ក្រសួងធនធានទឹកប្រកាសឱ្យពលរដ្ឋនៅតំបន់មាត់សមុទ្រ ត្រូវបង្កើនការប្រុងប្រយ័ត្ន ពីព្រោះនឹងមានខ្យល់បក់បោកខ្លាំងនៅលើផ្ទៃសមុទ្រ
ភ្នំពេញ៖ក្រសួងធនធានទឹក និងឧតុនិយមបានប្រកាសឱ្យពលរដ្ឋ និងអ្នកនេសាទដែលនៅតំបន់មាត់សមុទ្រ ត្រូវបង្កើនការប្រុងប្រយ័ត្នឱ្យបានខ្ពស់ដោយសារកម្ពុជានឹងមានខ្យល់បក់បោកខ្លាំងនៅលើផ្ទៃសមុទ្រ ចាប់ពីថ្ងៃទី២៧ ដល់ថ្ងៃទី៣០ ខែកញ្ញាខាងមុខនេះ។
យោងតាមសេចក្ដីប្រកាសរបស់ក្រសួងធនធានទឹកនិងឧតុនិយម ថ្ងៃទី២៤ ខែកញ្ញានេះថា កម្ពុជា បានទទួលរងឥទ្ធិពលពីប្រព័ន្ធសម្ពាធទាប ស្ថិតក្នុងសមុទ្រចិនខាងត្បូង ដែលរំកិលចូលមកតំបន់ព្រំប្រទល់កម្ពុជា-ឡាវ រួចបន្តដំណើរពីកើតមកលិច ស្របជួរភ្នំដងរែក។ លក្ខណៈបែបនេះ នឹងធ្វើឱ្យតំបន់ខ្ពង់រាបភាគឦសាន ខ្ពង់រាបភាគខាងជើង និងតំបន់ទំនាបកណ្ដាលភាគពាយ័ព្យ អាចមានភ្លៀវធ្លាក់ពីបង្គួរទៅច្រើន ចាប់ពីថ្ងៃទី២៦ ដល់ថ្ងៃទី២៨ ខែកញ្ញា ឆ្នាំ២០២៣។ ចំណែកឯតំបន់មាត់សមុទ្រ ក្រសួងបន្តថា អាចនឹងមានភ្លៀងធ្លាក់ក្នុងបង្កួរទៅច្រើន លាយឡំជាមួយខ្យល់កន្ត្រាក់ និងមានខ្យលបក់បោកខ្លាំង រលកខ្ពស់ៗនៅលើផ្ទៃសមុទ្រផងដែរ។
ប្រភពដដែលបន្តដោយការដាស់តឿនថា ៖ «សូមអាជ្ញាធរដែនដី បងប្អូនប្រជាពលរដ្ឋដែលរស់នៅតំបន់ខាងលើ ព្រមទាំងបងប្អូនប្រជានេសាទ និងអ្នកធ្វើដំណើរនៅតាមសមុទ្រទាំងអស់ សូមបង្កើនការប្រុងប្រយ័ត្នខ្ពស់ដើម្បីចៀសវាងនូវគ្រោះថ្នាក់ផ្សេងៗ ដែលអាចកើតមានឡើងជាយថាហេតុ»។
លោក ឡុង ឌីម៉ង់ អភិបាលរងខេត្តព្រះសីហនុ បានឱ្យដឹងថា ពាក់ព័ន្ធនឹងស្ថានភាពអាកាសធាតុ ឬការប្រកាសអាសន្ន អាជ្ញាធរខេត្តតែងតែយកចិត្តទុកដាក់ជាប់ជាប្រចាំពីអាកាសធាតុនេះ។
លោកបន្តថា ដោយសារព្រះសីហនុជាខេត្តតំបន់មាត់សមុទ្រ តំបន់កោះ ដែលកន្លងមកប្រជាពលរដ្ឋ អាស្រ័យផលលើការនេសាទ ងាយរងគ្រោះដោយសារបញ្ហាខ្យល់កន្ត្រាក់ ដូច្នេះអាជ្ញាធរខេត្ត បានណែនាំឱ្យត្រូវបង្កើនការប្រុងប្រយ័ត្នខ្ពស់លើកត្តាធម្មជាតិនេះ។
លោក ឡុង ឌីម៉ង បញ្ជាក់ថា ៖ «យើងតែងតែផ្សព្វផ្សាយស្ថានភាពអាកាសជូនប្រជាពលរដ្ឋ និងត្រៀមគ្រប់មធ្យោបាយទាំងអស់ក្នុងការជួយសង្គ្រោះ ក៏ដូចជានៅតាមតំបន់កោះផងដែរ។ ហើយសម្រាប់ប្រជានេសាទ គឺយើងតែងតែផ្សព្វផ្សាយជាប្រចាំ ជាពិសេសត្រៀមនូវសម្ភារៈសង្គ្រោះ និងដាក់កម្លាំងមន្ត្រីសម្រាប់ជួយសង្គ្រោះជាដើម»។
ដោយឡែកឯកឧត្តម សោម ពិសិដ្ឋ អភិបាលខេត្តកែប ក៏បានឱ្យដឹងដែរថា រាល់ពេលការជូនដំណឹងរបស់ក្រសួងធនធានទឹក គឹលោកតែងតែណែនាំជាប្រចាំទៅដល់អាជ្ញាធរពាក់ព័ន្ធ ក៏ដូចជាប្រជាពលរដ្ឋ ត្រូវបង្កើនការប្រុងប្រយ័ត្នឱ្យបានខ្ពស់ទាក់ទងនឹងការប្រែប្រួលអាកាសធាតុ ជាពិសេសណែនាំឱ្យកងកម្លាំងគ្រប់លំដាប់ថ្នាក់ទាំងអស់ ត្រៀមសម្ភារៈសង្រ្គោះដើម្បីឆ្លើយតបទៅនឹងគ្រោះធម្មជាតិនេះ។
ឯកឧត្តមបានថ្លែងថា ៖ «សូមបងប្អូនប្រជានេសាទភ្ញៀវទេសចរ និងអ្នកនៅតាមបណ្ដាកោះនានា ត្រូវមានការប្រុងប្រយ័ត្នក្នុងការធ្វើដំណើរតាមផ្លូវទឹកខាងមុខនេះ។ ប្រសិនជាមានស្ថានភាពធ្ងន់ធ្ងរ យើងនឹងប្រកាសឱ្យផ្អាកការធ្វើដំណើរតាមផ្លូវទឹក ដូចជា ទូកទេសចរណ៍ និងការធ្វើនេសាទជាដើម»៕
ដោយ៖ជា សុខនី
