រដ្ឋមន្រ្តីការពារជាតិ ព្រមានចាត់វិធានការយ៉ាងម៉ឺងម៉ាត់ចំពោះទាហានដែលជាប់ពាក់ព័ន្ធគ្រឿងញៀន

អត្ថបទដោយ៖
CPA

ភ្នំពេញ៖ ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងការពារជាតិឯកឧត្តម ទៀ សីហា បានព្រមានចាត់វិធានការយ៉ាងម៉ឺងម៉ាត់តាមផ្លូវច្បាប់ជាធរមានចំពោះទាហានណាក៏ដោយ ដែលជាប់ពាក់ព័ន្ធ និងសេពគ្រឿងញៀន ព្រមទាំងប្រ​ឈមការដកចេញពីក្របខ័ណ្ឌដោយគ្មានការអនុគ្រោះនោះឡើយ។

ការព្រមានធ្ងន់ៗនេះ ធ្វើឡើងនៅពេលដែលលោក បាន​ចុះពិនិត្យមើលវឌ្ឍនភាពនៃការសាងសង់ស្តូបឈ្នះ​ឈ្នះ អន្លង់វែង និងសួរសុខទុក្ខ​ដល់មេបញ្ជាការ មេញ្ជាការរង នាយទាហាន នាយទាហានរង ពលទា​ហាន ដែលកំពុងឈរជើងការពារបូរណភាពទឹកដី នៅទិសយោធភូមិភាគទី៤ ស្ថិតនៅតំបន់ប្រវត្តិសាស្រ្តយោ​ធាភ្នំ២០០ នាស្រុកអន្លង់វែង ខេត្តឧត្តរមានជ័យ កាលពីទី២៣ ខែកញ្ញា ឆ្នាំ២០២៣។ នេះបើតាមក្រសួងការពារជាតិ បានបង្ហាញនៅលើបណ្តាញសង្គមហ្វេសប៊ុក។

ឯកឧត្តម ទៀ សីហា បានបញ្ជាក់ថា ស្របតាមគោលនយោបាយបញ្ចកោណនៃរាជរដ្ឋាភិបាលនីតិកាលទី៧ ដែលដឹកនាំដោយសម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីកម្ពុជាគឺកងទ័ពត្រូវតែមានការកែទម្រង់ ដោយត្រូវធ្វើការហ្វឹកហាត់ ចំណេះជំនាញជាប្រចាំដោយគ្មានការលើកលែងនោះឡើយ ជាពិសេសជំនាញការពារជាតិ មា​តុភូមិ ត្រូវមានកម្លាំងពលំមាំមួន។

ជាមួយគ្នានេះឯកឧត្តមក៏បានព្រមានចាត់វិធានការយ៉ាងម៉ឺងម៉ាត់ចំពោះទាហានណាក៏ដោយ ដែលជាប់ពាក់ព័ន្ធ និងសេពគ្រឿងញៀន នឹងត្រូវដកចេញពីក្របខណ្ឌ ព្រមទាំងចាត់វិធានការតាមផ្លូវច្បាប់ជាធរមានដោ​យគ្មានការអនុគ្រោះនោះទេ។

ឯកឧត្តមសង្កត់ធ្ងន់ថា ៖ «​មួយទៀតចាប់ពីពេលនេះតទៅមុនប្រឡងចូលក្របខណ្ឌកងទ័ពត្រូវតែធ្វើតេស្តគ្រឿងញៀន ឱ្យខាងតែបាន ដោយមុននឹងក្លាយជាក្របខ័ណ្ឌកងទ័ពត្រូវតែពិនិត្យ និងធ្វើតេស្តគ្រឿងញៀ​ននេះយ៉ាងតិចចំនួនបួនដងផងដែរ»។

នាយកទទួលបន្ទុកកិច្ចការទូទៅនៃអង្គការលីកាដូលោក អំ សំអាត នៅថ្ងៃទី២៤ ខែកញ្ញា​ បាន​បង្ហាញការយ​ល់ឃើញដែរ​ថា ការថ្លែងរបស់រដ្ឋមន្រ្តីការពារជាតិថ្មីនេះ គឺជាការតាំងចិត្ត និងការប្តេជ្ញាថ្មីបន្ថែមទៀតទៅលើ​ការទប់ស្កាត់ និងការបង្ក្រាបគ្រឿងញៀន។ ប៉ុន្តែលោកថា បញ្ហាគ្រឿងញៀនេះ ត្រូវផ្តើមចេញពីបុគ្គលនី​មួ​យៗ ជាពិសេសអ្នកអនុវត្តច្បាប់ ត្រូវ​នៅឱ្យឆ្ងាយពីគ្រឿងញៀន ពោលបើសិនជាកងកម្លាំងទាំងអស់ស្ថិតនៅ​ឆ្ងាយពីគ្រឿងញៀន គឺជាការចាប់ផ្តើមមួយក៏មានប្រសិទ្ធភាពនៅក្នុងការទប់ស្កាត់ និងប្រយុទ្ធប្រឆាំងនឹ​ងគ្រឿងញៀន។

សូម​ជម្រាបថា ក្នុងរយៈពេលប្រាំបីខែឆ្នាំ២០២៣ កម្លាំងសមត្ថកិច្ចទាំងនគរបាលជាតិ និងកងរាជអាវុធហត្ថទូ​ទាំងប្រទេសបានបង្ក្រាបករណីជួញដូរ និងប្រើប្រាស់គ្រឿងញៀនបានចំនួន ៥,០៦០ ករណី ដោយបា​នឃាត់ខ្លួនជនសង្ស័យចំនួន១២,៣៥៦នាក់។ក្នុងនោះសមត្ថកិច្ចបានដកហូតសារធាតុញៀន គ្រប់ប្រភេទជាង ២ ៦២៥ គីឡូក្រាម និងកញ្ឆាស្ងួតជាង ៤៣គីឡូក្រាម និងសារធាតុគីមីជាង ៨៣៧គីឡូក្រាម។ នេះបើយោងតាមរបាយការណ៍ស្តីពីលទ្ធផ​លបង្ក្រាបគ្រឿងញៀន នៃយុទ្ធនាការប្រយុទ្ធប្រឆាំងគ្រឿងញៀននៅកម្ពុជា៕

ដោយ៖សុខ រក្សា

ads banner