំគាល់ព្រះករុណាព្រះមហាក្សត្រកម្ពុជា ក្នុងន័យពង្រឹងទំនាក់ទំនងទ្វេភាគី ជាពិសេសគោ​លដៅកសាងសហគមន៍រួម

អត្ថបទដោយ៖
CPA

ភ្នំពេញ៖ ប្រធានាធិបតីចិនឯកឧត្តម​ ស៊ី ជីន​ភីង (Xi Jinping) បាន​ចូលបង្គំគាល់ព្រះករុណាព្រះបាទសម្ដេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជាក្នុងន័យពង្រឹ​ងចំណងមិត្តភាពនិងកិច្ចសហប្រតិបត្តិការទ្វេភាគី​ជា​ពិសេស​ការ​រួមគ្នាសម្រេចគោលដៅកសាងសហគមន៍ជោគ​វាសនារួមកម្ពុជា-ចិន។​

ការចូលគាល់ធ្វើឡើងនៅក្រុង ហាន់ស៊ូ(Hangzhou) នៃខេត្ត Zhejiang ភាគខាងកើតប្រទេសចិន កាលពី​​ថ្ងៃទី២៣ ខែកញ្ញា ឆ្នាំ២០២៣ ក្នុងអំឡុងព្រះមហាក្សត្រ​ខ្មែរ​​យាងចូលរួមក្នុងពិធីបើកការប្រកួតកីឡាអាស៊ីលើកទី១៩ ដែលចិនធ្វើជាម្ចាស់ផ្ទះ។ នេះបើយោងតា​មការចុះផ្សាយរបស់ទីភ្នាក់ងារព័ត៌មានចិនស៊ីនហួរ(Xinhua)។​

តាមរយៈប្រភពដដែល​​ ប្រធានាធិបតីចិនបាន​លើកឡើងថា ទំនាក់ទំនងកម្ពុជា-ចិន បង្ហាញពីគោលកា​រ​ណ៍ការទូតនៃមិត្តភាព ភាពស្មោះត្រង់ផលប្រយោជន៍ទៅវិញទៅមក និងសាមគ្គីភាព ដែលលោកបាន​បញ្ជា​ក់កាលពីមួយទសវត្សរ៍មុន។​

ឯកឧត្តមបន្តថា ៖ «ចិនគាំទ្រកម្ពុជាក្នុងការដើរលើមាគ៌ាអភិវឌ្ឍន៍ដែលសមស្របនឹងលក្ខខណ្ឌជាតិរបស់ខ្លួន រក្សាស្ថិរភាព និងការអភិវឌ្ឍន៍ និងដើរតួនាទីយ៉ាងសំខាន់លើឆាកអន្តរជាតិ និងតំបន់»។​​

យោងតាមការផ្សព្វផ្សាយនៅលើបណ្តាញសង្គមហ្វេសប៊ុក របស់លោក វ៉ាង វេនភីន(Wang Wenbin) អ្នកនាំពាក្យក្រ​សួងការបរទេសចិននៅថ្ងៃទី​២៣ ខែកញ្ញា ​បាន​បញ្ជាក់ថា នៅក្នុងជំនួបនេះឯកឧត្តម ស៊ី ជីនភីង បានថ្លែងថា​ ចិនបានត្រៀមខ្លួនជានិច្ចក្នុងការធ្វើការជាមួយកម្ពុជាដើម្បីសម្រេចគោលដៅកសាងសហគមន៍ជោគ​វា​សនារួមកម្ពុជា-ចិន ខណៈចិនតែងគោរពចំណងមិត្តភាពពិសេសជាមួយ​នឹងរាជវង្សកម្ពុជា ហើយយកចិត្តទុ​កដាក់ជាខ្លាំងលើការអភិវឌ្ឍន៍ទំនាក់ទំនងទ្វេភាគីជាមួយកម្ពុជា។​

យោងតាម​សារ​ព័ត៌មានចិន បាន​លើកឡើងដែរ​​ ព្រះករុណាព្រះបាទសម្ដេចព្រះបរមនាថ នរោត្តម សីហមុ​នី បាន​កត់សម្គាល់ថា ទំនាក់ទំនងប្រទេសទាំងពីរជាទំនាក់ទំនងបងប្អូនដែលបានបង្កើតឡើងតាំងពីជំ​នាន់សម្តេចសីហនុជាមួយមេដឹកនាំចិនជំនាន់មុន។​

ព្រះករុណាមានព្រះបន្ទូលថា ៖ «កម្ពុជាត្រៀមខ្លួនជាស្រេចដើម្បីធ្វើការជាមួយចិនលើកិច្ចសហប្រតិបត្តិការខ្សែក្រវាត់ និងផ្លូវ និងកសាងសហគមន៍ជោគវាសនារួមកម្ពុជា-ចិន​។​ ចិនក្រោមការដឹកនាំរបស់លោក ស៊ី ជី​នភីង នឹងជោគជ័យលើការរៀបចំព្រឹត្តិការណ៍កីឡាអាស៊ីលើ​កទី១៩ នេះ ហើយនឹងចូលរួមចំណែកថ្មីក្នុងការលើកកម្ពស់សាមគ្គីភាព និងមិត្តភាពក្នុងចំណោមប្រជាជនអាស៊ី»​។​

ពាក់ព័ន្ធនឹងបញ្ហានេះលោក ស៊ឺន សម អ្នកជំនាញផ្នែកទំនាក់ទំនងអន្តរជាតិនៃរាជបណ្ឌិត្យសភាកម្ពុជាលើកឡើងថា ជំនួបរវាងប្រធានាធិបតីចិនជាមួយព្រះមហាក្សត្រខ្មែរលើកនេះ ក៏ដូចជាការបង្ហាញការប្តេជ្ញាចិត្តម្តងហើយម្តងទៀតពីថ្នាក់ដឹកនាំចិន ចំពោះការពង្រឹងទំនាក់ទំនងជាមួយកម្ពុជាជាការល្អ និងបង្កើនភា​ពស្និទ្ធស្នាលនឹងគ្នា ហើយជំនួបជាញឹកញាប់ជាការផ្តល់តម្លៃដល់គ្នា ហើយជាបង្កើនចំណងផ្លូវចិត្តរវាងប្រទេ​សទាំង២ ផង។​

លោកប្រាប់ថា ៖ «កម្ពុជាគួរសម្លឹងឃើញចំណុចខ្លាំង និងចំណុចល្អយកមកអភិវឌ្ឍន៍ខ្លួនឯងបន្ថែម ជា​មួ​យ​ទំនាក់ទំនងដែកថែបជាមួយចិននេះ។ ចិនកំពុងមានភាពខ្លាំងក្លាទាំងសេដ្ឋកិច្ច ទាំងយោធា ជាដើម។ ដូ​ច្នេះ ការទាញយកផលប្រយោជន៍ពីចិនជារឿងសំខាន់»​។​

គួរជម្រាប​ថា ​​សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា និងថ្នាក់ដឹកនាំជាន់ខ្ពស់បានទៅបំ​ពេ​ញទស្សនកិច្ចផ្លូវការទ្វេភាគីនៅទីក្រុងប៉េកាំង កាលពី​​ថ្ងៃទី​១៤ ដល់​ថ្ងៃទី​១៦ ខែកញ្ញា ដោយបានជួបពិភាក្សាការងារជាមួយថ្នាក់ដឹកនាំកំ​ពូល​ចិនរួមមាន ​ឯកឧត្តម ស៊ី ជីនភីង ​ដោយបានចុះហត្ថលេខា​លើ​ផែនការ​សកម្មភាព​នៃ​ការកសាង​សហគមន៍​វា​សនា​រួម​កម្ពុជា​-​ចិន ក្នុង​យុគសម័យ​ថ្មី និង​ឯកសារ​មួយចំនួន​ពាក់ព័ន្ធមួយចំនួនទៀតផងដែរ៕

ដោយ៖សំបាន ច័ន្ទដារ៉ា

ads banner