ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ស្នើដល់សហគ្រិនជាសមាជិកអង្គការមូស្លីម DMDI ពិចារណាចូលមកវិនិយោគលើឧស្សាហកម្មហាឡាលនៅកម្ពុជា
ភ្នំពេញ៖ ឯកឧត្តម ស៊ុន ចាន់ថុល អនុប្រធានទី១ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (CDC ) បានលើកទឹកចិត្ត និងអំពាវនាវដល់សហគ្រិនជាសមាជិកអង្គការមូស្លីម DMDI ទាំងអស់ ក្នុងពិចារណាចូលមកវិនិយោគនៅកម្ពុជា ដោយហេតុថាកម្ពុជាផ្តល់ការលើកទឹកចិត្តខ្ពស់ដល់វិនិយោគិនទាំងអស់ អាចចូលមកវិនិយោគដោយបើកចំហ លើគ្រប់វិស័យ និងដោយគ្មានការរឹតបន្តឹងលើកម្មសិទ្ធិ។
ការថ្លែងរបស់ឯកឧត្តម ស៊ុន ចាន់ថុល នេះ ធ្វើឡើងនៅក្នុងសន្និសីទពិភពម៉ាឡាយូ ពិភពឥស្លាម (DMDI) លើកទី២១ ដែលត្រូវបានរៀបចំនៅកម្ពុជា ដើម្បីរួមចំណែកអភិវឌ្ឍសេដ្ឋកិច្ចសង្គម តាមរយៈការចូលរួមរបស់ប្រតិភូ អ្នកវិនិយោគ និងធុរជនបរទេស ពីបណ្តាប្រទេសជាសមាជិករបស់ DMDI កាលពីថ្ងៃទី២៣ ខែកញ្ញា ឆ្នាំ២០២៣។ នេះបើតាមការប្រកាសដោយក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា។
សន្និសីទពិភពម៉ាឡាយូពិភពឥស្លាម (DMDI) នេះត្រូវបានរៀបចំឡើងដើម្បីចូលរួមអភិវឌ្ឍសេដ្ឋកិច្ចសង្គម តាមរយៈការចូលរួមរបស់ប្រតិភូ អ្នកវិនិយោគ និងធុរជនបរទេស ពីបណ្តាប្រទេសជាសមាជិករបស់ DMDI ដែលក្នុងនោះក៏មានការផ្តោតលើឧស្សាហកម្មហាឡាលនៅកម្ពុជាផងដែរ។
ឯកឧត្តម ស៊ុន ចាន់ថុល បានថ្លែងថា កម្ពុជាក៏មានកម្លាំងពលកម្ម និងជំនាញសុទ្ធសឹងតែជាយុវជនវ័យក្មេង និងប្រកបដោយថាមពល ហើយក្នុងនោះ រាជរដ្ឋាភិបាលបានផ្ដល់ការយកចិត្តទុកដាក់ដល់សហគ្រិនដែលជាស្រ្តីផងដែរ។
ឯកឧត្តមបានបញ្ជាក់កម្ពុជាជាប្រទេសនៅចំណុចកណ្ដាលនៃតំបន់អាស៊ាន និងនៅក្នុងមហាអនុតំបន់ទន្លេមេគង្គ (GMS) ដែលប្រមូលផ្ដុំទៅដោយមនុស្សជាង ៦៥០ លាននាក់ ព្រមទាំងជាសមាជិកដៃគូសេដ្ឋកិច្ច និងកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីផ្សេងៗទៀត ហើយសំខាន់ជាងនេះគឺការកសាងហេដ្ឋារចនាសម្ព័ន្ធតភ្ជាប់សំខាន់ៗទាំងក្នុងប្រទេស តភ្ជាប់ទៅប្រទេសជិតខាង និងទៅកាន់ពិភពលោក គឺសុទ្ធសឹងតែផ្ដល់បរិយាកាសល្អដល់វិនិយោគិនឱ្យចូលមកវិនិយោគនៅកម្ពុជា។
អ្នកឧកញ៉ា លឹម ហេង អនុប្រធានសភាពាណិជ្ជកម្មកម្ពុជាបានប្រាប់ឱ្យដឹងនៅថ្ងៃទី២៤ ខែកញ្ញាថា ខាងវិស័យឯកជនកម្ពុជា តែងតែស្វាគមន៍ជានិច្ចចំពោះអ្នកវិនិយោគមកពីគ្រប់ទិសទីដោយរាជរដ្ឋាភិបាលកម្ពុជា បានបើកទូលាយចំពោះការវិនិយោគដោយមិនប្រាកដជាតិសាសន៍នោះឡើយ។
អ្នកឧកញ៉ាបានបញ្ជាក់ថា ៖ «នៅកម្ពុជាមានបងប្អូនមូស្លីមច្រើនគួរសមដែរ ដោយពួកគាត់ត្រូវបានការយកចិត្តទុកដាក់យ៉ាងខ្លាំងពីរាជរដ្ឋាភិបាលយើង។ ខ្ញុំយល់ថា បើមានការវិនិយោគលើឧស្សាហកម្មហាឡាលនៅកម្ពុជាកាន់តែច្រើន ជាការល្អ ព្រោះថា នេះការបង្កលក្ខណៈងាយស្រួលដល់បងប្អូនមូស្លីម ជាពិសេសការវិនិយោគលើការនាំចូលគ្រឿងឧបភោគបរិភោគ និងការផលិតចំណីអាហារដែលមានស្លាកសញ្ញាហាឡាល់»។
សូមជម្រាបថា ពិភពម៉ាឡាយូ ពិភពឥស្លាម Dunia Melayu Dunia Islam(DMDI) ជាអង្គការមិនមែនរដ្ឋាភិបាល បង្កើតឡើងក្នុងឆ្នាំ ២០០០ នៅប្រទេសម៉ាឡេស៊ី ក្នុងគោលបំណងដើម្បីពង្រឹងសាមគ្គីភាពរវាងបណ្តាប្រទេសសមាជិក និងប្រជាជនមុស្លីមម៉ាឡេ ពិសេសពាណិជ្ជករ ដូចជាការលើកកម្ពស់កិច្ចសហប្រតិបត្តិការលើគ្រប់វិស័យ និងអភិវឌ្ឍក្នុងចំណោមប្រជាជនមុស្លីមម៉ាឡេ ជាមួយប្រជាជនប្រទេសផ្សេងៗ ដើម្បីជំរុញវឌ្ឍនភាព និងការអភិវឌ្ឍលើវិស័យជាច្រើន។
វិស័ទាំងនោះ មានដូចជា សេដ្ឋកិច្ច, អភិវឌ្ឍន៍សហគមន៍, អប់រំ យុវជន និងកីឡា, វិទ្យាសាស្ត្រ និងបច្ចេកវិទ្យា, វប្បធម៌ចម្រុះ, ឃោសនាអប់រំឥស្លាម, អភិវឌ្ឍន៍ស្ត្រី, ទេសចរណ៍ សុខភាព និងអនាម័យ និងព័ត៌មានវិទ្យា។
កាលពីឆ្នាំ២០១២ កម្ពុជាត្រូវបានបញ្ចូលជាសមាជិក ហើយអង្គការនេះមានសមាជិកចំនួន ២២ ប្រទេសផ្សេងទៀតរួមមាន ថៃ សឹង្ហបុរី ម៉ាឡេស៊ី ចិន ឥណ្ឌូនេស៊ី អារ៉ាប៊ីសាអ៊ូឌីត ព្រុយណេ ហ្វីលីពីន ទីម័រខាងកើត អង់គ្លេស ម៉ាដាហ្គាស្ការ អូស្ត្រាលី អាហ្វ្រិកខាងត្បូង អេហ្ស៊ីប ហូឡង់ ម៉ាល់ឌីវ បង់ក្លាដែស កាណាដា បូស្នៀហឺហ្សេហ្គោវីណា នូវែលសេឡង់ ស្រីលង្កា និងស៊ូរីណាម៕
ដោយ៖វណ្ណ សុជាតា

